Friday, April 26, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ថាមិនដែលប៉ងងារជំទាវ

កែវ ពេជ្រពិសី ថាមិនដែលប៉ងងារជំទាវ

កែវ ពេជ្រពិសី ដែលជាតារាសម្ដែងល្បីល្បាញម្នាក់នោះបានឲ្យដឹងថាទោះជានាងធ្លាប់មានជម្រើសស្នេហ៍ច្រើនក្ដី ប៉ុន្ដែនាងមិនដែលប៉ងចង់បានតំណែងជំទាវឡើយ គឺចង់តែបង្កើតគ្រួសារយ៉ាងសាមញ្ញមួយមានប្ដីកូនដូចគ្រួសារគេដ៍ទៃទៀតប៉ុណ្ណោះ។ប៉ុន្ដែនាងថាចំពោះតារាឬអ្នកផ្សេងទៀតដែលបានក្លាយទៅជាជំទាវនោះនាងមានតែការអបអរសាទរនូវភ័ព្វព្រេងវាសនារបស់ពួកគាត់ព្រោះមនុស្សម្នាក់ៗមានខ្សែជីវិតមិនដូចគ្នានោះទេ។

ការអះអាងរបស់កែវ ពេជ្រពិសី បែបនេះក្រោយពីទស្សនិកជនកត់សម្គាល់ឃើញថាមានអតីតតារាមួយចំនួនពេលនេះបានក្លាយទៅជាជំទាវដោយខ្លះបានស្វាមីជាលោកឧកញ៉ា និងឯកឧត្តមក្នុងនោះមានដូចជាអ្នកនាងស្រីតូច ចំណាន ,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,លី យ៉ាណា,កែវ ពិសី និងផាន់ ម៉ូនីកា ជាដើម។ដោយឡែកពេជ្រពិសី វិញកន្លងមកក៍ធ្លាប់លេចឭថាមានមន្រ្ដីធំៗតាមស្នេហ៍ដែរ ប៉ុន្ដែបែជានាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ទៅវិញ។

ពេជ្រពិសី បានទទួលស្គាល់ថាធ្លាប់តែលេចឭថាមានមន្រ្ដីធំផ្កាយ២ ផ្កាយ៣ អីចឹងមែនតាមស្រលាញ់នាង តែអ្នកទាំងនោះមិនច្បាស់លាស់ទេ ហើយនាងជាមនុស្សត្រូវការអ្នកដែលពិតប្រាកដមិនចូលចិត្តអ្នកកុហក់ឡើយ ហេតុនេះហើយបានជាសម្រេចចិត្តភ្ជាប់ស្នេហ៍ថ្មីជាមួយលោកសម្បត្តិ ដែលជាបុរសម្នាក់មានភាពស្មោះត្រង់ស្រលាញ់នាងនិងក្រុមគ្រួសារ។នាងថាបានស្គាល់អនាគតស្វាមីលោកសម្បត្តិ តាំងពីឆ្នាំ២០០៨ម្លេះ ប៉ុន្ដែទើបមានទំនាក់ទំនងស្រលាញ់គ្នានៅរយៈពេល៣ទៅ៤ឆ្នាំក្រោយនេះទេ។ដោយសារតែមានភាពប្រាកដជាមួយគ្នាហើយទើបនាងនិងលោកសម្បត្តិ បានភ្ជា​ប់ពាក្យហើយពេលនេះបានក្លាយទៅជាគូដណ្ដឹងគ្នាទៅហើយ។

គូរបញ្ជាក់ថាកែវ ពេជ្រពិសី ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលីលោកចន្ថា ស្រី កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០០៩ តែចំណងស្នេហាឆ្លងទ្វីបនេះក៍បានដើរដល់ផ្លូវបញ្ចប់នៅឆ្នាំដដែលធ្វើឲ្យពេជ្រពិសី រស់នៅក្នុងជីវិតជាស្រី្ដមេមាយរយៈពេលជាង១១ឆ្នាំមកហើយទើបនាងព្រមបើកបេះដូងទទួលយកស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យដែលមានចាស់ទុំទាំងសងខាងដឹងឭ។ទោះជាយ៉ាងណាពេជ្រពិសី មិនទាន់ហ៊ានកំណត់ថ្ងៃចូលរោងការជាក់លាក់នោះទេព្រោះតែកូវីដ-១៩មិនទាន់ស្ងាត់នេះ។នាងថាឲ្យតែស្ងប់កូវីដភ្លាមនោះនឹងអាចរៀបចំមង្គលការតាមប្រពៃណីខ្មែរបានហើយ ខណៈដែលពេលនេះគូដណ្ដឹងរបស់នាងក៍នៅស្រុកខ្មែរព្រោះគាត់មានមុខជំនួញមួយនៅទីនេះ។

ក្រៅពីកែវ  ពេជ្រពិសី តារាដែលធ្លាប់ជួបជីវិតស្នេហ៍ប្រេះឆាមានដូចជាអ្នកនាងចន ច័ន្ទលក្ខិណា,ស៊ឹម សូលិកា ,អឿន ស្រីមុំ,ឈួន សុវណ្ណឆៃ ,សុខ សោម៉ាវត្តី ,កែវ និសា,ប៉ាច គីមមួយ  និងសុខ ស្រីនាង ជាដើម។ចំពោះពេជ្រពិសី វិញនាងថាពេលរៀបការរួចមិនទាន់សម្រេចចិត្តថាតើនឹងចេញទៅរស់នៅតាមអនាគតស្វាមីនៅកាណាដា ឬក៍នៅស្រុកកំណើតនោះទេ ប៉ុន្ដែចិត្តនាងចង់នៅស្រុកខ្មែរច្រើនជាង។

កែវ ពេជ្រពិសី បានផ្អាកអាជីពសិល្បៈ ជាច្រើនឆ្នាំមកហើយដោយផ្ដោតទៅការរកស៊ីបើកហាងសម្អាងការ តែដោយសារតែពិធីមង្គលការទាំងឡាយត្រូវបានរំលសាយនិងលើកពេលដោយសារតែជំងឺកូវីដនោះទើបធ្វើឲ្យពិសី ក៍ដូចជាអ្នករកស៊ីផ្នែកនេះមួយចំនួនទៀតដែរធ្លាក់ប្រាក់ចំណូលស្ទើតែទាំងស្រុងតែម្ដង។ទោះជាយ៉ាងណាពេជ្រពិសី នៅតែដាក់គោលដៅថាចំពោះនាងការរកស៊ីជាជំហានទី១ ចំណែកអាជីពសិល្បៈជាជម្រើសទី២។

ពេជ្រពិសី ថាកាលពីពេលថ្មីៗនេះមានផលិតកម្មមួយចំនួនបានហៅនាងឲ្យថតសម្ដែងភាពយន្ដវិញដែរ ប៉ុន្ដែដោយសារតែគេឲ្យតួនោះមិនសាកសមនាងលេងទើបនាងត្រូវអាកខានថភាពយន្ដប្រហែលជា៥រឿង។នាងបន្ថែមថាតាំងពីស្គាល់គូដណ្ដឹងមកលោកសម្បត្តិ បានណែនាំឲ្យនាងយល់ដឹងច្រើនពីការធ្វើអាជីវកម្មហេតុនេះហើយនាងចង់ផ្ដោតលើការធ្វើជំនួញច្រើននៅពេលខាងមុខ។តែអាជីពសិល្បៈនាងនៅតែស្រលាញ់ដដែលព្រោះការដែលមានគេស្គាល់និងគាំទ្រនាងរហូតមកដល់ពេលនេះគឺដោយសារតែអាជីពសិល្បៈនេះឯង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES