សម្តេច ហ៊ុន សែន ៖ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច

0
67

កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនសារផ្ទាល់មាត់ អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលអ្នកខ្លះស្តាប់សម្លេងទៅ ឮហត់ខ្លាំង ហាក់ដូចកំពុងមានជម្ងឺ ប៉ុន្តែនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា សម្តេច មិនមានជំងឺអ្វីនោះទេ គ្រាន់តែឯកាបន្តិច អំឡុងកំពុងធ្វើចត្តាឡីស័ក។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រិនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារថា “សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះ ជាថ្ងៃទី៤ នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅសម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហម ដោយកម្លាំងកងទ័ព។

មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែន តែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិច ព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធ អត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការធម្មតា មិនមានអ្វីរាំងស្ទះឡើយ”។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលីរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ សម្តេច ហ៊ុន សែន ត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ៕