Friday, April 26, 2024
Homeតារាខ្មែរយូ ឌីស្កូ ថា ស្ថានភាពជំងឺរបស់លោកពេលនេះ គ្រូពេទ្យលែងឲ្យប្តូរឈាម

យូ ឌីស្កូ ថា ស្ថានភាពជំងឺរបស់លោកពេលនេះ គ្រូពេទ្យលែងឲ្យប្តូរឈាម

អតីតតារាចម្រៀងនិងសម្ដែង លោកយូ ឌីស្កូ បានឲ្យដឹងថា តាំងពីប្ដូរក្រលៀននៅប្រទេសឥណ្ឌា អស់ទឹកប្រាក់ជាង៤ម៉ឺនដុល្លារ រយៈពេលជាង១ឆ្នាំមកនេះ លោកលែងប្ដូរឈាមជារៀងរាល់សប្ដាហ៍ដូចមុនទៀតហើយ ព្រោះក្រលៀនថ្មី ដំណើរការអាចផលិតឈាមថ្មីបានមកវិញជាធម្មតា។

ទោះជាយ៉ាងណា លោកថា រឿងតមអាហារ គឺនៅតែដូចមុនដដែល ដោយមិនអាចផឹកស្រា ឬប៊ីយ៊ែរ និងញាំម្ហូបឆៅៗ បានជាដាច់ខាត គឺញាំបានតែត្រី បន្លែដែលឆ្អិនៗតែប៉ុណ្ណោះ។

ដោយឡែកសម្រាប់ឈាមវិញ ២ខែ លោកត្រូវពិនិត្យម្ដង និងផ្ញើទៅប្រទេសឥណ្ឌា ឲ្យគ្រូពេទ្យពិនិត្យលទ្ធផល ខណៈដែលថ្នាំវិញ លោកត្រូវលេបប្រចាំជារៀងរហូត។

ជាមួយទឹកមុខស្រស់ថ្លាជាងមុនយូ ឌីស្កូ បានឲ្យដឹងដែរថា លោកមានកម្លាំងឡើងវិញ ហើយនឹងរង់ចាំទទួលការងារច្រៀងតាមកម្មវិធីផ្សេងៗដូចមុន ឲ្យតែគេហៅ គឺលោកអាចធ្វើការបាន។ ចំណែកសម្រាប់ការថតភាពយន្ដវិញ លោកមិនទាន់មានត្រៀមថតរឿងថ្មីៗទេ តែឲ្យតែគេហៅ គឺលោកនឹងទទួលភ្លាម ព្រោះលោកដឹងខ្លួនឯងច្បាស់ណាស់ថា មានកម្លាំងអាចធ្វើការងារសិល្បៈបានហើយ។

ក្រៅពីមិនទាន់បញ្ចេញស្នាដៃថ្មី លោកយូ ឌីស្កូ ក៏ជាប់គាំងគម្រោងចាប់ដៃជាមួយលោកដៃគូចាស់ អ្នកនាងកែវ ពេជ្រពិសី និងទូច ស្រីលក្ខណ៍ ផងដែរ ដោយតាមព័ត៌មានថា អ្នកគ្រប់គ្រងកម្មវិធីប្រគំតន្រ្ដីមួយចំនួន នៅតែបារម្ភពីសុខភាពរបស់លោកថា ខ្លាចតែមានបញ្ហាប្រឈមកណ្ដាលទី បើទោះជាលោកស្កូ អះអាងថា លោកបានជាពីជំងឺក្រលៀននេះទៅហើយក្ដី។

យូ ឌីស្កូ បានបាត់ប្រាក់ចំណូលពីសិល្បៈទាំងស្រុង តាំងពីកើតជំងឺក្រលៀននេះមក ប៉ុន្ដែលោកមានសំណាងដែលអាចរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ព្រោះព្យាបាលទាន់ពេល ដូចម្ដាយកញ្ញាឌួង ហ្សូរីដា អ្នកស្រីលឹម យ៉ាលីន ដែរ  ខណៈដែលកញ្ញាខេមរៈ ស្រីពៅ បានលាចាលលោកជាង២ឆ្នាំទៅហើយ ដោយសារតែជំងឺមួយនេះ៕

RELATED ARTICLES