Wednesday, July 16, 2025
Homeព័ត៌មានជាតិសម រង្ស៊ី-កឹម សុខា អតីតសហការីថា នឹងត្រូវដកសញ្ជាតិខ្មែរពីកំណើតមុនគេ

សម រង្ស៊ី-កឹម សុខា អតីតសហការីថា នឹងត្រូវដកសញ្ជាតិខ្មែរពីកំណើតមុនគេ

ភ្នំពេញ ៖ អតីតសហការីរបស់លោកសម រង្ស៊ី និងលកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា អតីតមេបក្សប្រឆាំង ទាំង២រូបនេះ ដែលត្រូវបានតុលាការកាត់ទោសពីបទក្បត់ជាតិ គប់គិតជាមួយបរទេស ដូចគ្នា ដែលម្នាក់ (កឹម សុខា) កំពុងជាប់ឃុំក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា និងម្នាក់ទៀត (សម រង្ស៊ី) និរទេសខ្លួននៅប្រទេសបារាំង នោះ នឹងត្រូវដកសញ្ជាតិខ្មែរពីកំណើត មុនគេ នៅពេលណាច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងចូលជាធរមាន។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី និងលោកកឹម សុខា ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា លោក កឹម សុខា ត្រូវបានតុលាការ កាត់ទោសពីបទក្បត់ជាតិ គប់គិតជាមួយបរទេស (សន្ទិដ្ឋភាពជាមួយបរទេស) លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសពីបទក្បត់ជាតិ សន្យាកាត់ដីខ្មែរ ៤ខេត្ត ឲ្យវៀតណាម។ រីឯសកម្មជនយុវជនចលនាមាតាធម្មជាតិ ៥រូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោមបទចោទ “ក្បត់ជាតិ” និង “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”។ ដូច្នេះលោកសម រង្ស៊ី និងលោកកឹម សុខា រួមទាំងសកម្មជនមាតាធម្មជាតិ ទាំង៥រូបនោះ នឹងត្រូវដកសញ្ជាតិខ្មែរពីកំណើត មុនគេ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា “តើនរណានឹងត្រូវបានដកសញ្ជាតិខ្មែរពីកំណើតមុនគេ? ប្រសិនបើច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ចែងថា មានអានុភាពប្រតិសកម្ម (ធាក់ថយក្រោយ) ហើយដកសញ្ជាតិខ្មែរពីកំណើត ចំពោះជនណាមានសញ្ជាតិតែមួយ ក៏ដកដែរ នោះគេនឹងដកសញ្ជាតិខ្មែរពីកំណើត ពី ៖ ១- លោក កឹម សុខា ២- លោក សម រង្ស៊ី ៣- លោក យីម លាងហ៊ី ៤- លោក ថុន រដ្ឋា ៥- កញ្ញា ភួន កែវរស្មី ៦- កញ្ញា ឡុង គន្ធា ៧- លោក លី ចាន់ដារ៉ាវុត“ ។

លោកអ៊ុំ សំអាន បានសរសេរបន្តថា “លោក កឹម សុខា ត្រូវតុលាការកាត់ទោសពីបទក្បត់ជាតិ ដោយគប់គិតជាមួយអាមេរិក លោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសពីបទក្បត់ជាតិ ដោយកាត់ដីខ្មែរ ៤ខេត្ត ឲ្យវៀតណាម។ រីឯសកម្មជនយុវជនចលនាមាតាធម្មជាតិ ទាំង៥រូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោមបទចោទ “ក្បត់ជាតិ” និង “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”។

ប្រសិនបើច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ចែងថា មានអានុភាពប្រតិសកម្ម ហើយដកសញ្ជាតិខ្មែរពីកំណើតចំពោះជនណាមានសញ្ជាតិពីរ នោះគេនឹងដកសញ្ជាតិខ្មែរពីកំណើតពីលោក សម រង្ស៊ី តែម្នាក់គត់។ ប្រសិនបើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតចែងថា មិនមានអានុភាពប្រតិសកម្មនោះទេ នោះគេនឹងមិនដកសញ្ជាតិខ្មែរពីកំណើត ពីលោក សម រង្ស៊ី លោក កឹម សុខា និងយុវជនបរិស្ថាន ទាំង៥នាក់នោះទេ ប៉ុន្តែតុលាការតេឡេ នឹងស្វែងរកបទល្មើសថ្មី ដើម្បីចោទនិងដកសញ្ជាតិខ្មែរពីកំណើត ពីលោក សម រង្ស៊ី មន្រ្តីបក្សប្រឆាំង និងពលរដ្ឋខ្មែរ ជាច្រើននាក់ទៀត ដែលប្រឆាំងនឹងវៀតណាម និងត្រកូលហ៊ុន»។

លោកអ៊ុំ សំអាន សរសេរបន្តទៀតថា «សូមបញ្ជាក់ថា លោក កឹម សុខា មិនបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយគប់គិតជាមួយអាមេរិក នោះទេ។ លោក សម រង្ស៊ី ក៏មិនបានប្រព្រឹត្តអំពើក្បត់ជាតិ ដោយកាត់ដីខ្មែរ ៤ខេត្ត ឲ្យវៀតណាម នោះទេ ព្រោះគាត់មិនដែលបានកាន់អំណាចដូចលោក ហ៊ុន សែន នោះទេ។ រីឯយុវជនបរិស្ថាន ទាំង៥នាក់ មិនបានប្រព្រឹត្តអំពើក្បត់ជាតិនោះទេ ប៉ុន្តែតុលាការតេឡ ចោទពួកគេគប់គិតជាមួយលោក អាឡិច ដែលជាជនជាតិបរទេស។ តាមពិត តុលាការ ត្រូវចាប់ខ្លួនលោក ទ្រី ភាព លោក លីម ប៊ុណ្ណា ហៅខ្នា និងជនល្មើសដទៃទៀត ដែលកាប់បំផ្លាញព្រៃឈើ ដាក់គុក ហើយតុលាការត្រូវកាត់ទោសលោក ហ៊ុន សែន ពីបទក្បត់ជាតិ ដែលបានកាត់ទឹកដីខ្មែរ ឲ្យវៀតណាម តាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងដកសញ្ជាតិខ្មែរពីកំណើត ពីលោក ហ៊ុន សែន មុនគេ ទើបជារឿងត្រឹមត្រូវ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា បើសិនជាច្បាប់ដកសញ្ជាតិ មានអានុភាពប្រតិសកម្ម ឬធាក់ថយក្រោយ គេនឹងដកសញ្ជាតិលោកសម រង្ស៊ី និងលោកកឹម សុខា មុនគេហើយ ព្រោះច្បាប់នេះ ធ្វើឡើងដើម្បីកម្ចាត់មន្រ្តីបក្សប្រឆាំង និងមេដឹកនាំរបស់បក្សប្រឆាំង ។ ប៉ុន្តែបើសិនជាអត់មានអានុភាពប្រតិសកម្មនោះទេ ច្បាប់នេះ មិនអាចដកសញ្ជាតិលោកសម រង្ស៊ី លោកកឹម សុខា ឬយុវជនបរិស្ថាន ទាំង៥នាក់នោះទេ គឺគេនឹងស្វែងរកបទល្មើសដទៃទៀត ដើម្បីចោទប្រកាន់លោកសម រង្ស៊ី ពីបទក្បត់ជាតិ ដើម្បីដកសញ្ជាតិ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! បើសិនជាច្បាប់ហ្នឹង មានអានុភាពប្រតិសកម្ម ឬធាក់ថយក្រោយ គេនឹងដកសញ្ជាតិលោកសម រង្ស៊ី និងលោកកឹម សុខា មុនគេហើយ ព្រោះច្បាប់នេះ ធ្វើឡើងដើម្បីកម្ចាត់មន្រ្តីបក្សប្រឆាំង និងមេដឹកនាំរបស់បក្សប្រឆាំង ។ ក៏ប៉ុន្តែបើសិនជាអត់មានអានុភាពប្រតិសកម្មនោះទេ ច្បាប់ហ្នឹង គឺមិនអាចដកសញ្ជាតិលោកសម រង្ស៊ី លោកកឹម សុខា ឬយុវជនបរិស្ថាន ទាំង៥នាក់នោះទេ គេនឹងស្វែងបទល្មើសដទៃទៀត ដើម្បីចោទប្រកាន់លោកសម រង្ស៊ី ពីបទក្បត់ជាតិ ដើម្បីដកសញ្ជាតិ ។ តាមពិតអ្នកដែលក្បត់ជាតិពិតប្រាកដនោះ គឺលោកហ៊ុន សែន ទៅវិញនោះទេ ដែលត្រូវដកសញ្ជាតិគាត់ មុនគេ នៅពេលច្បាប់នេះចូលជាធរមាន ព្រោះលោកហ៊ុន សែន បានធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ហ្នឹង បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរយើង យ៉ាងច្រើន ទៅប្រទេសវៀតណាម ហើយតាមសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ ហ្នឹង បានកាត់កោះត្រល់ ទៅឲ្យវៀតណាម កាត់កោះក្រចកសេះ ទៅឲ្យវៀតណាម កាត់ដែនសមុទ្រខ្មែរ ឲ្យវៀតណាម ៣០ ០០០គីឡូម៉ែត្រការ៉េ ដាក់សមុទ្រខ្មែរយើង រួមជាមួយវៀតណាម ដែលហៅថា តំបន់ទឹកប្រវត្តិសាស្រ្តហ្នឹង ចំនួន ១០ ០០០គីឡូម៉ែត្រការ៉េ ហើយឆ្នាំ២០០១ លោកហ៊ុន សែន បានឲ្យលោកសុខ អាន ហ្នឹង កាត់ឆ្វៀលកោះគុត ទៅឲ្យថៃ ទៀត ហើយលោកហ៊ុន សែន ហ្នឹង បានគប់គិតជាមួយថៃ ដោយផ្ដល់លិខិតឆ្លងដែន ទៅឲ្យលោកស្រី យីងឡាក់ លោកហ៊ុន សែន គាត់បានសារភាពរឿងហ្នឹងហើយ ។ ដូច្នេះជាការគប់គិតជាមួយបរទេសដែរ អាហ្នឹងគឺត្រូវដកសញ្ជាតិហើយ បើតាមច្បាប់ ហើយគាត់បានផ្ដល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ រហូតដល់ជិត ១០ម៉ឺននាក់ ទៅឲ្យជនជាតិវៀតណាម ហើយផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម ខុសច្បាប់ហ្នឹង ជាពិសេសជនវៀតណាម ដែលខុសច្បាប់ហ្នឹង បានទទួលទាំងប័ណ្ណស្នាក់នៅ និងសញ្ជាតិខ្មែរ ឃើញទេ អាហ្នឹងជាទង្វើក្បត់ជាតិដែរ ដែលត្រូវដកសញ្ជាតិ ។ ដូច្នេះអ្នកដែលត្រូវដកសញ្ជាតិមុនគេ បើសិនជាមានច្បាប់ហ្នឹង គឺលោកហ៊ុន សែន ទៅវិញនោះទេ មិនមែនលោកកឹម សុខា លោកសម រង្ស៊ី ឬយុវជនបរិស្ថាន នោះទេ“ ។

ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា លោកកឹម សុខា អត់បានប្រព្រឹត្តទង្វើក្បត់ជាតិ ដូចការចោទប្រកាន់នោះទេ ហើយមកដល់ពេលនេះ សំណុំរឿងរបស់គាត់ ត្រូវបានផ្អឹបចោលទៀត ។ ដូច្នេះការដកសញ្ជាតិលោកកឹម សុខា ប្រហែលជាមិនអាចកើតមានឡើងទេ ព្រោះជាគោលការណ៍ច្បាប់ គេមិនអាចអនុវត្តវាឲ្យធាក់ថយ ឬក៏ប្រតិសកម្មទេ លុះត្រាតែមានការចង្អុលបង្ហាញពិសេសមួយថា តម្រូវឲ្យពេលចេញច្បាប់នោះ ។ ម្យ៉ាងទៀតសម្រាប់លោកកឹម សុខា បើចោទថាគាត់ក្បត់ជាតិហើយ តើមានទោសឯណាឲ្យស្រាលជាងហ្នឹងទៀត? គឺគេមិនអាចអនុវត្តប្រតិសកម្ម ឬក៏ធាក់ថយបានទេ នៅពេលដែលច្បាប់ស្ដីពីការដកសញ្ជាតិហ្នឹង បង្កើតឡើង ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “បាទ! រឿងទី១ លោកកឹម សុខា អត់បានប្រព្រឹត្តទង្វើក្បត់ជាតិ ដូចការចោទនោះទេ គឺធាតុពិត លោកកឹម សុខា អត់បានប្រព្រឹត្តទង្វើក្បត់ជាតិ ដូចអ្វីដែលគេបានចោទប្រកាន់ហ្នឹងទេ ដែលគេយកមាត្រាមួយ នៅក្នុងក្រមព្រហ្មទណ្ឌ មកចោទថា គាត់ជាប់ពាក់ព័ន្ធពីបទសន្ទិដ្ឋភាព ឬក៏គប់គិតជាមួយនឹងបរទេស ត្រូវរ៉ូវជាមួយរដ្ឋបរទេសអ៊ីចឹងទៅ ប្រទូសរ៉ាយ ។ អ៊ីចឹងធាតុពិត គឺគាត់អត់បានប្រព្រឹត្តដូចអ្វីដែលគេចោទប្រកាន់នោះទេ ហ្នឹងគេថា គេថាគាត់ក្បត់ជាតិ ហើយតាមពិតភ័ស្តុតាងក៏អត់ ហើយចោទគាត់ទាំងបំពាន ហើយមកដល់ពេលនេះ សំណុំរឿងក្ដីគាត់ ត្រូវបានផ្អឹបចោល ជិត១០ឆ្នាំមកហើយ យើងគិតមើល តាំងពី២០១៧ ចាប់ខ្លួន ឥឡូវមកដល់តុលាការកំពូល ក៏អត់ទៅ រឿងហ្នឹងកប់ចោល ហើយរដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បាននិយាយនៅក្នុងសន្និបាតចៅក្រមនោះថា កុំថាឡើយដល់ការកាត់ក្ដីរឿងយុត្តិធម៌ មិនយុត្តិធម៌ សូម្បីតែបន្តឃុំគេហ្នឹងយូរខុសនីតិវិធី ក៏អយុត្តិធម៌ដែរ ចុះឥឡូវរឿងលោកកឹម សុខា នេះ ផ្អឹបសំណុំរឿងចោល មកដល់ដៃតុលាការឧទ្ធរណ៍ហើយ មេធាវីតំណាងលោកកឹម សុខា បានទាក់ទងសួរម្ដងជាពីរដង ទៅបីដង ចេះតែឆ្លើយ ម្ដងថាព្រះរាជអាជ្ញារវល់ ម្ដងថាឆាប់ៗ ម្ដងថានឹងធ្វើនៅពេលខាងមុខ ហើយពេលណាទៀត ជិត១០ឆ្នាំហើយ មកដល់ពេលនេះ? អ៊ីចឹងខ្ញុំសុំបញ្ជាក់ឡើងវិញថា ៖ ទី១ លោកកឹម សុខា ធាតុពិត អត់បានប្រព្រឹត្តទង្វើក្បត់ជាតិ ដូចអ្វីដែលគេសរសេរនៅក្នុងក្រមព្រហ្មទណ្ឌ យកតាមមាត្រាប៉ុន្មានទេ ខ្ញុំអត់ចាំទេ ដែលមកចោទប្រកាន់ថា គាត់គប់គិតឬក៏ត្រូវរ៉ូវជាមួយបរទេសទេ អ៊ីចឹងគាត់ជាមនុស្សស្អាតសំ្អ អត់មានពាក់ព័ន្ធនឹងរឿងក្បត់ជាតិទេ អាហ្នឹងទី១ ។ ទី២ យើងឧបមាថា លោកកឹម សុខា បានប្រព្រឹត្តទង្វើក្បត់ជាតិហ្នឹងមែន ដូចការចោទប្រកាន់អ៊ីចឹងមែន ហើយឥឡូវនេះច្បាប់ហ្នឹង ច្បាប់ថ្មីនេះ កែរដ្ឋធម្មនុញ្ញ មាត្រា៣៣ថ្មីហ្នឹង ដែលមាត្រា៣៣ថ្មីហ្នឹង គេនឹងចង្អុលបង្ហាញឲ្យទៅបង្កើតច្បាប់មួយទៀត គឺច្បាប់ដកសញ្ជាតិពីជនជាតិខ្មែរយើងដែលប្រព្រឹត្តទង្វើក្បត់ជាតិហ្នឹងឯង“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “អ៊ីចឹងសួរថា តើនឹងចាប់គាត់អត់? ឥឡូវឧបមាថាគាត់ប្រព្រឹត្តចុះ ក៏អត់ចាប់គាត់កើតដែរ ពីព្រោះអី? ជាគោលការណ៍ច្បាប់ គេមិនអាចអនុវត្តវាឲ្យធាក់ថយ ឬក៏ប្រតិសកម្មទេ លុះត្រាតែមានការចង្អុលបង្ហាញពិសេសមួយថា តម្រូវឲ្យពេលចេញច្បាប់ហ្នឹងទៅ អ្នកប្រព្រឹត្តបទល្មើសចាស់ៗហ្នឹង ត្រូវធាក់ថយ ឬក៏ប្រតិសកម្ម អាហ្នឹងបានមានអីអ៊ីចឹងទៅ ក៏ប៉ុន្តែករណីហ្នឹង គោលការណ៍ច្បាប់ ការអនុវត្តប្រតិសកម្មនោះ លុះត្រាតែបទចោទ ឬក៏ទោសទណ្ឌថ្មីហ្នឹង វាស្រាលជាងទោសទណ្ឌដែលចោទពីមុន អាហ្នឹងបានគេអនុញ្ញាត ។ ឧទាហរណ៍ថា បទល្មើសបរិហារកេរ្តិ៍ មានជាប់គុក ដូចជាជាប់គុក ៦ខែ អ៊ីចឹងទៅ ហើយសងលុយសងកាក់អ៊ីចឹងទៅ អាហ្នឹងទោសពីមុន ដល់ពេលគេកែថ្មី គេធ្វើវិសោធនកម្មថ្មីទៅថា បរិហារកេរ្តិ៍ មិនឲ្យទោសគុកទៀតទេ គ្រាន់តែសងជាលុយ ជាកាក់អីអ៊ីចឹងៗទៅ អាហ្នឹងវាស្រាលជាងពីមុនអ៊ីចឹង ។ ដូច្នេះបានគេឲ្យអនុវត្តប្រតិសកម្មបាន នេះគឺគោលការណ៍ច្បាប់ ប៉ុន្តែសម្រាប់លោកកឹម សុខា បើចោទថាគាត់ក្បត់ជាតិហើយ អ៊ីចឹងមានទោសឯណាឲ្យស្រាលជាងហ្នឹងទៀត? អ៊ីចឹងគេមិនអាចអនុវត្តប្រតិសកម្ម ឬក៏ធាក់ថយហ្នឹងបានទេ នៅពេលដែលច្បាប់ស្ដីពីការដកសញ្ជាតិហ្នឹង បង្កើតឡើង ហើយអាហ្នឹងមួយទៀត ។ ទី៣នោះ បើសិនជាមានការដកសញ្ជាតិអី ដើម្បីដកសញ្ជាតិគាត់ សួរថា ដករបៀបម៉េច? បើគាត់ជាជនជាតិខ្មែរ ហើយគាត់មានសញ្ជាតិខ្មែរពីកំណើត ហើយតែមួយទៀត គាត់អត់មានសញ្ជាតិពីរឯណា គាត់មានសញ្ជាតិខ្មែរតែមួយ អ៊ីចឹងបានន័យថា គាត់ជាពលរដ្ឋខ្មែរ ដែលមានដើមកំណើតជាខ្មែរ ហើយបានសញ្ជាតិខ្មែរពីកំណើត ហើយដកគាត់ គាត់ទៅណា? យកគាត់ទៅណា? អ៊ីចឹងឲ្យគាត់បន្តរស់នៅស្រុកខ្មែរទៀតទេ បើគាត់អត់មានសញ្ជាតិផងហ្នឹង ឲ្យរស់នៅខុសច្បាប់អ្ហែ៎? បើអត់មានសញ្ជាតិជាខ្មែរផង ធ្វើម៉េចនៅស្រុកខ្មែរកើត? និរទេសគាត់ទៅណា? នីតិវិធីរបៀបម៉េច? អ៊ីចឹងវាអត់អាចទៅរូចទេ។ អ៊ីចឹងរឿងនេះ ខ្ញុំគិតថា ប្រហែលជាមិនអាចកើតឡើង ប៉ុន្តែយើងមិនទាន់ដឹងទេ ចាំមើលសន្និដ្ឋានថ្ងៃក្រោយទៀត“ ។

គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

អង្គប្រជុំដំណើរការដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន៦០រូប  និងមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីស្នើច្បាប់នេះ រៀបចំឡើង មាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូង ជាឯកច្ឆន្ទ ចំនួន១២៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភា ចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់លោក អង្គ វង្សវឌ្ឍានា តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ កុលបុត្រ

RELATED ARTICLES