ភ្នំពេញ៖ព្រាប សុវត្ថិ មិនមានចេញបទភ្ជុំបិណ្ឌទេនៅរដូវភ្ជុំបិណ្ឌកាន់តែកៀកនេះដែលអាចនិយាយបានជាលើកដំបូងសម្រាប់អាជីពចម្រៀងរបស់លោកផងដែរដែលគ្មានបទសម្រាប់បុណ្យប្រពៃណីជាតិនេះទើបធ្វើឲ្យលោកប្រឈមភាពស្ងប់ស្ងាត់បន្ដិច បើទោះជាកំពូលតារាចម្រៀងរូបនេះទើបចេញបទបែបយុវវ័យ”ស្រលាញ់ធម្មតា តែឈឺធ្ងន់ធ្ង”មុននេះបន្ដិចក្ដី ។ការមិនចេញបទថ្មីៗសម្រាប់បុណ្យភ្ជុំបិណ្ឌនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាអាចមកពីកូវីដដែលធ្វើឲ្យមានការផ្លាស់ប្ដូរការផលិត តែបើតាមទ្រព្យធនរបស់Galaxyនោះទោះជាចង់ធ្វើបទចម្រៀងបែបណាហើយចំណាយអស់លុយប៉ុន្មានក៍អាចទៅរួចដែរ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះអំឡុងពេលដែលលោកព្រាប សុវត្ថិ គ្មានបទចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកខេម ប៊ុនថៃ របស់ហង្សមាសឯណ្ណោះវិញបានចេញបុកបទភ្ជុំបិណ្ឌផ្ទួនៗទៅវិញដូចជាចេញបទ”ឃ្លាននំគម”ហើយថែមទាំងប្រមូលក្មួយស្រីដល់ទៅពីនាក់គឺកញ្ញាDenny និងហេង បញ្ញា ឲ្យថតសម្ដែងរួមគ្នាទៀតផង ទើបធ្វើឲ្យមានការលើកឡើងថាបើព្រាប សុវត្ថិ មិនចេញបទពេលបុណ្យធំៗបែបនេះទៀតច្បាស់ជាលោកប៊ុនថៃ មានប្រៀបជាងជាមិនខាន។
លោកយឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្មGalaxyបានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាលោកសុំពេលដកឃ្លាពីការផលិតបទចម្រៀងប្រពៃណីជាតិដូចជារាំវង់ កន្រឹមឡាំលាវ មួយរយៈសិនហើយ។ប៉ុន្ដែអតីតអ្នកនិពន្ធថោន រូបនេះថានោះគ្រាន់តែជាការដកឃ្លាដើម្បីរៀន និងធ្វើអ្វីដែលមិនធ្លាប់មានពីមុន តែដាច់ខាតមិនចោលឧបករណ៍ភ្លេង និងបទប្រពៃណីខ្មែរឡើយ។
គេចាំបានថាអំឡុងពេលដែលព្រាប សុវត្ថិ នៅហង្សមាសលោកជោគជ័យខ្លាំងលើបទប្រពៃណីខ្មែរផងដែរដូចជាការចាប់ដៃគូច្រៀងកន្ទ្រឹមជាមួយអ្នកនាងខាត់ សុឃីម ជាដើម។ប៉ុន្ដែការមិនកំណត់ពេលវេលាផលិតបទចម្រៀងប្រពៃណីឡើងវិញរបស់Galaxyនេះធ្វើឲ្យជះដល់ឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ជាមិនខាន ព្រោះសម្ថភាពរបស់លោកមិនបានបញ្ចេញឲ្យអស់ ខណៈដែលកន្លងមកមជ្ឈដ្ឋានមហាជនដែលគាំទ្រលោកព្រាប សុវត្ថិ ក៍បានលើកឡើងដែរថាតាំងពីលោកស្នាយ ទៅចូលGalaxyរយៈពេលជាង១ឆ្នាំមកនេះលោកក៍មិនទាន់មានបទចម្រៀងមួយបទណាដែលប្រើប្រាស់សម្លេងរបស់លោកខ្ពស់បំផុតដូចកាលលោកច្រៀងនៅហង្សមាសដែរ។ថ្វីត្បិតតែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប អះអាងថាគិតត្រឹមឆ្នាំ២០២១នេះព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះឬមានតារាអាចដណ្ដើមតំណែងលោកបានមែន ប៉ុន្ដែដូចពាក្យគេថា”រលកក្រោយ ច្រានរលកមុន”ហេតុនេះហើយបើព្រាប សុវត្ថិ នៅតែគ្មានអ្វីថ្មីៗទេ ច្បាស់ណាស់ថាលោកខេម ប៊ុនថៃ ដែលជាគូប្រជែងជាមួយលោកជិត១០ឆ្នាំទៅហើយនឹងកាន់តែមានសង្ឃឹមខ្ពស់ក្នុងការស្នងតំណែងលោកនៅហង្សមាសជាមិនខាន។
អំឡុងពេលដែលព្រាប សុវត្ថិ គ្មានបទប្រពៃណីចេញសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះគេឃើញលោកបានងាកទៅផ្សព្វផ្សាយនិងរកស៊ីផ្នែកអចលនទ្រព្យច្រើនជាងមុន ទើបធ្វើឲ្យតារាដែលល្បីល្បាញជាង២៣ឆ្នាំមកនេះហាក់ចាប់ផ្ដើមផ្ដោតរទៅលើការរកស៊ីជាងបុកផលិតបទចម្រៀងនៅរដូវកូវីដនេះ។យ៉ាងណាកាលពីចុងខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតព្រាប សុវត្ថិ បំផុតបានទម្លាយប្រាប់អ្នកសារព័តមានថាកំពូលតារាចម្រៀងរូបនេះសល់ទ្រព្យសរុបខ្ទង់៣០លានដុល្លារ ហេតុនេះហើយគេអាចនិយាយបានថាទោះជាព្រាប សុវត្ថិ លែងច្រៀងក៍លោកក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដមទៅហើយមិនអាចជួបវិបត្តិសេដ្ឋកិច្ចនោះទេ៕