Friday, April 26, 2024
Homeព័ត៌មានជាតិបងនិងកូនរស់នៅស្រួលហើយ ៣ខែមកនេះ ហេតុអីបានជាអូនវិលវិញ?

បងនិងកូនរស់នៅស្រួលហើយ ៣ខែមកនេះ ហេតុអីបានជាអូនវិលវិញ?

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានបុរសជាប្តីអះអាងថា បានរត់ចោលប្តីនិងកូនតូចរបស់ខ្លួន អស់រយៈពេល៣ខែមកហើយ ស្រាប់តែនៅសុខៗវិលត្រឡប់មកវិញ ព្យាយាមទាមទារដណ្តើមយកកូនទៅនៅជាមួយ តែត្រូវបុរសជាប្តីមិនព្រមឱ្យ ក៏ធ្វើឱ្យកើតជាជម្លោះបែកផ្សែង។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ភាគីបុរសជាប្តី មានឈ្មោះមីន មៃហ៊ាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជ្រោយមេត្រី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសម្ផស្ស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅគេចពីប្តី ស្នាក់នៅម្តុំផ្សារបឹងកេងកង ខណ្ឌបឹងកងកង។

តាមប្រភពព័ត៌មានពីបុរសជាប្តី ឱ្យដឹងថា គាត់បានយកគ្នាជាប្តីប្រពន្ធ រយៈពេល ១២ឆ្នាំ មកហើយ មានកូនប្រុសស្រី ៣នាក់ ដោយកាលណោះ ប្តីប្រពន្ធនិងកូនៗគាត់ រស់នៅប្រទេសម៉ាឡេស៊ី ក្រោយមក នៅចុងឆ្នាំ២០១៩ គាត់បានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ពេលមកដល់ គាត់ជាប្តីក៏ទៅធ្វើការជាកម្មករសំណង់បាត់ៗពីផ្ទះ ក្រោយមកប្រហែល៣ខែមុន នៅថ្ងៃដែលស្ត្រីជាប្រពន្ធ រត់ចោលគាត់ ពេលនោះពួកគាត់ទាំងពីរនាក់ ហូបបាយជាមួយគ្នា រួចស្រាប់តែបាត់ប្រពន្ធរហូត គាត់បានស្វះស្វែងរកដោយខ្លួនឯង និងប្រកាសតាមប៉ុស្តិ៍វិទ្យុ ស្វែងរក ក៏នៅតែមិនឃើញ។

បុរសជាប្តី បន្តថា លុះដល់ព្រឹកកើតហេតុ ខណៈគាត់បានទៅធ្វើការសំណង់ ដូចរាល់ថ្ងៃ ស្រាប់តែប្រពន្ធរបស់គាត់បានទៅលួចកូនស្រី អាយុ២ឆ្នាំម្នាក់ ដាក់កង់បី ចេញពីផ្ទះទៅភ្នំពេញ បាត់ ហើយដោយដំណឹងនេះ ម្តាយរបស់គាត់ ជាអ្នករត់ទៅប្រាប់គាត់ដល់កន្លែងធ្វើសំណង់តែម្តង។ ភ្លាមៗ នោះគាត់ជាប្តីក៏ទៅខ្ចីម៉ូតូ មួយគ្រឿង ពីមិត្តភក្តិ ជិះតាមកង់បីពីមុខកំពូល រហូតដល់គល់ស្ពានជ្រោយចង្វា ត្រើយខាងលិច ក៏ប្រទះឃើញប្រពន្ធនិងកូនកំពុងនៅលើកង់បី ក៏ឈប់ម៉ូតូ ស្ទុះទៅប្រតាយប្រតប់ដណ្តើមកូនស្រីមកវិញ តែស្ត្រីជាប្រពន្ធ ដណ្តើមមកវិញ ប្រទាញប្រទង់គ្នា ទីបំផុតក៏ប្រពន្ធយកកូនឡើងកង់បី ជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ ដោយសារតែប្រពន្ធបាននាំយកកូនស្រីទៅបាត់ទៅហើយ ទើបធ្វើឱ្យបុរសជាប្តី បានត្រឹមអស់សង្ឃឹម ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES