ព្រះនាងស្រីគ្រប់លក្ខណ៍ ចូលសណ្ឋិត ក្រមុំចិត្តសទ្ធាជ្រះថ្លា បួសជាដូនជី

0
139

ភ្នំពេញ ៖ នារីក្រមុំព្រហ្មចារីម្នាក់ បានអះអាងថា ខ្លួនព្រះនាងស្រីគ្រប់លក្ខណ៍ ចូលសណ្ឋិត មានចិត្តសទ្ធាជ្រះថ្លា រក្សាសីល បួសជាដូនជី ខណ:គ្រួសារមានជីវភាពខ្វះខាត រហូតលេចឮដល់ថៅកែពេជ្រចិត្តធម៌ ទ្រី ដាណា កើតការអាណិតអាសូរ ជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ជួយសម្រេចបំណងនាំការរក្សាសីលរបស់ស្រីក្រមុំនេះ។

តាមប្រភពលោកស្រីទ្រី ដាណា ថៅកែហាងពេជ្រ និងក្រុមហ៊ុន NNP បានឲ្យដឹងថា គ្រួសារក្រមុំព្រះនាងស្រីគ្រប់លក្ខណ៍ ចូលសណ្ឋិតនេះ មានជីវភាពលំបាកណាស់ រស់នៅផ្ទះជួលគេ ៣នាក់ម្ដាយនិងបងស្រី ហើយនាងក្រមុំ អាយុ២៥ឆ្នាំនេះ កាន់សីលជាប់ ស្លៀពាក់ស (ជួនកាលតែងខ្លួនជាព្រះនាងស្រីគ្រប់លក្ខណ៍) ហូបអាហារបួស និងចូលចិត្តធ្វើបុណ្យ សែនផ្លែឈើច្រើនៗ រាល់ថ្ងៃសីល ជាដើម។

លោកស្រីទ្រី ដាណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ថា «មានអារម្មណ៍ថា អាណិត ហើយក៏មានចម្ងល់ជាច្រើន។ ខ្ញុំស្ដាប់បងស្រីគាត់ហើយ ទើបដឹងរឿង មិនចាប់អារម្មណ៍ទេ កាលមុន តែអ្នកក្នុង Tiktok ចេះតែប្រាប់ថា ឱ្យជួយគាត់ ហើយឃើញបងស្រីគាត់ ឆាតមកខ្ញុំដែរ។ គ្រួសារគាត់លំបាកណាស់ ជួលផ្ទះគេនៅ ៣នាក់ ម្ដាយ ប្អូនស្រីក្នុងរូប និងបងស្រី ដែលថតនាងរាល់ថ្ងៃនោះ។ រាល់ថ្ងៃ គ្រួសារប្អូនស្រីកំពុងខ្វះខាត ព្រោះប្អូនស្រីកាន់សីលជាប់ ហូបបួស ចូលចិត្តធ្វើបុណ្យ សែនផ្លែឈើច្រើនៗ រាល់សីល ដល់ទៅ ៨ទិស។

បើតាមស្ដាប់ដំណើររឿង បងស្រីគាត់ប្រាប់នោះ គឺប្អូនស្រី ចាប់ផ្ដើមមានបញ្ហា កាលខែ១២ ឆ្នាំ២០១៩។ កាលនោះ ពួកគាត់រើទៅជួលផ្ទះថ្មី នៅប៉ោយប៉ែត បានប្រហែល ២ខែ ស្រាប់តែប្អូនស្រីចាប់ផ្ដើមនិយាយប្លែកៗ ហើយយំសុំទៅកោរសក់បួសនៅវត្ត ជាដូនជី រហូត តែម្ដាយ និងបងស្រីគាត់នោះ អត់ព្រមទេ ចង់យកទៅព្យាបាល តែចាប់គាត់មិនឈ្នះ»។

លោកស្រី ទ្រី ដាណា បន្តថា «ប្អូនស្រីនោះ គាត់និយាយរឿងព្រះនាង និយាយរឿងពីបុរាណ តាំងពីសម័យលង្វែកឱ្យស្ដាប់ និងប្រាប់ឱ្យម្ដាយ បងស្រី ហៅខ្លួនថាព្រះនាង។ បងនាងថា ឃើញប្លែកបែបនេះ ភ័យណាស់ សួរអ្នកជិតខាង ទើបដឹងថា កន្លែងនេះ ធ្លាប់មានអ្នកមកនៅ សុទ្ធតែមានបញ្ហារឿងគេចូលរូប ទាល់តែលេងភ្លេង រើចេញ ទើបរួចខ្លួន។ ម្ដាយប្អូនស្រីនេះ ចង់រើចេញដែរ តែនាងមិនព្រមចេញដាច់ខាត សុខចិត្តស្លាប់ ក៏មិនចេញ ទើបម្ដាយ និងបងស្រី ទ្រាំមើលនាងរាល់ថ្ងៃ។ នាងចាប់ផ្ដើមស្លៀកពាក់ចម្លែក តាមបែបបុរាណ ធ្វើបុណ្យ នៅក្នុងបន្ទប់សមាធិ ហើយមិនហូបសាច់ទេ រាល់ថ្ងៃហូបតែបាយ និងបន្លែ។

គាត់និយាយរឿងពីដើម ហើយថា ចង់ទៅលេងផ្ទះខ្លួនឯង សុទ្ធតែប្រាសាទ។ ទើបប៉ុន្មានថ្ងៃមុន មានគេជូនទៅ គាត់សប្បាយចិត្តណាស់ ដើរមើលគ្រប់កន្លែង។ ដល់អ៊ីចឹង ខ្ញុំឆ្ងល់ដែរ។ សួរបងស្រីគាត់ ឥឡូវចង់ព្យាបាល ឬយ៉ាងណា? គាត់ថា កាលដំបូង ចង់ព្យាបាលដែរ តែមើលទៅប្អូនស្រីចិត្តជ្រះថ្លាពិតប្រាកដ ណាមួយមានគ្រូមើលថា ៣វស្សា គេនឹងចេញវិញ ទើបមិនហ៊ានបំពាន ឥឡូវបានជិត ២វស្សាហើយ»។

លោកស្រី ទ្រី ដានា បន្តទៀតថា «ពេលនេះ អ្វីដែលខ្ញុំអាចជួយបាន គឺផ្ដល់ថវិកាជូនគាត់ ដើម្បីទុកទំនុកបម្រុង ទិញសម្លៀកបំពាក់បុរាណ តាមចិត្តគាត់ និងទិញផ្លែឈើ គ្រឿងរណ្ដាប់សែន បំពេញបំណងគាត់សិន។ ម្យ៉ាងទៀត គាត់ចូលចិត្តធ្វើបុណ្យ នាងខ្ញុំនឹងជូនបច្ច័យដល់គាត់ ដើម្បីធ្វើបុណ្យជាមួយគ្នា ឱ្យគាត់ចែករំលែកដល់ចាស់ជរា ដូចគាត់ចង់ធ្វើ ព្រោះបងស្រីគាត់ថា អង្ករទិញមក គាត់យកទៅចែកគេអស់រហូត។

គាត់មានបំណងធំមួយទៀត គឺចង់មកលេងកន្លែងគាត់ នៅប្រាសាទស្រីគ្រប់លក្ខណ៍ នៅភ្នំបាសិត។ ខ្ញុំឱ្យគេឆែកមើល ថាមានមែន។ អ៊ីចឹងខ្ញុំបំពេញបំណងគាត់ តែឥឡូវជិតចូលវស្សា គាត់នៅបួសរហូតដល់ចប់ ៣ខែសិន ទើបអាចធ្វើដំណើរបាន។ ឆ្ងល់ថា គាត់ស្គាល់កន្លែងអ៊ីចឹងៗតាមណា បើតាមបងស្រីគាត់ថា ប្អូនស្រី អត់ដែលបានដើរច្រើនទេ នៅតែផ្ទះ ជាមួយគ្នា តាំងពីតូច។ គ្នារៀនសូត្របានតិចដែរ ដោយសារជីវភាពគ្រួសារ ហើយម្ដាយក៏ថាដែរ នាងមិនដែលមានស្នេហា សង្សារអីទេ រហូតដល់មានបញ្ហានេះ ឥឡូវអាយុ ២៥ឆ្នាំហើយ។

សង្ឃឹមថា បំពេញបំណងគាត់រួច គាត់បានធូរស្បើយផ្លូវចិត្ត ហើយបើជាបារមីកាន់មែន សូមជួយឱ្យប្រជាជនខ្មែរ បានសុខទាំងអស់គ្នា ជួយការពារពីចម្ងាយ សូមកុំតាំងនៅយូរពេក ព្រោះជីវភាពគ្រួសារនាង មិនអំណោយផលឡើយ»៕ ខៀវទុំ