កម្មករកំពុងទម្លាក់ចេញពីទូកុងតឺន័រ ស្រាប់តែរត់ចេញភ្លាមៗ

0
175

ភ្នំពេញ ៖ ឡានកុងតឺនឺរដឹកខោអាវជជុះក្បាលគីបមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះដោយមិនដឹងមូលហេតុ បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវលេខ២៩០ កែងនឹងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសម្តីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើយគេបានឃើញរថយន្តសណ្តោងកុងតឺនឺរ ក្បាលពណ៌បៃតង ពាក់ស្លាកលេខតាកែវ 3A-1016 បានបើកមកឈប់នៅមុខផ្ទះកន្លែងកើតហេតុខាងលើ ហើយក៏បើកទូកុងតឺន័រ ដើម្បីទម្លាក់ខោអាវជជុះក្បាលគីបចេញ។

ខណៈកម្មករកំពុងតែទម្លាក់ខោអាវក្បាលគីបចេញពីក្នុងទូកុងតឺនឺរ ក៏ស្រាប់តែមាន អណ្តាតភ្លើងឆាបឆេះនៅខាងក្នុងទូកុងតឺនឺរ ធ្វើឱ្យកម្មកររត់ចុះចែកជើងគ្នា ហើយអ្នកបើកបរ រថយន្តកុងតឺនឺរ បានដោះក្បាលរថយន្តបើកចេញកុំឱ្យភ្លើងឆាបឆេះទាន់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុ ចំនួន២គ្រឿង ហើយបានប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ទើបរលត់ទៅវិញនៅ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចំពោះការខូចខាតគឺឆេះខោអាវអស់មួយចំនួនធំ។

មូលហេតុនៃការឆេះនេះ ប៉ូលិសថា បើតាមសម្តីម្ចាស់ទំនិញ បានប្រាប់ឱ្យដឹងថា ទូកុងតឺនឺរនេះ នៅថ្ងៃទី២៩ ខែមករា វេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ បានឆាបឆេះនៅផ្លូវលេខ៣៥៨ ម្តងហើយ រួចក៏យកទៅរក្សាទុកនៅដីឡូត៍ខាងវាលស្បូវបានរយៈពេល៣ថ្ងៃ ទើបយកចេញពីវាលស្បូវ មកដាក់នៅកន្លែងកើតហេតុខាងលើនេះ ដើម្បីទម្លាក់ខោ អាវចេញពីទូកុងតឺន័រ ប៉ុន្តែទំនងជាហប់នឹងកម្តៅខ្លាំង រហូតដល់ថ្ងៃកើតហេតុ ទើបមានអណ្តាត ភ្លើងឆាបឆេះបែបនេះតែម្តង។

ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យឆាបឆេះរាលដាលដល់ ទ្រព្យសម្បត្តិអ្នកដទៃ ឬក៏រងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ៕