Friday, April 26, 2024
Homeបរិយាយខ្លាចបាតុកម្ម

ខ្លាចបាតុកម្ម

ដោយ អាចារ្យថាំ

ក្រសួងការងារ បានចេញសេចក្តីព្រមាន ជាអាទិ៍ថា “សហជីព ត្រូវដោះស្រាយ លើតុចរចា ចៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សាបំផ្លិចបំផ្លាញ សម្បត្តិសាធារណៈនិងឯកជន…”។

ការព្រមាន ឬថ្លែងការណ៍នេះ មានន័យថា “ខ្លាចបាតុកម្ម” ដែលផ្នែកសហជីព នានា ដឹកនាំធ្វើ ឬនាំកម្មករ-កម្មការិនី ធ្វើការតវ៉ាបិទផ្លូវជាតិ ធ្វើឱ្យស្ទះចរាចរណ៍ រាប់ម៉ោង ជួនកាលក៏មានការវាយបំផ្លាញសម្ភារៈរោងចក្រ។

បើ “ខ្លាចបាតកម្ម” ត្រូវរកវិធីសាស្ត្រ “ទប់ទល់បាតុកម្ម” ដោយសន្តិវិធី ល្អ ជាងការព្រមានចាប់ខ្លួន ឬដេញចេញពីការងារ ព្រោះវិធីនេះ ឃើញអនុវត្តរាប់ ឆ្នាំមកហើយ គ្មានប្រសិទ្ធភាព។ របៀបទប់បាតុកម្ម គេត្រូវសិក្សាស្រាវជ្រាវឱ្យ ហ្មត់ចត់ពី “ប្រភពបាតុកម្ម” តើវាបណ្តាលមកពីអ្វី? បើរកឃើញថា “មកពីថៅកែ រោងចក្រ មិនបើកលុយឱ្យកម្មករ” តែបែរជា “ដាក់ខែឱ្យអាជ្ញាធរ” គួរតែស៊ើប អង្កេត បង្ហាញមុខអ្នកលេបលុយដាក់ខែនោះឱ្យឃើញ។ កន្លងមក គេសម្គាល់ បានថា រវាងថៅកែរោងចក្រនិងអាជ្ញាធរ ល្អូកល្អិននឹងគ្នាណាស់ ផ្ទុយពីថៅកែ និងកម្មករ រម៉ាំងរម៉ោកដាក់គ្នារហូត។

ប្រភពបាតុកម្ម ចេញពីសហជីព កម្មករ នៅមានច្រើនទៀត ដូចជារោងចក្រ ក្ស័យធន ក៏ឡាយឡុងម៉ាស៊ីនកាត់ដេរ ឬរថយន្ត ឱ្យទៅអ្នកទិញស្ងាត់ៗ រួចប្រមូល លុយរត់ ដែលការឡាយឡុងនោះ អាជ្ញាធរក៏ដឹងដែរ តែត្រជាក់ល្អូក។ លុះកម្មករ បានដឹងថា ថៅកែវេចលុយរត់ នាំទាំងលុយជំពាក់ពួកគាត់ទៅផងនោះ ទ្រាំអត់ បានក៏លើកគ្នាទៅតវ៉ា តែរកថៅកែកំហូចនោះមិនឃើញ។ ក្នុងស្ថានភាពបែប នេះ កម្មករគ្មានជម្រើសអ្វីក្រៅពីនាំគ្នាឈរបិទផ្លូវជាតិនោះទេ តាមរបៀប “ខឹង គោ វាយរទេះ” បណ្តាលឱ្យអ្នកដំណើរតាមយានយន្ត មួម៉ៅក្តៅក្រហាយ ជេរទាំង កម្មករ ជេរទាំងថៅកែ ជេរទាំងអាជ្ញាធរ ដែលមិនចេះដោះស្រាយទំនាស់។ ប្រភពបាតុកម្ម ក៏មានដើមហេតុមកពីសហជីព ២ក្រុម ម្ខាងគាំទ្របក្សកាន់អំណាច CPP ម្ខាងទៀតគាំទ្រអតីតបក្សប្រឆាំង CNRPរ ដែលទាំងពីរក្រុមនេះ “ពាក់ មុខយក្សដាក់គ្នារហូត”។ សហជីពខាង CPP គាំទ្រថៅកែ ឬក្រុមហ៊ុន ខណៈ ដែលសហជីពប្រឆាំងគាំទ្រ កម្មករ កម្មការិនី លុះ “ជួបដោះស្រាយលើតុចរចា” រកច្រកចេញមិនឃើញ ក៏ផ្ទុះបាតុកម្មនោះឡើង រួចក៏មានការបន្ទោសក្រុមសហជីព ប្រឆាំង។

“នគរធំ” បង្ហាញប្រភពបាតុកម្មខ្លះៗនេះ ប្រហែលជាអត់ខុសគេ ដូច្នេះបើ ក្រសួងការងារ ចង់ “ទប់បាតុកម្ម” ទាល់តែសិក្សាឱ្យហ្មត់ចត់ លុបបំបាត់ភាពអសកម្ម ឬបក្ខពួកនិយមឱ្យអស់ ទើបមានប្រសិទ្ធភាព។ បើគ្រាន់តែព្រមានដដែលៗ ជា របៀប “ខ្លាចបាតុកម្មបិទផ្លូវ” នោះវាមិនបានផលប្រយោជន៍អ្វីទេ ព្រោះបាតុកម្ម វាកើតចេញពី “បញ្ហាក្រពះ” លុះត្រាតែជួយដោះស្រាយបញ្ហាក្រពះបាន ទើប មិនផ្ទុះបាតុកម្ម។

ការបង្កើត “ទីលានប្រជាធិបតេយ្យ” នៅឆ្ងាយពីរោងចក្រ ក៏អត់បានការ អ្វីដែរ ទើបគ្មានអ្នកតវ៉ាណាយកចិត្តទុកដាក់ទៅជួបជុំគ្នា នៅគីឡូលេខ៦ ទីលាន ប្រជាធិបតេយ្យនោះ។

ឥឡូវវិបត្តិកូវីដ-១៩ ឃើញស្ងប់បាតុកម្មមួយរយៈ ព្រោះតែកម្មករមិនហ៊ាន ឈរប្រជ្រៀតគ្នាតវ៉ាដូចមុន។ ដូច្នេះកាលណាកូវីដ-១៩ ថយឥទ្ធិពល ឯបញ្ហា ក្រពះ វាអត់ថយ ខណៈដែលថៅកែ នៅតែដើរខ្សែលើកម្មករ ពិតណាស់ថា បាតុកម្ម នៅតែមានដដែល។

អត់ពិបាកទេ រឿងទប់បាតុកម្ម ដូច “នគរធំ” បង្ហាញខាងលើ គឺត្រូវតែ ក្រសួងការងារ ស្រាវជ្រាវរកប្រភពបាតុកម្ម ឱ្យច្បាស់លាស់ហ្មត់ចត់មែនទេ កុំលេងលំៗច្បោលៗ ជឿតែរបាយការណ៍ថ្នាក់ក្រោម។ ចង់ទប់បាតុកម្ម គួរសង្កត់ ភាគីថៅកែបន្តិច ដោយកុំស្តាយលុយដាក់ខែ ទើបធានាថា គ្មានរឿងបិទផ្លូវជាតិ។ កម្មករ កម្មការិនី ក៏ដឹងថា បិទផ្លូវជាតិនោះ វាខុសដែរ តែពួកគេគ្មានជម្រើស ក៏ ធ្វើឱ្យក្តៅទឹកក្តៅដី ក្តៅដល់ព្រះឥន្ទកោសិយ យ៉ាងនេះទៅ…”៕

RELATED ARTICLES