ជិះម៉ូតូទៅមើលបងប្អូនឈឺ មិនទាន់ដល់ពេទ្យ អស់២០០ដុល្លារបាត់ទៅហើយ

0
128

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់ កាបូបលុយបានសម្រេច ដែលមានទឹកប្រាក់២០០ដុល្លារ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមស្ត្រីរងគ្រោះមានឈ្មោះមុំ ធីតា អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ចេញពីធ្វើការរោងចក្រនៅម្តុំផ្លូវសេះស សង្កាត់ស្ទឹងមានជ័យ៣ ដើម្បីមកមន្ទីរពេទ្យរុស្ស៊ី មើលបងប្អូនកំពុងសម្រាកព្យាបាលជំងឺ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង មិន ចាំម៉ាកនិងស្លាកលេខ បានឌុបគ្នាមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបលុយរបស់គាត់បាន សម្រេច រួចជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះខាងលើ បានបន្តដំណើរមកខាងក្រោមស្ពានស្ទឹងមានជ័យ ដើម្បីរកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ តាមចាប់យក មកផ្តន្ទាទោសតាមច្បាប់៕