Thursday, November 28, 2024
Homeបរិយាយគ្រួសាររាជវង្ស

គ្រួសាររាជវង្ស

ដោយ អាចារ្យថាំ

ធម្មតាគ្រួសារគេ បងប្អូនគេ បើគេឈ្លោះប្រកែកគ្នា ក៏ជាផ្ទៃក្នុងរបស់គេ កាលណាត្រជាក់ចិត្ត ក៏ត្រូវរ៉ូវគ្នាវិញ សូម្បីតែ ប្តីប្រពន្ធ វាយគ្នាបែកក្បាល ផ្តិតមេដៃលែងលះចែកកូនគ្នា លុះមិនបាន ១ឆ្នាំផង ក៏ចាប់ដៃគ្នាវិញ។ មានអ្នកវិភាគ លើក ឡើងថា “គ្រួសាររាជវង្ស” ជាប់សែស្រឡាយព្រះមហាក្សត្រ ព្រះបាទអង្គឌួង ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ តែងមាន ជម្លោះ ស្ទើរគ្រប់ជំនាន់ បន្ទាប់មកក៏ត្រូវគ្នាវិញ រក្សាបានរបបរាជានិយម ដល់សព្វថ្ងៃ។ ករណីមេប្រឆាំង សម រង្ស៊ី ក៏ជាប់ សែស្រឡាយរាជវង្សដែរ ទើបពេលគាត់ប្រមាថព្រះមហាក្សត្រ អត់ឃើញមានការតបតពីរាជវង្ស ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “គ្រួសាររាជវង្ស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ សង្គម បានផ្តល់សម្ភាសដល់ “នគរធំ” និងសរសេរតាមហ្វេសប៊ុក ជាអាទិ៍ថា “រឿងលោកសម រង្ស៊ី ប៉ះពាល់ក្សត្រ រឿងគ្រួសាររាជវង្ស និយាយងាយយល់ គ្រួសារ សម រង្ស៊ី ជាប់សែស្រឡាយរាជវង្ស បច្ចុប្បន្ន បងប្អូនគេ គេជេរគ្នា គេត្រូវគ្នា ជារឿងធម្មតា ឯអ្នកដទៃចាំតែខុស”។

សំណេរបែបនេះ “នគរធំ” ក៏ធ្លាប់បរិយាយពីមុនមកខ្លះៗដែរថា បុព្វបុរសលោកសម រង្ស៊ី មេប្រឆាំងធំជាងគេនោះ ជា រាជសហការីរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ទើបលោកសម រង្ស៊ី បានចូលធ្វើការក្នុងចលនាត្រីភាគី ក្លាយជាមន្ត្រីហ៊្វុនស៊ិនប៉ិច និងបានចូលជួររាជរដ្ឋាភិបាល អាណត្តិទី១។

ករណីលោកសម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ជារឿងដដែលៗ លុះគាត់ធ្វើលិខិតសុំទោស ក៏បានទទួលការប្រោស ព្រះរាជទានទោសពីព្រះនរបតី ប៉ុន្មានដងទៅហើយ មិនមែនជារឿងថ្មីនោះទេ ព្រោះ “គ្រួសារគេ បងប្អូនគេ…” ដូចលោក រស់ សារ៉ុម ថា នោះមិនខុសឡើយ។

បើស្រាវជ្រាវសែស្រឡាយពូជពង្សលោកសម រង្ស៊ី យើងរកឃើញថា លោកតា សម ញណ អតីតរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តាំងពីជំនាន់បារាំង ជាមន្ត្រីជំនិតរបស់ហ្លួងមុនីវង្ស ហ្លួងសុរាម្រឹត។ លោកមានបុត្រឈ្មោះសម សារី ត្រូវបានរាជវង្សខ្មែរ ជួយជំរុញឱ្យបានទៅបន្តការសិក្សានៅប្រទេសបារាំង រហូតក្លាយជាឧបនាយករដ្ឋមន្ត្រី ក្នុងរាជ-រដ្ឋាភិបាល ក្រោយពេលលោកសម ញាណ ចូលនិវត្តន៍។

ដោយឡែក សម្តេចចក្រី ញឹក ជូឡុង ជាសហការីជំនិតបំផុតរបស់សម្តេចព្រះនរោត្តម សីហនុ ធ្លាប់ឡើងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោកបានទៅអភិវឌ្ឍន៍តំបន់ភ្នំគិរីរម្យ ដាក់ឈ្មោះថា “បុរីជូឡុង”។ ទោះជាមានរដ្ឋប្រហារកើតឡើង ក៏សម្តេចចក្រីញឹក ជូឡុង តាមដង្ហែសម្តេចឪ រហូត លោកមិនបាននៅខាងសាធារណរដ្ឋខ្មែរ របស់លោកលន់ នល់។

លោកសម រង្ស៊ី ជាកូនបង្កើតរបស់លោកសម សារិ និងជាកូនប្រសាសម្តេចចក្រីញឹក ជូឡុង កៀកកិតស្និទ្ធស្នាលនឹង រាជវង្សខ្លាំងណាស់ ជាពិសេស លោកសម រង្ស៊ី ជាមិត្តធ្លាប់សិក្សាជាមួយសម្តេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ ជាព្រះអនុជ សម្តេចឪ ព្រះនរោត្តម សីហនុ។ នៅពេលមានការដកតំណែងលោកសម រង្ស៊ី ចេញពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ស្រាប់តែព្រះអង្គម្ចាស់សេរីវុឌ្ឍ លាឈប់ពីរដ្ឋមន្ត្រីការបរទេស ដែរ។

កន្លងមក លោកសម រង្ស៊ី តែងប្រមាថព្រះមហាក្សត្រ ត្រូវបក្សកាន់អំណាច ប្តឹងផ្តល់ កាត់ទោសប៉ុន្មានដងទៅហើយ ប៉ុន្តែសែរាជវង្ស គ្មានប្រតិកម្មអ្វីសោះ។ រាជវង្សនយោបាយ បើមានគេប្រមាថព្រះមហាក្សត្រ គួរតែបញ្ចោញប្រតិកម្មឱ្យ ស្រុះគ្នា ការពារព្រះមហាក្សត្រ ប៉ុន្តែមានឯណា! យើងឃើញសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ, សម្តេចមហិស្សរា នរោត្តម ចក្រពង្ស, សម្តេចក្រុមឃុន សិរីវុឌ្ឍ, សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី (កាលមិនទាន់សុគត) សម្តេចព្រះអនុជ នរោត្តម អរុណរស្មី, ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ៘ គ្មានលាន់ព្រះឱស្ឋមួយម៉ាត់ណាសោះ។

សំខាន់ជាងគេ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាក្មួយបង្កើតរបស់ហ្លួងម៉ែ គួរតែបញ្ចោញប្រតិកម្មទប់លោកសម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ ប៉ុន្តែស្ងាត់ឱ្យឈឹង។ ទ្រង់ធម្មិកោ ក៏ប្រឆាំងបក្សកាន់អំណាច (CPP) ខ្លាំងដែរ តែព្រះអង្គជា រាជវង្ស កាលបើមានអ្នកប្រមាថព្រះមហាក្សត្រ ហេតុអ្វីបានជាស្ងៀមស្ងាត់? ចំណុចនេះគឺមកពី “បងប្អូនគេ គ្រួសារគេ” ដូចអ្វីដែលលោករស់ សារ៉ុម បានលើកឡើង។

នៅក្នុងពុទ្ធប្បវត្តិ បានចារទុកថា កាលនោះ “អជាតសត្រូវ រាជកុមារ” ជឿស្តាប់តាមការញុះញង់របស់ភិក្ខុទេវទត្ត ឱ្យធ្វើគុត “ព្រះបាទពិម្ពិសារ” ជាបិតា ដើម្បីបានសោយរាជ្យ ក៏សៀតកាំបិតគ្រឿងប្រហារ ចូលទៅក្នុងប្រាសាទព្រះបិតា ប៉ុន្តែឆ្មាំទ្វារ កងរក្សាព្រះអង្គចាប់បាន ព្រោះការដើរចូលប្រាសាទពេលយប់ព្រលប់ ខុសច្បាប់ ត្រូវមានទោស។ កងរក្សាអង្គ ព្រះមហាក្សត្រ ក៏ប្រជុំគ្នា ដាក់ទោសព្រះរាជកុមារ បន្ទាប់ពីមានចម្លើយថា មានចេតនាធ្វើឃាតព្រះបិតា។ នាយតម្រួត ទី១ លើកឡើងថា ទោសក្បត់នេះ ត្រូវសម្លាប់ព្រះរាជកុមារផង សម្លាប់ទេវទត្តផង និងបក្ខពួកឯទៀត ក៏ត្រូវប្រហារជីវិត ទាំងអស់ ពីបទប៉ុនប៉ងជ្រែករាជ្យ។ ផ្ទុយទៅវិញ នាយតម្រួតទី៣ ឆ្លាតវាងវៃ ក៏ប្រាប់ថា “បងប្អូនគេ គ្រួសាររាជវង្ស” ទុក ឱ្យរាជវង្សជាអ្នកសម្រេចវិញ ព្រោះទេវទត្ត ក៏ជាពូជស្តេចដែរ យើងជារាស្ត្រ កុំលូកដៃក្នុងគ្រួសាររាជវង្ស។ ឆ្មាំប្រាសាទក៏ ចាប់បញ្ជូនអជាតសត្រូវ ទៅថ្វាយព្រះបាទពិម្ពិសារ សម្រេចទោស តែដោយសារយោគយល់រាជបុត្រ ស្តេច ក៏ទ្រង់ប្រទាន អភ័យ និងសរសើរនាយតម្រួតទី៣ ដែលលើកឡើងពី “គ្រួសាររាជវង្ស រាស្ត្រកុំលូកដៃ”។

រឿងនេះចង់បង្ហាញថា កំហុសរាជវង្ស គ្រួសាររាជវង្ស ទុកឱ្យរាជវង្សដោះស្រាយ ទើបអាចបញ្ចៀសគុណវិបត្តិធ្លាក់ដល់ អ្នកដទៃ មិនមែនជារាជវង្ស។ ករណី “ព្រះអង្គម្ចាស់យុគន្ធរ យកគំរូតាមព្រះអង្គម្ចាស់ស៊ីវត្ថា, ព្រះអង្គម្ចាស់សិរីវង្ស” ធ្វើ សកម្មភាពប្រឆាំងព្រះមហាក្សត្រ និងបារាំងអាណានិគម ដែលជំនាន់នោះ គ្មានប្រតិកម្មពីរាជវង្សនោះទេ ប៉ុន្តែទ្រង់យុគន្ធរ ខ្លាចបារាំង ចាប់ផ្តន្ទាទោស មិនហ៊ានចូលស្រុក ក៏ទៅគង់នៅប្រទេសសិង្ហបុរី រហូតដល់សុគត។

ដូច្នេះ ករណីមេប្រឆាំង សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ ខុសរដ្ឋធម្មនុញ្ញ គួរតែរាជវង្សបញ្ចោញប្រតិកម្ម ប៉ុន្តែរាជវង្ស សំខាន់ៗប៉ុន្មានអង្គ ដែលលេចធ្លោក្នុងឆាកនយោបាយ “ត្រជាក់ល្អូក” ទុកឱ្យបក្សកាន់អំណាច (CPP) ប្រឹងទប់ទៅវិញ។ កាលលោកយាយភរិយាសម្តេចចក្រីញ៉ឹក ជូឡុង ទទួលមរណភាពនៅភ្នំពេញ បានហ្លួងម៉ែ ស្តេចយាងទៅធ្វើបុណ្យជូន បានទាំងឱបថើបលោកស្រី ជូឡុង សូមួរ៉ា ជាភរិយិាលោកសម រង្ស៊ី ទៀតផង។ ផ្ទុយទៅវិញ លោកសម រង្ស៊ី កាលនោះ កំពុងរស់នៅឯស្រុកបារាំង អត់ហ៊ានមកធ្វើបុណ្យជូនម៉ែក្មេក ព្រោះជាប់ទោសក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រ។

មានអ្នកវិភាគខ្លះ លើកឡើងថា “ឆ្នាំងមិនក្តៅ ទៅក្តៅគម្របឆ្នាំង” មានន័យថា គ្រួសាររាជវង្ស ជាឆ្នាំង អត់ក្តៅ ក្រហាយនឹងមេប្រឆាំង ដែលប្រមាថព្រះមហាក្សត្រ ប៉ុន្តែអ្នកគាំទ្រ CPP ឬគម្របឆ្នាំង ក្តៅខ្លាំងណាស់។ ករណីលោកសម រង្ស៊ី មានទោសជាច្រើនករណី មិនតិចជាង ១០០ឆ្នាំ តែគាត់មិនទាន់ស្គាល់រសជាតិគុកព្រៃស បើបន្ថែមទោសប្រមាថព្រះ-មហាក្សត្រ ទៀតនោះ អ្នកប្តឹងក៏លែងចង់ប្តឹង រីឯតុលាការ ក៏ខ្ជិលកាត់ទោស ព្រោះតែដដែលៗពេក ជាពិសេស អត់ឃើញ រាជវង្សណាប្តឹងលោកសម រង្ស៊ី។ ឧបមាថា ទ្រង់ធម្មិកោ ទ្រាំមិនបាននឹងការប្រមាថព្រះនរបតី និងឧបមាថា សម្តេចព្រះអនុជ អរុណរស្មី ទ្រាំមិនបាននឹងការប្រមាថសម្តេចព្រះរៀមទ្រង់រាជ្យ ចេញព្រះភ័ក្ត្រប្តឹងផ្តល់ ទើបសមរម្យ ប៉ុន្តែបើរាជវង្សគ្រប់ អង្គ នៅតែស្ងៀមបែបនេះ អាចដូចអ្វីដែលលោក រស់ សារ៉ុម ថា “បងប្អូនគេ គ្រួសារគេ” នោះហើយ។

សរុបទៅ “គ្រួសាររាជវង្ស” ជាពូជខ្ពង់ខ្ពស់ បើដូចពីសម័យអង្គរ នៅក្នុង “វណ្ណៈក្សត្រ” មិនអាចឈ្លោះប្តឹងផ្តល់ជាមួយ “វណ្ណៈវេស្សៈ, វណ្ណៈសូទ្រៈ” បានឡើយ។ បើសែរាជវង្ស មានទំនាស់ជាមួយរាជវង្សដូចគ្នា វណ្ណៈក្រោម ក៏មិនអាចលូកដៃ បានដែរ ប៉ុន្តែសម័យនេះ បក្សកាន់អំណាច (CPP) អនុវត្តតាមរដ្ឋធម្មនុញ្ញ ក៏ចាត់ការលោកសម រង្ស៊ី ទោះជារាជវង្សស្ងប់ ស្ងៀម ក៏ត្រូវតែប្តឹងឡើងតុលាការ…”៕

RELATED ARTICLES