Friday, April 26, 2024
Homeតារាខ្មែរសុគន្ធ និសា មានសង្ឃឹមទទួលបានកាដូប៉ះប៉ូវផ្លូវចិត្តដែរឬទេ?

សុគន្ធ និសា មានសង្ឃឹមទទួលបានកាដូប៉ះប៉ូវផ្លូវចិត្តដែរឬទេ?

ការចាកចេញពីហង្សមាស របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ បានបន្សល់នូវតំណែង៣ ដែលទំនេរមិនទាន់មានអ្នកចូលទៅកាន់កាប់នោះ គឺជាគ្រូបង្វឹក និងគណៈកម្មការកម្មវិធី “Cambodian Idol”, “The Voice Kids Cambodia” និង “Cambodian Idol Junior” ហើយត្រូវបានអ្នកជំនាញសិល្បៈបានលើកឡើងថា បើសិនជាហង្សមាស ចង់លើកខេមរៈ សិរីមន្ដ ឲ្យស្នង ឬទៅប្រជែងកុំឲ្យចាញ់ព្រាប សុវត្ថិ នោះ តំណែងទាំង៣ខាងលើ ហង្សមាស នឹងប្រគល់ឲ្យលោកសិរីមន្ត ទាំងអស់ជាមិនខាន។

ប៉ុន្ដែផ្ទុយពីការលើកឡើងបែបនេះ ព្រោះអ្នករៀបចំប្រគំតន្រ្ដីមួយចំនួន នៅហង្សមាស និយាយដោយមិនបញ្ចេញឈ្មោះនោះថា តំណែងដែលនៅសល់ពីការដើរចេញរបស់ព្រាប សុវត្ថិ ទាំង៣នោះ ក៏ត្រូវបានថ្នាក់ដឹកនាំហង្សមាស កំពុងតែពិចារណាទៅលើតារាចម្រៀងស្រីល្បីឈ្មោះ២ដួង របស់ហង្សមាស ផងដែរនោះ គឺសុគន្ធ និសា និងពេជ្រ សោភា មិនមែនគេប្រគល់ឲ្យសិរីមន្ដ ទាំងអស់នោះទេ ។

ដោយឡែក លោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីThe Voice Kids Cambodia បានឲ្យដឹងថា ទោះជាកម្មវិធីនោះបានផ្សព្វផ្សាយពីរដូវកាលថ្មីមែន តែមិនទាន់កំណត់ថា នឹងចាប់ផ្ដើមដំណើរការពេលណាឡើយ ព្រោះទាល់តែចាំឲ្យស្ងាត់កូវីដ ហើយរដ្ឋាភិបាល បើកឲ្យដំណើរការឡើងវិញសិន ទើបអាចរៀបចំបាន។

អ្នកដឹកនាំកម្មវិធីលំដាប់ពិភពលោករូបនេះ បានបញ្ជាក់ថា ចំពោះការដាក់អ្នកណាទៅជំនួសតំណែងព្រាប សុវត្ថិ នោះ ខាងលោកមិនទាន់បានគិតគូរដល់រឿងនេះឡើយ។

សុគន្ធ និសា មិនទាន់ត្រូវបានថៅកែហង្សមាស ផ្ដល់ការលួងចិត្តណាមួយដល់នាងឡើយ តាំងពីនាងត្រូវបានបញ្ឈប់តំណែងជាគ្រូបង្វឹក “The Voice Kids Cambodia” រដូវកាលទី២មក តែនិសា ថា នាងមិនមែនត្រូវគេដកទេ គឺសុំឈប់ខ្លួនឯង ព្រោះមិនមានពេលគ្រប់គ្រាន់។

យ៉ាងណា និសា ទទួលស្គាល់ថា ការបាត់មុខនាងពីកម្មវិធីនោះ គឺពិតជាប៉ះពាល់ខ្លះៗដល់នាងមែន ព្រោះតែអ្នកខ្លះថា នាងធ្វើការងារនោះមិនកើត។

សុគន្ធ និសា ក្រៅពីមានដំណឹងថា អាចនឹងបានតំណែងធំណាមួយ ដើម្បីប៉ះប៉ូវឡើងវិញនោះ នាងក៏ត្រៀមពពោះកូនដំបូង នៅឆ្នាំ២០២១នេះដែរ បន្ទាប់ពីបានដឹកដៃអាណិកជនខ្មែរ មកពីអាមេរិក លោកចៅ សម្បត្តិ  រៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧៕

RELATED ARTICLES