UN អំពាវនាវឲ្យបញ្ឍប់នាំអាវុធចូលមីយ៉ាន់ម៉ា និងគោរពលទ្ធផលបោះឆ្នោត

0
333

កាលពីថ្ងៃសុក្រទី ១៨មិថុនា ២០២១ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់នាំចូលអាវុធទៅប្រទេសមីយ៉ាន់ម៉ា និងទទូចឲ្យយោធាមីយ៉ាន់ម៉ា គោរពលទ្ធផលនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងដោះលែងអ្នកនយោបាយដែលជាប់ឃុំ រួមទាំងលោកស្រី អ៊ុងសាន ស៊ូ ជីផង។ នេះបើយោងតាមការចេញផ្សាទីភ្នាក់ងារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

មហាសន្និបាតអង្គការសហប្រជាតិបានអនុម័តសេចក្តីសម្រេច ដោយមានការគាំទ្រពីប្រទេសចំនួន ១១៩។ បេឡារុសគឺជាប្រទេសតែមួយដែលបានទាមទារ ឲ្យមានការបោះឆ្នោត ហើយក៏ជាប្រទេសតែមួយគត់ ដែលបានបោះឆ្នោតជំទាស់ផងដែរ។ ប្រទេសចំនួន ៣៦ ដែលក្នុងនោះមានចិន និងរុស្ស៉ីបានធ្វើអនុប្បវាទ ។​ជាមួយគ្នានេះដែរ សមាជិក របស់អង្គការខាងលើនេះ ចំនួន៣៧ បានសម្រេចចិត្តមិនបោះឆ្នោត។

ក្នុងតំបន់អាស៊ាន ប្រទេសព្រុយណេ កម្ពុជា ឡាវនិងថៃ អនុប្បវាទខណៈប្រទេសឥណ្ឌូណេស៊ី  ម៉ាឡេស៊ី សិង្ហបុរី  ហ្វីលីពីននិងវៀតណាមបានបោះឆ្នោតគាំទ្រ។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tun ដែលនិយាយតំណាងអោយរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោតរបស់ប្រទេសនេះក៏បានបោះឆ្នោតយល់ព្រមដែរ។

សេចក្តីព្រាងដំបូងរបស់ UN បានបញ្ចូលភាសាធ្ងន់ៗ ដោយរួមបញ្ចូលទាំង ការដាក់ទណ្ឌកម្មសព្វាវុធលើមីយ៉ាន់ម៉ា ប៉ុន្តែ ប្រទេសចំនួន ៩ របស់អាស៊ាន បានសំណូមពរឲ្យលុបចោល ។ ដូច្នេះនៅក្នុងសេចក្តីសម្រេចខាងលើ ដែលត្រូវបានអនុម័ត UN បានត្រឹមអំពាវនាវឲ្យរដ្ឋជាសមាជិក ទប់ស្កាត់លំហូរអាវុធចូលទៅកាន់មីយ៉ាន់ម៉ា។

ដំណោះស្រាយរបស់UN នេះដែរក៏បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ា ឲ្យ បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធីនិងបញ្ចប់ការរឹតដ្បិតសេរីភាពព័ត៌មាន លើអ៊ិនធរណេតនិងបណ្តាញសង្គម។

មហាសន្និបាតក៏បានអំពាវនាវផងដែរដល់ប្រទេសមីយ៉ាន់ម៉ាឱ្យអនុវត្ត គោលការណ៍ប្រាំចំណុចដែលរបបយោធាបានយល់ព្រមជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ាន កាលពីខែមេសាដើម្បីបញ្ឈប់អំពើហឹង្សានិងចាប់ផ្តើមការសន្ទនាជាមួយគូប្រជែងរបស់ខ្លួន។

តាមពិតទៅ សេចក្តីសម្រេចរបស់មហាសន្និបាត UN ពុំមែនជាកាតព្វកិច្ច ច្បាប់ដែល ត្រូវតែអនុវត្ត នោះទេ ប៉ុន្តែវាមានទម្ងន់ផ្នែកនយោបាយ  ហើយមិនដូចក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកតែ ១៥ប្រទេសគឺគ្មានប្រទេសណាមួយមានសិទ្ធិប្រឆាំង(វេតូ) ដើម្បីបង្អាក់សេចក្តីសម្រេចនោះទេ៕