“រូបសំណាកអាចារ្យលាក់ ដូចអាចារ្យលូ” លោកសុខ លូ ឆ្លើយតបការរិះគន់

0
85

ភ្នំពេញ ៖ រូបសំណាកអាចារ្យលាក់ នៅខេត្តកំពង់ធំ ដែលត្រូវបានផ្តួចផ្តើមកសាងដោយលោកសុខ លូ អភិបាលខេត្តកំពង់ធំ ហើយបានធ្វើពិធីអភិសេករួចហើយ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ នោះ ត្រូវបានពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា មុខដូចអាចារ្យលូ (លោកសុខ លូ)​ ហើយថែមទាំងរិះគន់ថា លោកអភិបាលខេត្តរូបនេះ យកមុខយកមាត់របស់ខ្លួន ទៅដាក់លើរូបសំណាកបុព្វបុរស។

ទោះជាយ៉ាងណា ឆ្លើយតបការរិះគន់ វាយប្រហារខាងលើនេះ លោកសុខ លូ អភិបាលខេត្តកំពង់ធំ  បានបញ្ជាក់ប្រាប់ «នរគរធំ» នៅថ្ងៃទី០១​ខែមីនា ឆ្នាំ២០២១ ថា រូបសំណាកអាចារ្យលាក់ មិនមានអ្វីដូចរូបរបស់លោកនោះទេ ហើយលោកមិនដែលមានគំនិតចង់យកមុខមាត់អីនឹងរូបសំណាកនោះទេ។ ប៉ុន្តែយ៉ាងណា លោកមិនខ្វល់នឹងការលើកឡើងរបស់ពួកប្រឆាំងទាំងនោះទេ ព្រោះពួកនោះ ធ្វើអីក៏ពួកគេថាខុសដែរ។

លោកសុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងភរិយា

គណនីបណ្ដាញសង្គម ហ្វេសប៊ុក “Srey Pich” ដែលគេស្គាល់ថាជារបស់សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានបង្ហោះរូបភាពរូបសំណាកអាចារ្យលាក់ និងរូបលោកសុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយសំណេរថា “រូបសំណាកអាចារ្យលូ ប្អូនប្រុសអាចារ្យលាក់! ខេត្តកំពង់ធំ“។

លោកប៉ាង សុខឿន អនុប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះរូបភាពលោកសុខ លូ និងរូបសំណាកអាចារ្យលាក់ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយសំណេរថា “សារពីពលរដ្ឋ : មុខសុខ លូ អភិបាលខេត្តកំពង់ធំ និងមុខរូបចម្លាក់អាចារ្យលាក់ នៅទីរួមខេត្តកំពង់ធំ (រូបសម្ពោធព្រឹកមិញ) ដូចគ្នា។ សម្គាល់ : ពួកនេះជំនាញខាងយកមុខ យករហូតដល់ជាមួយរូបចម្លាក់“។

ព្រះតេជគុណ បូរ បេត ជាព្រះសង្ឃសកម្មជនបរិស្ថាន បានបង្ហោះរូបភាពដូចសកម្មជនអតីតបក្សប្រឆាំងខាងលើ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយសំណេរថា “មុខអាចារ្យលាក់ ដូចលោកសុខ លូ  អភិបាលខេត្តកំពង់ធំណាស់ តើញាតិញោមគិតដូចអាត្មាភាពទេ?“។

ព្រះតេជគុណ បូរ បេត បានមានថេរដីកាប្រាប់ «នគរធំ» បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ថា “ដោយសារភាគច្រើនយើងមើលនៅស្រុកខ្មែរ ឲ្យតែធ្វើរូបភាព ដូចជារូបចម្លាក់តំណាងឲ្យបុគ្គល វីរបុរសខ្មែរយើងណាម្នាក់ដែលមានភាពល្បីល្បាញ ដូចជាកងទ័ព ដូចជាព្រះមហាក្សត្រ ដូចជាអីក៏ដោយ សម័យនេះយើងមើលឃើញភាគច្រើន ពីណាដែលដឹកនាំកសាង មានដូចជាវត្តអារាមក៏ដោយ សូម្បីតែរូបប្រពន្ធក៏ដោយ រូបបដិមានានា រូបបុរាណ ឬក៏រូបព្រះមហាក្សត្រ ក៏ដោយ ធ្វើជារូបចម្លាក់តំណាងឲ្យតាមខេត្តនានាមួយៗហ្នឹង ភាគច្រើនឲ្យតែអភិបាល ទៅដឹកនាំ ក៏ដូចជាបុគ្គលណាធ្វើ ភាគច្រើនរូបហ្នឹងវាស្រដៀង។

ដូចអាត្មាបាននិយាយពីរូបតាអាចារ្យលាក់ ដែលគេធ្វើតំណាងឲ្យខេត្តកំពង់ធំហ្នឹង ដូចនឹងអភិបាលខេត្ត ដូចមែនទែន អត់ដូចក្បាលពោះទេ ដោយសារក្បាលពោះអភិបាលខេត្ត រាងប៉ោងធំ គាត់ដុះក្បាលពោះធំ បើសិនជាធ្វើរូបអាចារ្យលាក់ហ្នឹង ឲ្យក្បាលពោះដូចឯកឧត្តមសុខ លូ ហ្នឹង អាត្មាគិតថា ដូចសុទ្ធ បើមុខហ្នឹង ដូចអភិបាល សុខ លូ សុទ្ធ អត់មានខុសទេ ទម្រង់មុខម៉េចៗ ទាំងពីសក់ ទាំងពីក្បាល តាំងពីជើងអីហ្នឹងដូច ប៉ុន្តែគ្រាន់តែថា អត់ដូចទី១ អត់ដូចក្បាលពោះ។

បើសិនធ្វើរូបអាចារ្យលាក់ ហ្នឹង ឲ្យមានក្បាលពោះធំ អាត្មាគិតថា រូបហ្នឹងប្រហែលជាគេដាក់តំណាងលោកសុខ លូ វិញ វាមិនមែនជារូបអាចារ្យលាក់ ទេ។ អាត្មាគិតថា ប្រហែលជាមានចេតនាអភិបាលខេត្ត ប្រាប់ជាងហ្នឹង ឲ្យធ្វើមុខដូចគាត់ ដើម្បីទុកជាកេរតំណែល សូម្បីតែគាត់ងាប់ទៅ គាត់ធ្លាក់តំណែង ចូលនិវត្តន៍ពីអភិបាលខេត្តអីទៅ នៅឲ្យពលរដ្ឋខេត្តកំពង់ធំហ្នឹង ចងចាំថា ឲ្យតែរូបអាចារ្យលាក់ ដូចរូបលោកអភិបាលខេត្តដែលជាអ្នកកសាងហ្នឹង“។

ព្រះតេជគុណ បូរ បេត បន្តថា “នៅក្នុងនាមអាត្មាជាព្រះសង្ឃ អាត្មាមិនចង់ឃើញរូបចម្លាក់បែបហ្នឹង បើយើងអត់មានរូបពិត យើងស្រមើស្រមៃឃើញថា រូបគាត់បែបម៉េច យើងគូរតែធ្វើឲ្យរូបហ្នឹងស្រដៀងទៅនឹងគាត់ ក៏ដូចធ្វើឲ្យដូចគាត់តែម្ដង ព្រោះយើងមើលឃើញប្រទេសនៅលើពិភពលោក គេអត់ធ្វើតាមមុខអភិបាលខេត្ត គេអត់ធ្វើតាមមុខអភិបាលក្រុងទេ អាត្មាដើរទៅបារាំង ដើរទៅអាល្លឺម៉ង់ ដើរទៅស្វីស ដើរទៅអីហ្នឹង មកថៃ អី បើថា រូបស្ដេច រូបវីរបុរសណា រូបមេទ័ពណាដែលខ្លាំងពូកែ ធ្វើដូច សូម្បីតែរូបព្រះសង្ឃ ចៅអធិការវត្តដែលស្លាប់ហ្នឹង គេធ្វើដូចតែម្ដង គេអត់ធ្វើដូចចៅអធិការក្រោយទេ គេធ្វើមុខឲ្យដូចនឹងអ្វីដែលមុខលោកពិតៗតែម្ដង ប៉ុន្តែដរាបណាយើងធ្វើបំប្លែងរូបអ៊ីចឹង វាឲ្យស័ក្ដិសិទ្ធិអត់ឃើញ រកស័ក្ដិសិទ្ធិឯណា? វាអត់ស័ក្ដិសិទ្ធិ។

អ៊ីចឹងបើថា ធ្វើព្រះបាទណាមួយ ឬក៏ធ្វើរូបណាមួយឲ្យដូចមុខដែលគាត់ពីដើមអ៊ីចឹងទៅ បើមិនដូចសុទ្ធ ឲ្យបានស្រដៀងខ្លះក៏ល្អដែរ ឲ្យមានជានិមិត្តរូប ឲ្យស័ក្ដិសិទ្ធិ ដូចអ្វីដែលគាត់ធ្លាប់បានជួយប្រទេសកម្ពុជា ជួយនៅក្នុងតំបន់ហ្នឹង ក៏ដូចជាជួយការពារទឹកដីមាតុភូមិរបស់យើងដែរ។

ចុះបើដរាបណាយើងធ្វើទៅតាមមុខយើងម្នាក់ៗ មន្រ្តីបច្ចុប្បន្នភាគច្រើនសម្បូរប្រព្រឹត្តអំពើពុករលួយទៀត មានបារមីពីណា? ខំទៅបន់ស្រន់ ខំទៅបញ្ចុះក្រុងពលី និមន្តលោក ១០០អង្គ ទៅសូត្រឲ្យមានបារមី វាអត់មានផង។ មានម៉េច បើអត់ដូចផងហ្នឹង! ហើយគាត់ម៉េចចូលទៅនៅ ខុសពីរូបគាត់ ស្មានតែគាត់ចូលទៅសណ្ឋិតនៅក្នុងរូបហ្នឹងអ្ហែ៎? គាត់មិនចូលទេ ព្រោះមិនមែនជារូបគាត់ គាត់ចូលម៉េចបាន។

អាហ្នឹងហើយ សូមឲ្យពលរដ្ឋខ្មែរទាំងអស់ គួរតែនាំគ្នាចាប់អារម្មណ៍ទៅ បើសិនថា នៅតំបន់យើង ឃុំយើង ស្រុកយើងហ្នឹង ដែលគេកសាងដូចជារូបតំណាងអីមួយៗ យើងគួរតែនាំគ្នាគិតពិចារណា ជួយរិះគន់ បើមិនជួយរិះគន់ទេ មន្រ្តីរដ្ឋាភិបាលខ្មែរយើង ពីថ្នាក់ខេត្តអីហ្នឹង គេកសាងយកស្នាដៃ ហើយមុខឲ្យដូចខ្លួនឯង ដើម្បីឲ្យពលរដ្ឋ ១០០ឆ្នាំទៀត គេនៅតែចងចាំគាត់ដែរ ដូចអភិបាលខេត្ត មុខដូចរូបហ្នឹង ដែលគាត់អ្នកកសាងហ្នឹង តែក្នុងនាមជាព្រះសង្ឃ អាត្មាមិនចង់ឃើញរូបភាពបែបហ្នឹងទេ“។

ទោះបីយ៉ាងណា លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា រូបសំណាកអាចារ្យលាក់ នេះ មិនមានអ្វីដូចទៅនឹងរូបរបស់លោក ជាមនុស្សរស់នោះទេ ហើយលោកក៏មិនដែលគិតចង់យកមុខមាត់អីនឹងរូបសំណាកនោះដែរ។ ដូច្នេះពួកប្រឆាំង ប្រៀបប្រដូចរូបលោកទៅនឹងរូបសំណាកអាចារ្យលាក់ នោះ គ្រាន់តែជាចេតនាអាក្រក់ប៉ុណ្ណោះ ប៉ុន្តែចង់ប្រៀបធៀបអីប្រៀបធៀបទៅ លោកមិនខ្វល់ឬចាប់អារម្មណ៍ទេ។

លោកសុខ លូ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា “រូបសំណាកអាចារ្យលាក់ ស្ថិតនៅទីតាំងច្រមុះជ្រូក ផ្លូវវាងក្រុងស្ទឹងសែន ក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើពិធីអភិសេករួចហើយ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។ សូមបារមីនៃរូបសំណាក ជួយតាមថែរក្សាលោកអ្នកគ្រប់ៗគ្នា“។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកសុខ លូ បានមានប្រសាសន៍ ”នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ថា “បាទ! ការដែលប្រៀបធៀបខ្ញុំថា អាចារ្យលូ ប្អូនអាចារ្យលាក់ អីហ្នឹង (សើច) តាមពិតទៅ ខ្ញុំអត់យល់ឃើញយ៉ាងម៉េចផង ជាយោបល់របស់ពួកគាត់ ថាម៉េចនៅប៉ុណ្ណឹង ហើយខ្ញុំមើលដូចអត់ដូចអីផង មិនដឹងដូចយ៉ាងម៉េចទេ ខ្ញុំមើលខ្ញុំ។ ហើយខ្ញុំឃើញតើ! ប្រៀបធៀបសម្ដេចហ៊ុន សែន ទៅស្ដេចកន ស្ដេចអី ហើយខ្ញុំមើល វាអត់ដូច មិនដឹងថាម៉េចឲ្យដូចបាន ខ្ញុំអត់យល់! អាហ្នឹងជាទស្សនៈរបស់គាត់ ខ្ញុំអត់មានយោបល់ទេ ប៉ុន្តែខ្ញុំវាអត់ឃើញដូច ខ្ញុំមើលមិនឃើញដូច ហើយអ្នកផ្សេងក៏ឃើញដូចដែរ ថារូបថតដូចរូបសំណាកនោះដែរ គឺអភិបាលរង មានតែរូបថតមួយ ក៏ថាម៉េចដូចគាត់ម្ល៉េះ? អ៊ីចឹងវាឆ្ងល់ដែរ ចុះម៉េចនិយាយអ៊ីចឹង? មិនយល់ដែរ“។

លោកសុខ លូ បន្តថា “ខ្ញុំអត់ដែលទៅយកមុខអីជាមួយរូបសំណាកទេ វាបានប្រយោជន៍ស្អី? យកមុខបានប្រយោជន៍ស្អី? ខ្ញុំមនុស្សនៅរស់ណា! ចង់និយាយអ៊ីចេះ! ដូច្នេះរឿងរបស់គាត់ តាមតែគាត់ ខ្ញុំអត់មានយោបល់អីទាំងអស់ បើគ្រាន់តែសម្ដេចតេជោ ក៏គាត់ប្រៀបធៀបដែរហ្នឹង គឺប្រៀបធៀបទៅរូបសំណាកស្ដេចកន យើងទៅខ្វល់អីឋានតូចតាចហ្នឹង ខ្ញុំអត់ខ្វល់ទេ រឿងរបស់គាត់។

ប៉ុន្តែការសាងរូបសំណាកនេះ ដើម្បីប្រយោជន៍ទាំងអស់គ្នា ឲ្យស្គាល់វីរបុរសជំនាន់ដើម អាចារ្យពោធិ៍កំបោរ អាចារ្យពៅ គាត់លក់ថ្នាំ លក់អី ដើម្បីឲ្យយើងគោរពបូជា តាំងពីឆ្នាំ១៨០០ប្លាយ អត្ថន័យគឺបែបហ្នឹង ហើយរូបសំណាកអាចារ្យលាក់ ហ្នឹង ខ្ញុំអត់មានផ្ដល់ជាមតិយោបល់អីទេ បង្គាប់បញ្ជាអីទេ ការឆ្លាក់ ការអី គឺធ្វើនៅវត្តកំពង់ធំ ឃើញទាំងអស់គ្នា ប្រជាជនចូលរួម គាត់អ្នកធ្វើ បានគូររូប គឺគូរអ៊ីចឹង ជាងស្មូន គេអ្នកធ្វើតើ អារឿងហ្នឹងមានអីទាក់ទងនឹងខ្ញុំ? ដូច្នេះមិនចាត់ទុកជារឿងអស់សំណើចទេ ប៉ុន្តែពួកហ្នឹងធ្វើអីក៏វាថាខុសដែរ ខ្ញុំអត់មានយោបល់អីទេ តាមតែគាត់ទៅ!“។

គួរបញ្ជាក់ថា រូបសំណាកអាចារ្យលាក់ សាងសង់ឡើង សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកម្ពស់ ៤,៥ម៉ែត្រ ទម្ងន់ប្រហែល ២,៥តោន ផ្នែកខាងមុខ ដៃទាំងសងខាង កាន់ដាវរាងកោង ដកចេញពីស្រោមបន្តិច ក្នុងគោលបំណងបង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូ ឬបង្ហាញពីវីរភាពនៃអ្នកតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេង មានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញឲ្យឃើញថា អាចារ្យលាក់ គឺជាគ្រូមន្តអាគម មើលជំងឺ ចេះផ្សំថ្នាំព្យាបាល និងផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងបំណងបង្ហាញឲ្យឃើញថា នៅពេលលោកអាចារ្យលាក់ ចេញប្រយុទ្ធតស៊ូជាមួយបារាំង ក្រៅអំពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធ ជាស្នា ដែលផ្លែមានលាបដោយពិសពស់ឬផ្លែឈើពុលផ្សេងៗ។

ប្រវត្តិនៃរូបសំណាកអាចារ្យលាក់ គឺរំឭកអំពីប្រវត្តិនៃការតស៊ូនៃមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជំងឺ និងចេះប្រើដាវដែកកំពង់ធំ ចេះក្បាច់គុនខ្លាំងពូកែ។ ប៉ុន្តែនៅខែធ្នូ ឆ្នាំ១៨៦៧ វីរភាពតស៊ូរបស់លោកអាចារ្យលាក់ នាសម័យអាណានិគមបារាំង ត្រូវបានគេចងចាំជានិច្ច ហើយក៏បានប្រសិទ្ធនាមនៅភូមិមួយ នៃកណ្តាលទីរួមខេត្តកំពង់ធំ ថាភូមិអាចារ្យលាក់ និងសង្កាត់មួយថា អាចារ្យលាក់ ទៀតផង។ហេតុនេះហើយ បានជារូបសំណាកអាចារ្យលាក់ មានរូបលក្ខណៈជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជំងឺ។

ថ្លែងទៅកាន់ភ្ញៀវចូលរួមប្រារព្ធពិធីអភិសេករូបសំណាកអាចារ្យលាក់ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នោះ លោកអភិបាលខេត្តកំពង់ធំ សុខ លូ បានពណ៌នាពីសមិទ្ធិនេះថា ដើម្បីលើកកម្ពស់សោភណភាព តម្លៃ ក៏ដូចជារំលឹកគុណប្រយោជន៍នៃមរតកដូនតា នៅក្រុងស្ទឹងសែន ដែលជាទីរួមខេត្តកំពង់ធំ រដ្ឋបាលបាលខេត្តកំពង់ធំ បានសម្រេចឲ្យមានការសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ ដោយសិតពីស្ពាន់ និងលោហធាតុផ្សេងៗដ៏ធំមួយនេះ។ លោកអភិបាលខេត្ត បញ្ជាក់ថា រូបសំណាកអាចារ្យលាក់ ជារបស់យើងទាំងអស់គ្នា កើតចេញពីយើងទាំងអស់គ្នា។

សមិទ្ធផលនេះអាចកើតមាន លុះត្រាប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍ ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃនិងមន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗសិស្សានុសិស្ស បានរួមកម្លាំងសាមគ្គី៕ ដោយ ៖ កុលបុត្រ