ភ្នំពេញ៖បទ”មុខប៉ោងបានCute “ ត្រូវបានក្រុមMMO ច្នៃទៅជាបទ”ក្ដិ…ត ប៉ោងបានCute “នោះម្ចាស់បទតារាចម្រៀងសាន់ដេនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា ធ្លាប់បានធ្វើការព្រមានផេកដល់ទៅ៣ដែលយកបទនាងទៅបំភ្លៃទាំងចំណងជើងនិងអត្ថន័យនាំឲ្យអ្នកដែលមិនបានសា្ដប់អត្ថន័យបទដើមនាងមានការយល់ច្រឡំ ដោយស្រីនាថ ថាបើសិនជាផេក ទាំងនោះមិនលុបចេញទេនាងនឹងចាត់ការទៅតាមផ្លូវច្បាប់។ផេកទាំង៣ដែលយកបទអ៊ីវ៉ា ទៅច្នៃជាចំណងជើងនិងខ្លឹមសារបទចម្រៀងទៅជាពាក្យអសុរសនិងអាសអាភាសនោះមានឈ្មោះ Be Lucky ,Zenly និងRitth ហើយពេលនេះផេកខ្លះគេឆែកមើលនៅឃើញនៅឡើយបើទោះជាស្រីនាថ បានព្រមានផង ជូនដំណឹងផងថាបើមិនលុបចោលការច្នៃបទនាងមួយនេះទេនឹងចាត់ការតាមប្រព័ន្ធច្បាប់តាំងពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៤ ក្ដី ។
ទាក់ទងរឿងខាងលើថ្មីៗនេះលោកលី សេងហួរ សង្សារអ៊ីវ៉ា និងជាម្ចាស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត វិញក៍នៅមិនសុខពេលឃើញគេធ្វើបាបសង្សាររបស់ខ្លួនដែរ ហើយលោកបានសំណូមពរឲ្យអ្នកលេងបណ្ដាញសង្គមកុំយកបទដែលគេច្នៃខុសពីខ្លឹមសារដើមនេះទៅShare និងផុសបន្ដទៀតអី ។លោកសេងហួរ ថ្លែងថា”សូមបងប្អូនកុំមានការយល់ច្រឡំបទដើមមានចំណងជើងថា”មុខប៉ោងបានCute “ ហើយវីដេអូនេះមានការកាត់ត និងបញ្ចូលសម្លេងថែមថយ ធ្វើឲ្យខុស ពីបទដើមទាំងស្រុង។ហេតុនេះសូមបងប្អូនកុំធ្វើការShare និងPost នេះឲ្យសោះ”។
ជាមួយគ្នានេះដែរលោកលី សេងហួរ បានធ្វើការរំលឹកនិងដាស់តឿនថាការដែលបងប្អូនចែកចាយ បទត្រូវគេកែច្នៃនេះទើបលោកដឹងថាបងប្អូនទាំងនោះខ្វះការពិចារណា ស្វែងយល់ ឆាប់ជឿរ ឲ្យគេកុហក់បោសប្រាសបានដោយងាយ ព្រោះគ្រាន់តែវីដេអូ កាត់ត បន្ថែមបន្ថយអក្សរ បញ្ចូលសម្លេងខ្លះ ក៍មិនស្វែងយល់ឲ្យបានច្បាស់ប្រភពដើមជាមុនទេ ចាំធ្វើការចែករំលែក ហេតុនេះលោកថាពិតជាអាសូរបងប្អូនទាំងនោះណាស់។លោកថាអ្នកកាត់តទៅវាខុស តែអ្នកចែករំលែកទាំងអស់នោះខ្វះចំណេះដឹងខ្លាំងណាស់ ។គូដណ្ដឹងអ៊ីវ៉ា រូបនេះបន្ថែមទៀតថាសូមឲ្យបងប្អូនចែករំលែកអ្វីមួយគួរស្វែងរកប្រភពឲ្យបានច្បាស់លាស់ និងគិតពីផលប៉ះពាល់អ្នកដ៍ទៃ និងសង្គមជាតិយើងផង។
តាមរយៈការបញ្ចេញយោបល់របស់លោកលី សេងហួរ ទៅលើក្រុមយកបទរបស់អ៊ីវ៉ា ទៅកាត់ត ច្នៃទៅជាអត្ថន័យផ្ទុយពីពីខ្លឹមសារដើមនេះបញ្ជាក់ថាលោកហួរ ពិតជាយកចិត្តទុកដាក់ដល់សង្សារលោកខ្លាំងណាស់ ហើយលោកក៍មិនចង់ឃើញគេធ្វើបាបមនុស្សជាទីស្រលាញ់របស់លោកនាំឲ្យប៉ះពាល់កិត្តិយសនាងដែរ ។ប៉ុន្ដែលោកសេងហួរ មិនបានធ្វើការព្រមានក្រុមMMO តាមរយៈការចាត់ការប្ដឹងជនទាំងនោះប្រសិនបើពួកគេមិនលុបវីដេអូនោះចេញទេ តែលោកបានស្នើសុំកុំឲ្យអ្នកលេងបណ្ដាញសង្គមធ្វើការចែករំលែកនិងផុសបន្ដទៀតប៉ុណ្ណោះ។ចំពោះតារាចម្រៀងអ៊ីវ៉ា វិញពេលនេះមិនទាន់មានចំណាត់ការថ្មីឬជូនដំណឹងទៅអ្នកយកបទចម្រៀងរបស់នាងទៅកែច្នៃនោះទេ ទើបសង្សារនាងចេញមុខជំនួសនាងម្ដង។
ម្ចាស់ស្នេហ៍របស់អ៊ីវ៉ា លោកលី សេងហួរ មិនត្រឹមតែសុំអ្នកលេងបណ្ដាញសង្គមឈប់ចែកចាយបទរបស់បណ្ដូលចិត្តរបស់លោកខុសពីចំណងជើង និងប៉ារ៉ូលដើមនោះទេ ប៉ុន្ដែលោកហួរ ក៍បានដាស់តឿន សង្សារនិងជនទាំងឡាយដែលនិយមសំញ៉ែងគ្រឿងអលង្ការជ្រែកខ្លួននោះថាបរិបទដូចរាល់ថ្ងៃនេះលោកថាមិនគួរធ្វើរឿងនេះទេ ព្រោះអាចគ្រោះថ្នាក់ដល់ខ្លួន។ប្រតិកម្មរបស់លោកលី សេងហួរ នេះបានកើតមានឡើងក្រោយកាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ស្វាមីម្ចាស់ប្រេន Lakamo លោកឈូរ ឈុនហួរ ត្រូវចោប្លន់ចាប់ជម្រិតលោកដោយទារលុយចំនួន២០ម៉ឺនដុល្លារ តែគ្មានលុយឲ្យចោរក៍បាញ់ចំក្បាលលោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផ្ទះវីឡារលេខ១៦៥ បុរីជីពម៉ុង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា។
សង្សារអ៊ីវ៉ា ថ្លែងថា”ស្ថានភាពសេដ្ឋកិច្ចកំពុងតែពិបាក ដូចបច្ចុប្បន្នពិតជាគ្រោះថ្នាក់ណាស់ មនុស្សរកលុយមិនសូវបាន ភាគច្រើនបាត់បង់ចំណូល ជំពាក់បំណុលវណ្ឌក។តាមស្ថានភាពបែបនេះមនុស្សមួយចំនួនធ្វើអ្វីក៍ហ៊ានធ្វើ ឲ្យតែដោះទាល់បាន ដូចច្នេះអ្នកមានលុយ មានមាស មានពេជ្រ កែវកង សូមកុំសំញ៉ែងហ៊ឺហា ថតបង្ហោះ បង្អួតខ្លាំងពេក ក្រែងលោគ្រោះមើលមិនឃើញ “។
គួររំលឹកថាអ៊ីវ៉ា និងលោកលី សេងហួរ បានលាក់ស្នេហ៍ជិតឈឹងបានដល់ទៅ៧ឆ្នាំ ហើយពួកគេទើបហ៊ានសាសងស្នេហ៍ដោយបើកចំហកាលពីពាក់កណ្ដាលឆ្នាំ២០២៣ បន្ទាប់ពីមានដំណឹងថាអ្នកទាំងពីរបានភ្ជាប់ពាក្យនិងគ្នារួចហើយ។តាមប្រភពថាអ៊ីវ៉ា នឹងលោកហួរ រៀបការនៅឆ្នាំ២០២៤ ប៉ុន្ដែរហូតមកដល់ចុងខែ៤ នេះមិនទាន់មានដំណឹងថ្ងៃការពួកគេជាក់លាក់ទេ ខណៈដែលស្រីនាថ ព្យាយាមគេចវែសមិនសម្ភាសន៍ពាក់ព័ន្ធរឿងស្នេហាឬថ្ងៃនាងដឹកដៃលោកហួរ ចូលរោងការពេលណាឡើយ៕