អូស្ត្រាលី ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកអែនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការ ងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ លោកអែនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមក នៅ ក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា ៖ “កម្ពុជា គឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជា នៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។
ជាការឆ្លើយតប សម្ដេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងបានជម្រាបជូនលោកអែនថូនី អាល់បានីស៊ី ថា ៖ “កម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិ សេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រនិងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន ៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។
ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចហ៊ុន ម៉ាណែត បានជម្រាបជូនលោក នាយករដ្ឋមន្ត្រីអូស្ត្រាលី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានដូចជា ៖ វិស័យពាណិ ជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។ សម្តេច ក៏បានបញ្ជាក់ថា សម្តេច បានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី កាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់ សម្តេចហ៊ុន ម៉ាណែត បានអញ្ជើញលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ នាពេលអនាគត។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយកការអញ្ជើញរបស់សម្តេចហ៊ុន ម៉ាណែត ដើម្បីធ្វើទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាពេលសមស្របខាងមុខ ៕ ខៀវទុំ