Friday, April 26, 2024
Homeនយោបាយយុវជនអតីតបក្សប្រឆាំងថា ក្រុមសម រង្ស៊ី សូត្រទ្រឹស្ដីមាតុភូមិនិវត្តន៍ រត់មាត់ដូចកំណាព្យ

យុវជនអតីតបក្សប្រឆាំងថា ក្រុមសម រង្ស៊ី សូត្រទ្រឹស្ដីមាតុភូមិនិវត្តន៍ រត់មាត់ដូចកំណាព្យ

ភ្នំពេញ ៖ យុវជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា ក្រុមលោកសម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ សូត្រទឹ្រស្ដីមាតុភូមិនិវត្តន៍ រត់មាត់ដូចសូត្រកំណាព្យ ប៉ុន្តែជារឿងអស់សំណើច ព្រោះឮគម្រោងមាតុនិវត្តន៍នេះ សូត្ររាប់សិបដង និងរាប់ឆ្នាំមកហើយ តែការពិតមិនឃើញមក។

លោកហ៊ុន កុសល អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ថា “រឿងអស់សំណើច សូត្រទ្រឹស្តីមាតុភូមិនិវត្តន៍ សូត្ររហូតរត់មាត់ដូចកំណាព្យទៅហើយ។ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ឮគម្រោងមាតុនិវត្តន៍នេះ សូត្ររាប់សិបដង និងរាប់ឆ្នាំមកហើយ។ គណបក្សប្រជាជន ជាធម្មតាគេមិនដែលខ្វល់ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទេ កុំថាឡើយរឿងនយោបាយ សូម្បីតែការដឹកនាំមិនត្រឹមត្រូវ បង្កភាពអយុត្តិធម៌ បង្កភាពឈឺចាប់ដល់ប្រជាពលរដ្ឋជាច្រើន បន្តបន្ទាប់ជាច្រើនទសវត្សរ៍មកហើយនោះ ក៏គណបក្សប្រជាជន មិនអើពើចាប់អារម្មណ៍ផង។

ល្បែងសូត្រទ្រឹស្តីមាតុភូមិនិវត្តន៍អស់លោក ដើម្បីបង្ហាញឲ្យឃើញថា គណបក្សប្រជាជន ឬលោកហ៊ុន សែន អន់ កំសាក ឬចង់បង្ហាញឲ្យឃើញថា ខ្លនជាអ្នករងគ្រោះព្រោះលោក ហ៊ុន សែន បិទមិនឲ្យចូលប្រទេសនោះ គឺជាគំនិតនិងស្មារតីក្មេងយំទារនំ នៅពេលស្រេកឃ្លានប៉ុណ្ណោះ ដូច្នេះវាគ្មានអ្វីរង្គើដល់ក្រុមលោកហ៊ុន សែន ទេ។ ហត់ហេវ ស្រេកឃ្លាននំ ទារនំពីក្រុមព្យាយាមបំផ្លាញអស់លោកនោះ នំនោះគេមិនឲ្យទេ ហើយគេបោះចោលដែរ ប៉ុន្តែគេប្រើដើម្បីបញ្ឆោតអ្នក។

លោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ

យ៉ាងណាមិញ ល្បែងសូត្រទ្រឹស្តីមាតុភូមិនិវត្តន៍នេះ កាន់តែលេង គណបក្សប្រជាជន កាន់ចំណេញ ព្រោះជាល្បែងដែលគេពេញចិត្តនឹងលេង លេងរហូតដល់ក្រុមលោកសម រង្ស៊ី ខ្សោះពីខ្លួន។ តាមច្បាប់ធម្មជាតិ វាមិនដែលក្រឡាស្ថិតនៅក្នុងដំណាក់កាលថយមិនកើត ទៅមុខមិនបាន ឡើងលើមិនរួច ចុះក្រោមអត់ផ្លូវ ងាកចំហៀងរើខ្លួនមិនបាន ប៉ុន្តែបន្តបម្រះនោះ គឺមិនអាចរើខ្លួនរួចទេ បើគ្មានអ្នកជួយសណ្ដោង ព្រោះនេះជាផលកម្មដែលអស់លោកសាងឡើងដោយខ្លួនឯង ដើរដោយសេចក្តីប្រមាទធ្វេសប្រហែស ចរិតក្រអឺតក្រទម មាក់ងាយអ្នកមានគំនិត លើកតម្កើងមនុស្សនិយាយច្រើនពោរពេញដោយសម្ដីអសុរោះដូចដើរអាក្រាតកាយ។ជាន់ឈ្លីប្រមាថមើលងាយវិធីគិតរបស់ក្រុមបញ្ញវន្ត ជាតំណមដ៏ធំរបស់អ្នកនយោបាយ។ ជាមនុស្សគ្មានអ្វីដែលលិចលង់ជ្រៅជាងប្រមាថជាន់ឈ្លីបញ្ញាជន លើកតម្កើងពាលទេ»។

លោកហ៊ុន កុសល សរសេរបន្តថា «ពេលចាំបាច់បំផុត ដើម្បីការពារប្រធានបក្ស និងការពារគណបក្សទាំងមូល កុំឲ្យគេរំលាយបាន អស់លោកបែរជានិយាយផ្គើន ជំរុញឲ្យគេរំលាយ និងជំរុញឲ្យកម្លាំងស្នូលរបស់គណបក្ស រត់ចោលបន្ទាយ។ នៅពេលកម្លាំងស្នូល រត់បែកខ្ញែកទៅនៅក្រៅបន្ទាយ កម្លាំងចុះខ្សោយ ស្ថិតនៅក្នុងជ្រលងគ្រោះថ្នាក់ បែរជាប្រើតែសង្រ្គាមពាក្យសម្ដីប៉ប៉ាច់ប៉ប៉ោច រកអ្វីពិតប្រាកដគ្មាន។ គ្មានមេដឹកនាំកម្លាំងតស៊ូណា ឲ្យកម្លាំងស្នូល រត់ចោលសមរភូមិ រួចប្រកាសជ័យជម្នះដូចលោកសម រង្ស៊ី ទេ វាខុសពីការពិតពេកណាស់។ ដឹងថាការតស៊ូនៅក្នុងសមរភូមិ វាសំខាន់ ប៉ុន្តែនៅតែរត់ចោលសមរភូមិ យករួចខ្លួន។

រឿងកាន់តែអស់សំណើច និងគ្មានការអៀនខ្មាសសោះនោះ គឺពេលប្រធានបក្ស ជាប់គុក បែរជាថា ជាប់គុកឥតប្រយោជន៍, ពេលប្រធានបក្សឡើងតតាំងក្តីនៅតុលាការ ចោទប្រកាន់ប្រធានបក្សថា លេងល្បែងហ៊ុន សែន ជាមួយតុលាការតេឡេ ប៉ុន្តែទីបំផុតប្រកាសចង់ឲ្យគេចាប់ខ្លួនយកដាក់គុក ឬឡើងតុលាការ តតាំងក្តីជាមួយតុលាការតេឡេដែរ។ បើរត់តាមក្រោយលោកកឹម សុខា ដដែល ម្តេចបើកយុទ្ធនាការវាយប្រហារលោកកឹម សុខា សម្បើមម្ល៉េះ អំឡុងពេលលោកឡើងតតាំងក្តី មិនចេះខ្មាសអ្នកតាមដាននយោបាយច្បាស់លាស់ទេឬ? សកម្មភាពភាគីចុងក្រោយនេះ រត់តាមក្រោយលោកប្រធាន កឹម សុខា ទាំងស្រុង ប៉ុន្តែបែរមិនប្រកាសគាំទ្រលោកកឹម សុខា។

លោកហ៊ុន កុសល អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ

យុទ្ធសាស្រ្ត ជាកិច្ចការងារសម្ងាត់បក្ស ឬក្រុម ប៉ុន្តែភាគីលោក សម រង្ស៊ី យកយុទ្ធសាស្រ្តមកអួតតាមបណ្តាញផ្សព្វផ្សាយ សូម្បីតែនាងៗដែលអង្គុយជេរ និងនិយាយបែកពពុះមាត់ ក៏អាចអួតពីយុទ្ធសាស្រ្តរបស់លោកសម រង្ស៊ី អេង ឆៃអ៊ាង បានដែរ តើមានអាថ៌កំបាំងទៀតនោះ»។

គួរបញ្ជា្កក់ថា ការលើកឡើងរបស់អតីតយុវជននៃអតីតបក្សប្រឆាំង ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីមួរ សុខហួរ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រុមលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង បានប្រកាសពន្យារពេលមាតុភូមិនិវត្តន៍ ដែលគ្រោងធ្វើនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នោះ ទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ ដោយអះអាងថា ព្រោះបញ្ហាជើងយន្តហោះផ្អាកការហោះហើរ តែការយកហេតុផលនេះ ត្រូវបានអតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ លោកហ៊ុន កុសល​ ថា ជាការបោកប្រាស់មួយតង់ទៀត ចំណែកមជ្ឈដ្ឋានមួយចំនួនយល់ថា ផែនការមាតុភូមិនិវត្តន៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នោះ ក៏ទំនងជាផែនការខ្យល់ផងដែរ ខណ:អ្នកនាំពាក្យបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា បាននិយាយទុកមុន​តាំងពីមុនពេលលោកស្រីមួរ សុខហួរ ប្រកាសពន្យារពេលគម្រោងមាតុភូមិនិវត្តន៍ ០៤ មករា ឆ្នាំ២០២១ នោះម៉្លេះថា លោកស្រីមួរ សុខហួរ មិនហ៊ានចោលសណ្ឋាគារ​នៅអាមេរិក​ មកដេកគុកនៅកម្ពុជា នោះទេ៕

RELATED ARTICLES