តាយាយនឹកចៅពេក ទៅយកមកលេងផ្ទះ… មិននឹកស្មានថា មានរឿងនេះ

0
49

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីតូចអាយុជាង១ខួបម្នាក់ ត្រូវបានតាយាយទៅទទួលយកមកលេង លុះក្រោយមក បន្ទាប់ពីលួងចៅតូចឱ្យដេកក្នុងអង្រឹងលក់ហើយ តាយាយក៏នាំគ្នាទម្រេតខ្នងលើគ្រែក្បែរនោះ រួចក៏លង់លក់ទាំង២នាក់ទៅ ស្រាប់តែពេលភ្ញាក់ដឹងខ្លួនឡើង  បាត់ចៅពីក្នុងអង្រឹង ធ្វើឱ្យផ្អើលឆោឡោ នាំគ្នាដើររក បែរជាប្រទះឃើញចៅស្រី លង់ទឹកស្រះខាងមុខផ្ទះ ស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវាលស្រែតាអន ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះសុភា លក្ខិណា អាយុ១៣ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា បានឱ្យដឹងថា មុនពេលកើតហេតុ ឈ្មោះលិញ ចំណាន ភេទស្រី អាយុ៤៣ឆ្នាំ និងប្តីឈ្មោះហ៊ាង លួត អាយុ៤៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលត្រូវជាតាយាយបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ ដោយសារតែនឹកចៅពេក ទើបបាននាំគ្នាទៅយកចៅស្រីឈ្មោះសុភា លក្ខិណា (ក្មេងស្រីរងគ្រោះ) ដែលទើបនឹងមានអាយុជាង១ខួប ចេះដើរតេះតះមកលេងនៅផ្ទះជាមួយពួកគាត់។

ប្រភពដដែល បន្តថា លុះក្រោយមក តាយាយទាំង២នាក់ បានដាក់ចៅឱ្យដេកក្នុងអង្រឹង រួចហើយលួងឱ្យគេង លុះឃើញចៅស្រីគេងលក់ហើយ តាយាយក៏នាំគ្នាដេកនៅលើគ្រែក្បែរនោះ ហើយក៏បានលង់លក់ទាំង២នាក់ទៅ ដោយមិនបានដឹងថា ចៅស្រីភ្ញាក់ដឹងខ្លួនចុះពីលើអង្រឹង ដើរទៅលេងនៅខាងមុខផ្ទះ រួចធ្លាក់ចូលទឹកស្រះនោះទេ។

ប្រភពខាងលើ បញ្ជាក់ថា លុះក្រោយមកពេលភ្ញាក់ពីដេក ស្រាប់តែបាត់ចៅស្រីពីក្នុងអង្រឹង ទើបផ្អើលឆោឡោ នាំគ្នាដើរតាមរក លុះសង្ស័យថា ចៅស្រីធ្លាក់ក្នុងទឹកស្រះខាងមុខផ្ទះ ក៏នាំគ្នារត់ទៅមើល ប្រទះឃើញសពចៅស្រីអណ្តែតក្នុងទឹកស្រះមុខផ្ទះបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕