ផ្លូវចំណេញ

0
126

ដោយ អាចារ្យថាំ

លេចធ្លាយព័ត៌មានថា លោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង បាន ចេញបញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទ ចុះពិនិត្យ ស្រាវជ្រាវរកមុខបុគ្គលថ្លើមធំ ដែលហ៊ានយកគ្រឿងចក្រឈូសឆាយធ្វើផ្លូវ កាត់ព្រៃ នៅចំណុចអូរពងទូ តភ្ជាប់ ពីភូមិពូត្រុម សង្កាត់រមនា នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ប៉ុន្តែរកមុខអត់ទាន់ឃើញទេ ឮតែសឹបរសៀបថា អ្នកធ្វើផ្លូវនោះ ខ្នងក្រាស់ណាស់ បុណ្យស័ក្តិត្រឹមចៅហ្វាយខេត្ត គាត់អត់ព្រឺរោមទេ។

ករណីនេះ មកពី “ផ្លូវចំណេញ” ទើបគេចំណាយលុយធ្វើ បើធ្វើ “ផ្លូវអត់ ចំណេញ” តើធ្វើបានប្រយោជន៍អី? ផ្លូវចំណេញ នៅត្រង់ព្រៃនោះ សម្បូរដើមឈើ សំណង់ល្អៗ ចំណែកប្រជាពលរដ្ឋ ក៏ត្រេកអរដែរ ព្រោះបានផ្លូវស្រួលចូលព្រៃរក ផ្តៅ វល្លិ ដកផ្សិត រកឃ្មុំ។ ប្រជារាស្ត្រចំណេញល្មមទេ តែអ្នកធ្វើផ្លូវ “ចំណេញ កប់ក្តោង” ព្រោះផ្លូវដែលមានចម្ងាយជាង ៣គីឡូម៉ែត្រនោះ រកស៊ីកាក់កបណាស់។

សួរថា ពេលគ្រឿងចក្របើកបរគគ្រឹកគគ្រេង ឈូសឆាយព្រៃ ធ្វើផ្លូវ តើ “មេភូមិ ចៅសង្កាត់” អត់មានភ្នែកត្រចៀក មើលឃើញស្តាប់ឮទេឬ? បានជា បណ្តោយឱ្យគេធ្វើបាន? ឬមួយអ្នកធ្វើនោះ បង្ហាញសំបុត្រស្នាម បោះត្រាប៉ុនចាន គោម?

អាចថាមកពី “វប្បធម៌ថ្នាក់ក្រោមខ្លាចថ្នាក់លើ” លុះគេប្រាប់ថា មានការ អនុញ្ញាតពីថ្នាក់លើឱ្យធ្វើ ទើបមេភូមិ អត់ហ៊ានក្អក។ ដល់ចៅហ្វាយខេត្ត បញ្ជា ឱ្យស្រាវជ្រាវ អាចនឹងវ័ណ្ឌកដល់មេភូមិឯណោះ ដែលជាលទ្ធផលខ្លាចថ្នាក់លើ ហ្នឹងឯង។

សព្វថ្ងៃ ផ្លូវលំក្រហេងក្រហូង តាមស្រុកភូមិនានា នៅរាប់រយខ្សែ អត់ទាន់ មានការកែលម្អ ជួសជុល ចាក់កៅស៊ូ ឬបេតុងនៅឡើយ ទោះបីជាអ្នកស្រុក អ្នកភូមិអង្វរករយ៉ាងណា ក៏អត់ឃើញធ្វើ ទុកឱ្យរាស្ត្រជួបការលំបាក បើកម៉ូតូដួល បែកមុខក៏មាន។

ចុះបើអ្នកមានអំណាច មានលុយនោះ បង្វែរមុខព្រួញពីធ្វើផ្លូវកាត់ព្រៃ ងាក ទៅជួយកសាងផ្លូវលំនោះ តើបានទេ?

“នគរធំ” អាចឆ្លើយបានថា “ផ្លូវលំអត់ចំណេញដល់ហោប៉ៅគាត់” គាត់មិន ធ្វើទេ ព្រោះសម័យនេះ “បញ្ហាជាតិ” ត្រូវបុគ្គលខ្លះ ដាក់ទៅកៀនជញ្ជាំង។ គេ គិតតែប្រយោជន៍ផ្ទាល់ខ្លួន រកស៊ីដេញជើងគ្នា អត់ខ្វល់ពីផលវិបាកដល់សង្គម ឃើញឧកញ៉ាខ្លះ កាប់ឈើលក់បាន ទើបបុគ្គលខ្លះទៀត ធ្វើតាម ទៅធ្វើផ្លូវកាត់ ព្រៃ ដែលច្បាប់ហាមឃាត់។

ឧបមាថា គាត់ជួលគ្រឿងចក្រឈូសឆាយផ្លុវក្នុងព្រៃនោះ អស់ ១ម៉ឺនដុល្លារ ចុះបើគាត់បង្វែរ ១ម៉ឺនដុល្លារហ្នឹង ទៅសាងសង់ផ្លូវកាត់ភូមិឋាន មានប្រជាជន រស់នៅកុះករ តើបានទេ?

“មិនអាចទេ” ព្រោះផ្លូវនោះ អត់ចំណេញដល់គាត់ ទុកឱ្យនៅក្រហេងក្រហូង បែកភក់បែកផុតអ៊ីចឹងទៅ។ ចំពោះផ្លូវកាត់ព្រៃ ដែលចំណាយលុយ ១ម៉ឺនដុល្លារ នោះ គាត់កាប់ឈើតែពីរបីថ្ងៃក៏អាចស្រង់ដើមរួច និងឈានទៅចំណេញច្រើន បើកាប់ឈើបានរាប់ខែ ខណៈដែលមេភូមិ មេឃុំ ចៅសង្កាត់ ក្លាយជាកណ្តុរគ្រប់គ្នា។

“ផ្លូវចំណេញ” កំពុងកម្រើកខ្លាំងនៅតាមតំបន់ព្រៃ ដែលសម្បូរឈើប្រណីត រីឯ “ផ្លូវអត់ចំណេញ” កាន់តែក្រហេងក្រហូងខ្លាំង នៅតំបន់ណាដែលមានប្រជា- រាស្ត្ររស់នៅកុះករ។

បើគិតពីរឿងបុណ្យបាប អ្នកធ្វើផ្លូវ ជូនជាតិ បម្រើប្រជាជនបានឆ្លងកាត់ នឹងបានកុសលផលបុណ្យខ្ពស់ ដូច “មឃមាណព” ដែលទៅកើតជាព្រះឥន្ទ្រាធិរាជ ដោយសារអានិសង្សធ្វើផ្លូវ។ ផ្ទុយទៅវិញ អ្នកសង់ផ្លូវ កាប់ឈើលក់ ដូចត្រួស-ត្រាយផ្លូវទៅឋាននរក ដែលមានយមបាលចាំមកនាំគាត់ទៅ…៕