សុផា លីនដា ភ្ជាប់ពាក្យបាន៦ខែ ត្រៀមសម្រាលកូនខែក្រោយ

0
93

ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ សុផា លីនដា បានបង្ហាញផ្ទៃពោះជិតគ្រប់ខែ ដ៏សិចស៊ី ត្រៀមសម្រាលកូនស្រីដំបូង នៅខែក្រោយ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរនៅអាមេរិក ជាគូដណ្តឹង កាលពីជិត ៦ខែមុន។

សុផា លីនដា បានឲ្យដឹងថា នៅពេលនេះ នាងកំពុងទន្ទឹងរង់ចាំឃើញមុខកូនស្រីរបស់នាង ដែលនឹងសម្រាលនៅខែក្រោយ ខណ:ដែលពេលនេះ នាងបានពពោះ ជាង៨ខែហើយ។

សុផា លីនដា បានបង្ហោះរូបភាពនិងសំណេរខ្លី ក្នុងគណនីបណ្តាញសង្គម​ហ្វេសប៊ុក របស់នាង នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ថា «ពេលវេលាដែលទន្ទឹងរង់ចាំ នឹងជិតចូលមកដល់នៃការជួបមុខរបស់ my princess ម៉ាក់ៗប៉ាៗ»។

គួរ​រំឭកថា តារាចម្រៀង បង្ហាញម៉ូដ និង​ជា​​ពិធីការិនី​ទូរទស្សន៍ សុផា លីនដា ​បាន​ចាប់​ដៃ​សង្សារ​អាណិក​ជន​ខ្មែរ-អាមេរិក លោកកាំង ប៊ុណ្ណា វ័យ៣០ឆ្នាំ បើក​ភោជនីយដ្ឋាន ​ឈ្មោះ ​«​ខ្ទះ​ពុះ» ដែលមាន​ទីតាំង​នៅ​ផ្លូវ ១៨៥ ផ្ទះ​លេខ៥ សង្កាត់​ទំនប់​ទឹក ខាង​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា ខណ្ឌ​ចម្ការមន ដោយ​ចំណាយ​​ទុន​រួម​គ្នា ​រាប់​​ម៉ឺន​ដុល្លារ។

សុផា លីនដា បានបង្ហាញមុខបុរសជាម្ចាស់ស្នេហ៍ លោកកាំង ប៊ុណ្ណា នៅថ្ងៃ​​សម្ពោធ​ហាង​​ដែលនាង​បាន​​ដាក់​ទុន​រួម​គ្នាជាមួយសង្សារ​នោះតែម្តង ដោយនាងបញ្ជាក់ថា នាងបានចូលហ៊ុនគ្នា បើកហាងរកស៊ី ក្រោយពីបានស្គាល់គ្នាជិត ៩ខែ រហូតសម្រេចភ្ជាប់ពាក្យ និងគ្រោងរៀបការនៅចុងឆ្នាំ២០២១​។​

សុផា លីនដា បានភ្ជាប់ពាក្យជាមួយបុរសជាសង្សារ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ហើយក្រោយភ្ជាប់ពាក្យបានជិត ៦ខែ មិនទាន់ឃើញរៀបការផង ស្របពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងនោះ ស្រាប់តែសុផា លីនដា បង្ហាញផ្ទៃពោះជិតគ្រប់ខែ ដោយបញ្ជាក់ថា​ នាងត្រៀមសម្រាលកូនស្រីដំបូង នៅខែក្រោយនេះហើយ។

អ្នកសិល្បះរួមអាជីពជាច្រើន សរសើរថា តារាស្រីរូបនេះ ទោះបីមានផ្ទៃពោះ ក៏សម្រស់នៅតែស្អាតផូរផង់​ ហើយពួកគេបានជូនពរនាងនិងកូនក្នុងផ្ទៃ ឲ្យមានសុខភាពល្អ និងសម្រាលដោយសុវត្ថិភាពទាំងម្តាយនិងកូន នៅពេលខាងមុខ៕