Friday, April 26, 2024
Homeតារាខ្មែរតារាចម្រៀងរិន សាវ៉េត ក៏បានដើរចេញពីហង្សមាស ស្ងាត់ៗផងដែរ

តារាចម្រៀងរិន សាវ៉េត ក៏បានដើរចេញពីហង្សមាស ស្ងាត់ៗផងដែរ

រិន សាវ៉េត ដែលជាតារាចម្រៀងជ្រកនៅហង្សមាស ជាង១០ឆ្នាំទៅហើយនោះ ពេលនេះបានអះអាងថា លោកបានចាកចេញពីផលិតកម្មធំនេះ រយៈពេលជិត១ឆ្នាំទៅហើយ។

តារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះថា ការចាកចេញនេះ លោកគ្មានរឿងធំជាមួយហង្សមាសនោះទេ តែមកពីលោកផុតកុងត្រាជាមួយផលិតកម្ម ហើយចង់ធ្វើការនៅខាងក្រៅវិញ ទើបលោកសម្រេចចិត្តថា មិនបន្ដជាមួយហង្សមាស តទៅទៀត។

ទោះជាយ៉ាងណា រិន សាវ៉េត ថា នៅតែមានការគោរពនិងដឹងគុណដល់ថៅកែ និងថ្នាក់ដឹកនាំ រួមទាំងក្រុមការងារហង្សមាស ដែលបានផ្ដល់ឱកាសដល់លោកនាពេលកន្លងមក ទើបធ្វើឲ្យលោកមានថ្ងៃនេះ។

តារាចម្រៀងដែលនិយមច្រៀង Cover បទចម្រៀងពីដើមៗឡើងវិញរូបនេះ ក៏បានឲ្យដឹងដែរថា លោកគ្មានគម្រោងទៅចូលផលិតកម្មថ្មីទេ គឺចង់ចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីផ្សេងៗជាធម្មតា ហើយនៅពេលដែលស្ងាត់កូវីដ-១៩ បើមានគេហៅទៅច្រៀងសម្ដែងនៅបរទេស លោកនឹងចេញទៅដូចមុនដែរ។

លោករិន សាវ៉េត រហ័សនាមតារាកម្សត់ បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយបានក្លាយទៅជាតារាចម្រៀងហង្សមាស ធ្វើឲ្យលោកមានជីវភាពបានធូរធាមួយកម្រិត។ ប៉ុន្ដែសាវ៉េត ដែលធ្លាប់តែរស់នៅផ្ទះជួលជាច្រើនឆ្នាំនោះ ទើបតែមានផ្ទះ១ល្វែងផ្ទាល់ខ្លួន កាលពីឆ្នាំមុន ដោយត្រូវបានលោកនាយករដ្ឋមន្រ្ដី ទិញឲ្យ ទើបធ្វើឲ្យពេលនេះ លោកសាវ៉េត លែងពិបាកបង់ថ្លៃបន្ទប់ជួលដូចមុនទៀតហើយ។

គួរបញ្ជាក់ថា រិន សាវ៉េត បានទុកជីវិតឲ្យនៅពោះម៉ាយ រយៈពេលជាង២ឆ្នាំ ក្រោយត្រូវភរិយាទី១ អ្នកនាងគង់ សាវី ទទួលមរណភាពដោយសារជំងឺមហារីក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់។ ដោយមិនចង់ឲ្យកូនរងាអត់ម្ដាយ ទើបសាវ៉េត បានរៀបការជាមួយភរិយាទី២ អ្នកនាងលឹម គីមហ្គេច ដែលជាអណិកជនខ្មែរ មកពីបារាំង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយពេលនេះប្រពន្ធអតីតតារាហង្សមាស រូបនេះ បានសម្រាលកូនប្រុសកាលពីចុងឆ្នាំ២០២០ នៅបារាំង តែសាវ៉េត មិនទាន់បានទៅជួបមុខកូនផ្ទាល់ឡើយ គឺជួបតែតាមរូបថតប៉ុណ្ណោះ ព្រោះថាកូវីដមិនទាន់ស្ងាត់ ធ្វើឲ្យលោកមិនអាចទៅជួបប្រពន្ធកូនបាន។

យ៉ាងណា សាវ៉េត ថា លោកនឹករលឹកប្រពន្ធកូនខ្លាំងណាស់ ហើយពេលចប់កូវីដ លោកនឹងអាចទៅបារាំង ឬភរិយា អាចបីកូនមកជួបលោកតែម្ដង៕

RELATED ARTICLES