មេទ័ព និងមេទើស

0
122

ដោយ អាចារ្យថាំ

យើងអាចប្រៀបធៀបប្រធានគណបក្ស ជា “មេទ័ព” ដែលដឹកនាំការតស៊ូ ប្រយុទ្ធតតាំង “ច្បាំងមតិ” ដោយយកវោហារសាស្ត្រជាអាវុធ ពុំមែនប្រើអាវុធ មែនទែននោះទេ។ រីឯអ្នកវិភាគនយោបាយសង្គម ជា “មេទើស” ពោលគឺបើ គាត់ទើសចិត្តពីរឿងអ្វី ក៏រិះគន់ឌឺដង មិនសំចៃមាត់។

រវាង “មេទ័ព និងមេទើស” បើសិនជាមានរឿរ៉ាវក្តីក្តាំ គឺមេទ័ពមិនងាយរួច ខ្លួនទេ ផ្ទុយពីមេទើស ឆាប់រួចទោស ព្រោះការប្រើសេរីភាពនៃការបញ្ចោញមតិ មិនខុសពីរដ្ឋធម្មនុញ្ញ។

លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ចាត់ទុកជា “មេទ័ព” ដែលកំពុងជាប់សំណាញ់ច្បាប់ រើខ្លួនមិនរួច ពីបទ “សន្ទិដ្ឋភាពជាមួយ បរទេស ឬក្បត់ជាតិ”។

ចំណែកលោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ-សង្គម ចាត់ទុកជា “មេទើស” ព្រោះគាត់ទើសចិត្តរហូត បើមើលឃើញអយុត្តិធម៌សង្គម។ ជារឿយៗ អ្នកវិភាគរូបនេះ ក៏ដូចអស់លោកបណ្ឌិត ប៉ុន្មាននាក់ទៀត ដូចជាលោកបណ្ឌិត ឡៅ ម៉ុងហៃ, បណ្ឌិតមាស នី, បណ្ឌិត ប៉ា ចន្ទរឿន ជាដើម “ទើសចិត្តរហូត” ឱ្យតែឃើញអយុត្តិធម៌សង្គម។ សូម្បីលោកបណ្ឌិត សុខ ទូច លោក រស់ សារ៉ុម ក៏ “ទើសចិត្ត” មិនធម្មតាឡើយ នៅពេលឃើញអ្នកនយោបាយរកដំណោះស្រាយ ឯកភាពជាតិមិនឃើញ ជាពិសេស ការកាប់បំផ្លាញព្រៃឈើ នៅតែបន្តមិនឈប់។

បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យស្ថាប័នតុលាការ បញ្ឈប់ការតាមចាប់ខ្លួន “មេទើស សេង សារី” មក ក៏មានពួកប្រឆាំងខ្លះសំណូមពរ ដល់សម្តេច ពិចារណាលើកលែងទោសដល់ “មេទ័ព កឹម សុខា”។

គណនីហ្វេសប៊ុកឈ្មោះអាង ប៊ុនថា (Ang Bountha) បានសរសេរថា “សូម អបអរសាទសម្តេច រេបានលឿនចំពោះការបញ្ចោញយោបល់របស់បណ្ឌិតសេង សារី។ សង្ឃឹមថា សម្តេច ក៏អាចរេបានដែរ ចំពោះការចោទដោយឥតភ័ស្តុតាង ចំពោះប្រធានបក្សសង្គ្រោះជាតិ លោកកឹម សុខា”។

បើយកសំណើនេះ មកពិចារណា “នគរធំ” សន្និដ្ឋានបានថា រវាង “មេទ័ព និងមេទើស” មានទម្ងន់ជញ្ជីងខុសគ្នា។ មេទ័ពកឹម សុខា ទោះបីជារលាយអង្គភាព ទ័ព ឯកូនទាហានបែកខ្ញែកគ្នា រត់ចោលសមរភូមិ ក៏ “និន្នាការប្រឆាំង” មិនទាន់ អស់ ស្តែងចេញតាមបណ្តាញសង្គម។ មានន័យថា មេទ័ពជាប់សំណាញ់ ឯកូនទ័ព នៅខាងក្រៅ អាចធ្វើសកម្មភាពបាន ដូច្នេះបក្សកាន់អំណាច (CPP) មិនល្ងង់អី ទៅដោះសំណាញ់ឱ្យមេទ័ព កឹម សុខា បានរួចខ្លួនទៅជួបកូនចៅនោះទេ។

ផ្ទុយទៅវិញ “មេទើស សេង សារី” គ្មានកំហុសអីជាដុំកំភួននោះទេ ព្រោះ គាត់វិភាគបែបសេណារីយ៉ូ (scénario) ៦ចំណុចថា បើលោកសម រង្ស៊ី អាចអនុវត្ត បាន ទើបអាចបង្កើតរដ្ឋាភិបាលស្រមោលបាន តែបេធ្វើមិនបាន ចប់។

អ៊ីចឹងបើគ្រាន់តែគាត់ទើសចិត្ត ជួយប្រាប់ជួយរំព្ញកនោះ CPP អត់បារម្ភ ប៉ុនក្រចកដៃទេ ត្រូវតែអនុគ្រោះឱ្យគាត់ និងបើកឱកាសឱ្យអ្នកទើសនោះ ជួយ វិភាគជួយរិះគន់ឃ្លាំមើលបញ្ហាសង្គម-នយោបាយទៅមុខទៀត។

ដូច្នេះយើងឃើញថា កំហុស ឬទម្ងន់ជញ្ជីងវាខុសគ្នា គ្មានអ្នកណាល្ងង់ដោះលែងមេទ័ព ឱ្យទៅជួបកូនទាហាននោះទេ ក្រែងពង្រឹងកម្លាំងបានវិញ ប៉ុន្តែសម្រាប់ មេទើស គ្រាន់តែរិះគន់រឿងអយុត្តិធម៌សង្គម ឬទើសចិត្តនឹងអ្នកនយោបាយដើរ យុទ្ធសាស្ត្រខុស ក៏ជួយប្រាប់ត្រូវតែបើកផ្លូវឱ្យអ្នកទើសនោះ បានដើរទៅមុខទៀត”៕