ហ៊ិន ច័ន្ទនីរ័ត្ន ស្នេហ៍ពិតឬក្លែងក្លាយ?

0
109

ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញភាពស្និទ្ធស្នេហ៍ជាមួយបុរសរូបសង្ហា លេងសាក់ លោកចេនី ដូចគូសង្សារ ព្រោះតែមានពេលខ្លះ អ្នកទាំង២ ទៅដើរលេងកម្សាន្ដជាមួយគ្នាតែពីរនាក់ដែរនោះ មិនទាក់ទងការងារសិល្បៈឡើយ។

ការដែលស្រីស្រស់ នីរ័ត្ន ទុកចិត្តលើម្ចាស់បទ ”បុរសម្នាក់នេះសំខាន់នៅពេលណា?”​និងបទ​”អាក្របី”​បន្ទាប់ពីពួកគេបានជួបគ្នានៅកម្មវិធីមួយ ហើយក្រោយមកស្រាប់តែស្និទ្ធស្នាលគ្នា ពីមួយថ្ងៃ​ ទៅមួយថ្ងៃ រហូតធ្វើឲ្យប្រុសៗទាំងឡាយដែលលួចស្នេហ៍ច័ន្ទនីរ័ត្ន ជាច្រើនឆ្នាំទៅហើយនោះ ច្រណែននឹងលោកចេនី  ជាខ្លាំង ព្រោះថាទោះជាប្រឹងប្រជែងស្នេហ៍យ៉ាងណា ក៏ ”ស្នេហ៍មិនឈ្នះស្និទ្ធ” ដែរ។

ហ៊ិន ច័ន្ទនីរ័ត្ន មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីពេលថ្មីៗនេះ ព្រោះលេខទូរស័ព្ទទាក់ទងមិនបានឡើយ។ ដោយឡែក លោកចេនី ក៏មិនអាចទាក់ទងបានដែរ។

ចំណែកមិត្តភក្ដិច័ន្ទនីរ័ត្ន នៅក្នុងចង្កោមសិល្បៈវិញ ក៏មានការចាប់អារម្មណ៍និងតាមដានសកម្មភាពរបស់ពិធីការិនីធ្មេញច្រពើសរូបនេះខ្លាំងដែរក្រោយពេលដែលនីរ័ត្ន និងលោកចេនី បានបញ្ចេញសារស្នេហាឆ្លងឆ្លើយគ្នាជាចំហ តាមបណ្ដាញសង្គម។

អ្នកខ្លះបានសរសើរនីរ័ត្ន ថា ពូកែរកបានសង្សារថ្មីប្រុសសង្ហា ដែលសក្តិសមជាមួយនាង តែអ្នកខ្លះទៀតបែរជាសម្ដែងការហួសចិត្តចំពោះច័ន្ទនីរ័ត្ន ដែលភ្ជាប់ស្នេហ៍ជាមួយលោកចេនី ទៅវិញ ដោយពួកគេបានលើកឡើងថា តារាសម្ដែងនិងពិធីការិនីរូបនេះ មានជម្រើសស្នេហ៍ច្រើនណាស់ ក្នុងនោះ​មានមន្រ្ដីធំៗ និងអ្នកជំនួញទ្រព្យស្ដុកជាច្រើនចង់បានបេះដូងនាង ហើយឲ្យតែនីរ័ត្ន ព្រមឆ្លើយ Ok នោះ តំណែងជំទាវ ឬការចង់សោយសុខលើគំនទ្រព្យនោះ​ប្រាកដជាមិនពិបាកឡើយសម្រាប់រូបនាង។

ប៉ុន្តែនីរ័ត្ន ហាក់មិនអើពើជាមួយការសាងស្នេហ៍ដោយលោតឆត្រជាថ្នូរលុយ ឡាន និងវីឡា ឡើយ ហើយមជ្ឈដ្ឋានអ្នកសិល្បៈ អ្នកណាក៏បានដឹងដែរថា ពិធីការិនីដ៏មានមន្ដស្នេហ៍រូបនេះ ស្នេហ៍តែប្រុសរូបសង្ហា ហើយបុរសដែលបានបេះដូងនាងពិតជាមានសំណាងធំ ព្រោះថា តារាតូចច្រឡឹងរូបនេះមិនយកលុយជាធំឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន ជាអតីត Freshie លេខ១ កាលពីឆ្នាំ២០០៧ ដែលសម្រស់របស់នាង ធ្វើឲ្យប្រុសៗទាំងឡាយតែងតែជ្រួលជ្រើមដណ្ដើមគ្នាសុំស្នេហានាង ពេលដែលនីរ័ត្ន ទៅបង្ហាញខ្លួននៅទីណា។

អ្វីដែលចម្លែក កន្លងមក ច័ន្ទនីរ័ត្ន បែរជាប៉ះស្នេហាមិនសូវសមប្រកបជាច្រើនលើកច្រើនសាមកហើយ ដូចជាធ្លាប់លេចឮថា នាងបានសាងស្នេហ៍ជាមួយលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក, ឯកឧត្តមក្មេង ពិសិដ្ឋ, កូនមន្រ្ដីធំដែលបានរៀបការចោលនាង កាលពីឆ្នាំ២០១៧ និងបុរសរូបសង្ហាម្នាក់ ជិះ Range Rover ពណ៌ខ្មៅ ជាមួយនាងជាញឹកញាប់។

ប៉ុន្តែនីរ័ត្ន មិនដែលចេញមកបកស្រាយរឿងស្នេហាខាងលើទេ ខណៈដែលកន្លងមក នៅពេលសួររឿងប្រុសស្អាត ជិះ Range Rover ជាមួយនាងនោះ ស្រីស្រស់តូចតន់រូបនេះ ធ្លាប់និយាយថា នាងរកនឹកមិនឃើញឡើយ។

ទោះជាយ៉ាងណា ពិធីការិនីបាយ័ន រូបនេះ ធ្លាប់បង្ហើបថា ពេលនេះចិត្តនាងចង់រៀបការ ៥០% មិនចង់រៀបការ ៥០% ប៉ុន្ដែនាងអាចលាភាពនៅលីវត្រឹមអាយុ៣០ឆ្នាំ ខណៈដែលឆ្នាំនាងមានអាយុ២៨ឆ្នាំហើយ។

សំណួរដែលមហាជនចង់ដឹងថា តើបុរសដែលហ៊ិន ច័ន្ទនីរ័ត្ន នៅរារែកចិត្តចង់រៀបការត្រឹមតែពាក់កណ្ដាលនោះ ជាលោកចេនី ឬប្រុសផ្សេង?

ការលើកឡើងបែបនេះ ព្រោះតែអ្នកខ្លះសង្ស័យថា នីរ័ត្ន អាចបង្ហាញស្នេហ៍ស្និទ្ធជាចំហជាមួយម្ចាស់បទ ”អាក្របី” តែតាមពិត នាងមានជម្រើសស្នេហ៍បុរសមិនបើកមុខណាម្នាក់ទៀតច្រើនជាង៕ ដោយ ៖ ហ៊ឹម វិចិត្រ