ព្រាប សុវត្ថិ ៖ស្ងាត់រដូវភ្ជុំបិណ្ឌ

0
159

ភ្នំពេញ៖ព្រាប សុវត្ថិ មិនមានចេញបទភ្ជុំបិណ្ឌទេនៅរដូវភ្ជុំបិណ្ឌ​កាន់តែកៀកនេះដែល​អាចនិ​យាយ​បានជាលើក​ដំបូង​សម្រាប់​អាជីព​ចម្រៀងរបស់លោកផងដែរដែលគ្មានបទ​សម្រាប់​បុណ្យ​ប្រពៃណីជាតិនេះ​ទើបធ្វើឲ្យលោក​ប្រឈមភាព​ស្ងប់ស្ងាត់បន្ដិច បើទោះជាកំពូលតារា​ចម្រៀង​រូប​នេះទើបចេញបទបែបយុវវ័យ”ស្រលាញ់ធម្មតា តែឈឺធ្ងន់ធ្ង”មុននេះបន្ដិចក្ដី ។ការមិនចេញបទ​ថ្មីៗសម្រាប់​បុណ្យភ្ជុំបិណ្ឌនេះត្រូវបានអ្នកជំនាញ​សិល្បៈលើកឡើងថាអាច​មកពីកូវីដ​ដែលធ្វើ​ឲ្យមានការផ្លាស់ប្ដូរការផលិត តែបើតាមទ្រព្យធនរបស់Galaxyនោះ​ទោះ​ជាចង់ធ្វើបទចម្រៀង​បែបណាហើយចំណាយ​អស់លុយប៉ុន្មានក៍អាចទៅ​រួចដែរ។​ប៉ុន្ដែអ្វី​ដែល​គូរឲ្យចាប់អារម្មណ៍នោះអំឡុងពេលដែលលោកព្រាប សុវត្ថិ គ្មានបទចេញសម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ​លោក​ខេម ប៊ុនថៃ របស់ហង្សមាសឯណ្ណោះវិញ​បានចេញបុក​បទភ្ជុំបិណ្ឌ​ផ្ទួនៗ​ទៅវិញ​ដូចជាចេញ​បទ​”ឃ្លាននំគម”ហើយថែម​ទាំង​ប្រមូល​​ក្មួយស្រីដល់​ទៅពីនាក់គឺ​កញ្ញា​Denny​ និងហេង បញ្ញា ឲ្យ​ថតសម្ដែងរួមគ្នាទៀតផង ទើបធ្វើឲ្យមានការលើក​ឡើងថា​បើព្រាប សុវត្ថិ មិនចេញបទ​ពេល​បុណ្យធំៗបែបនេះទៀតច្បាស់ជាលោកប៊ុនថៃ មានប្រៀបជាង​ជា​មិន​ខាន។

   លោកយឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxy​បានប្រាប់អ្នកកាសែតកាល​ពីពេល​ថ្មីៗនេះថាលោកសុំពេល​ដកឃ្លា​ពីការផលិត​បទចម្រៀងប្រពៃណីជាតិដូចជារាំវង់ កន្រឹម​ឡាំ​លាវ មួយរយៈសិនហើយ។ប៉ុន្ដែអតីតអ្នកនិពន្ធថោន រូបនេះ​ថានោះគ្រាន់​តែជាការ​ដកឃ្លា​ដើម្បី​រៀន និង​ធ្វើអ្វីដែលមិនធ្លាប់មានពីមុន តែដាច់ខាតមិនចោលឧបករណ៍ភ្លេង និងបទប្រ​ពៃណីខ្មែរឡើយ។

 គេចាំបានថាអំឡុងពេលដែលព្រាប សុវត្ថិ នៅហង្សមាសលោកជោគជ័យខ្លាំងលើ​បទប្រពៃណីខ្មែរផងដែរដូចជាការ​ចាប់ដៃគូ​ច្រៀង​កន្ទ្រឹមជាមួយអ្នកនាងខាត់ សុឃីម ជា​ដើម​។ប៉ុន្ដែការមិនកំណត់ពេលវេលាផលិតបទ​ចម្រៀងប្រពៃណី​ឡើងវិញ​របស់​Galaxy​នេះធ្វើឲ្យជះដល់ឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ជាមិនខាន ព្រោះសម្ថភាពរបស់លោក​មិនបានបញ្ចេញ​ឲ្យអស់ ខណៈដែលកន្លងមកមជ្ឈដ្ឋានមហាជនដែលគាំទ្រលោកព្រាប សុវត្ថិ ក៍បានលើក​ឡើង​ដែរថា​តាំងពីលោកស្នាយ ទៅ​ចូលGalaxyរយៈពេលជាង១ឆ្នាំមកនេះ​លោក​ក៍មិនទាន់មាន​បទចម្រៀងមួយបទណា​ដែលប្រើប្រាស់សម្លេងរបស់លោកខ្ពស់​បំផុតដូច​កាល​លោកច្រៀងនៅហង្សមាសដែរ។ថ្វីត្បិតតែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាគិត​ត្រឹម​ឆ្នាំ២០២១​នេះព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះឬមានតារាអាចដណ្ដើមតំណែងលោកបានមែន ប៉ុន្ដែ​ដូចពាក្យ​គេថា”រលកក្រោយ ច្រានរលក​មុន”ហេតុ​នេះហើយបើព្រាប សុវត្ថិ នៅតែគ្មាន​អ្វីថ្មីៗទេ ច្បាស់​ណាស់ថាលោកខេម ប៊ុនថៃ ដែលជាគូប្រជែងជាមួយ​លោកជិត​១០ឆ្នាំ​ទៅ​ហើយនឹងកាន់​តែមានសង្ឃឹមខ្ពស់ក្នុងការស្នងតំណែងលោកនៅហង្សមាសជាមិនខាន។

  អំឡុងពេលដែលព្រាប សុវត្ថិ គ្មានបទប្រពៃណីចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ​គេឃើញ​លោកបាន​ងាកទៅផ្សព្វផ្សាយ​និងរកស៊ីផ្នែកអចលនទ្រព្យច្រើនជាងមុន ទើបធ្វើឲ្យ​តារា​ដែល​ល្បីល្បាញជាង២៣ឆ្នាំមកនេះ​ហាក់ចាប់ផ្ដើមផ្ដោត​រទៅលើការ​រកស៊ីជាង​បុកផលិត​បទចម្រៀងនៅរដូវកូវីដនេះ។យ៉ាងណាកាលពីចុងខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតព្រាប សុ​វត្ថិ បំផុតបាន​ទម្លាយប្រាប់អ្នកសារព័តមានថា​កំពូលតារាចម្រៀងរូបនេះ​សល់ទ្រព្យ​សរុបខ្ទង់​៣០​លានដុល្លារ ហេតុនេះហើយគេអាច​និយាយ​បាន​ថាទោះជាព្រាប សុវត្ថិ លែង​ច្រៀង​ក៍​លោកក្លាយទៅ​ជាអ្នកមានទ្រព្យស្ដុកស្ដម​ទៅ​ហើយមិនអាចជួប​វិបត្តិ​សេដ្ឋកិច្ចនោះ​ទេ៕