អភិបាលរាជធានីភ្នំពេញ បញ្ជាក់ពីការ បើកសាលារៀនឡើងវិញ

0
96

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ការបើក សាលារៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែការអនុញ្ញាត ឱ្យបើកសាលារៀនឡើងវិញ នេះ គឺសំដៅតែលើថ្នាក់អនុវិទ្យាល័យ និង វិទ្យាល័យ តែប៉ុណ្ណោះ ពោលគឺចាប់ពីថ្នាក់ សិស្សដែលមានអាយុ១២ឆ្នាំឡើងទៅ និងទទួល បានវ៉ាក់សាំងរួចរាល់ ជាមួយនេះ ក៏អនុញ្ញាត ឱ្យបើកសម្រាប់តែសាលាណា ដែលគោរពតាម កិច្ចព្រមព្រៀងជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវគោរពតាមវិធានការចាំ បាច់នានា របស់ក្រសួងសុខាភិបាលផងដែរ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែង បែបនេះ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាសបើកយុទ្ធនាការ បាញ់ថ្នាំ សម្លាប់មេរោគ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ក្នុងពិធីនោះ លោកឃួង ស្រេង អភិបាល រាជធានី បានមានប្រសាសន៍ថា ការបើកសាលា រៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ អនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្តាយ អាណាព្យាបាលសិស្ស ចូលរួម និង គាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់ បានសិក្សារៀនសូត្រ នៅតាមសាលាឡើងវិញ ក្រោយពីខកខាន នៃការរៀនសូត្រប្រមាណ៧ ខែ មកនេះ ដោយការរាតត្បាត ដោយជំងឺ កូវីដ-១៩។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺជាថ្ងៃ កំណត់ដែលសាលា ត្រូវបើកឱ្យដំណើរការរៀន សូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទ នៃជំងឺកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកឃួង ស្រេង បានមានប្រសាសន៍ បញ្ជាក់ទៀតថា មិនថាសាលាតូចធំ រដ្ឋ ឬឯកជន នោះទេ សំខាន់ឱ្យតែអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង អប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតបើក ដំណើរឱ្យសិស្សានុសិស្សបានចូលរៀន។ ប៉ុន្តែ បើសាលាដែលមិនទាន់បានបំពេញ នូវលក្ខខណ្ឌ ខាងលើនេះ ឱ្យបានគ្រប់គ្រាន់ទេ រដ្ឋបាលរាជ- ធានីភ្នំពេញ និងជំរុញឱ្យពួកគាត់អនុវត្តឱ្យបាន ត្រឹមត្រូវ ទើបឱ្យបន្តការបើកសាលានេះជាបន្ត-បន្ទាប់ទៀត។

លោកឃួង ស្រេង បានថ្លែងថា “រដ្ឋបាល រាជធានីភ្នំពេញ សម្រេចថា បើកសាលាឡើង វិញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នាយករដ្ឋមន្ត្រី ចាប់ពីក្មេងអាយុ១២ឆ្នាំឡើង ទៅ ដែលទទួលបានវ៉ាក់សាំង ប៉ុន្តែការបើក នេះ យើងបើកជាជំហានៗ យើងលៃលកថា មានន័យថា សាលាណាដែលគោរពតាមកិច្ច-ព្រមព្រៀងរបស់ក្រសួងអប់រំហើយ យើងនឹង ធ្វើកិច្ចការងារនេះ បន្តបន្ទាប់ទៀត ប៉ុន្តែក្នុង ដែលសាលាមានការខ្វះខាត មិនទាន់គ្រប់គ្រាន់ នឹងចូលទៅក្នុងស្តង់ដារ (SOP) របស់ក្រសួង អប់រំ យើងមិនអនុញ្ញាតឱ្យបើកទេ យើងនឹង ណែនាំឱ្យគាត់ បំពេញបន្ថែម។ ចំណុចនេះខ្ញុំ សូមបញ្ជាក់ឱ្យហើយ ទាំងសាលារដ្ឋ ទាំងសាលា ឯកជន ជាពិសេសសាលាឯកជន ខ្ញុំមានការ ព្រួយបារម្ភថា នឹងមានការវាយតម្លៃថា រដ្ឋបាល រាជធានីភ្នំពេញ មានការរើសអើងសាលាណា មួយ សាលានេះ សាលានោះ សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនសំដៅទៅលើសាលា ដែលជាលក្ខណៈសាលា ដែលមានតម្លៃខ្ពស់ សាលា មានតម្លៃទាប ដែលមាននៅក្នុងរដ្ឋបាលរាជ-ធានីភ្នំពេញ យើងទេ យើងគិតថា យើងមិន រើសអើង ចំពោះសាលាទាំងអស់ ប៉ុន្តែយើង ត្រួតពិនិត្យទៅលើស្តង់ដារ (SOP) របស់ក្រសួង អប់រំ អ៊ីចឹងទេ សូមឱ្យម្ចាស់គ្រឹះស្ថានសិក្សា ឯកជន ក៏ដូចជារដ្ឋ ត្រូវសហការជាមួយនឹង ក្រុមការងារយើងខ្ញុំ យើងនឹងចុះត្រួតពិនិត្យ ក្រុមការងារនេះ ខណ្ឌទាំងអស់សុទ្ធតែជាសមាជិក ហើយក្រុមការងារនេះ នឹងចុះត្រួតួពិនិត្យសាលា ទាំងអស់ ទាំងរដ្ឋ និងឯកជន បើគោរពបាន និងបំពេញនូវកាតព្វកិច្ចស្តង់ដា (SOP) របស់ ក្រសួងអប់រំហើយ យើងនឹងបើកជូនជាបណ្តើរៗ បានន័យថា មិនមែនបើកទាំងអស់ ដូចបើក បវេសនកាលទេ គឺបើកបណ្តើរៗ នូវសាលា ដែលគោរពលក្ខខណ្ឌស្តង់ដារ (SOP) របស់ ក្រសួងអប់រំ ហើយដែលលោកគ្រូអ្នកគ្រូ បាន បំពេញកាតព្វកិច្ច នៃសេចក្តីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញយើងខ្ញុំ សូមឱ្យអាននូវសេចក្តី ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មាន៤ ទំព័រនេះ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា តើ លោកគ្រូអ្នកគ្រូ មានកាតព្វកិច្ចអី? អាណា-ព្យាបាល មានកាតព្វកិច្ចអី? សិស្សានុសិស្ស មានកាតព្វកិច្ចយ៉ាងម៉េច ដើម្បីយើងចូលរួម ទាំងអស់គ្នា”។

លោកឃួង ស្រេង មានប្រសាសន៍បន្តថា “យើងចង់បានទាំងសុខុមាលភាព ចង់បានទាំង ចំណេះដឹង របស់បងប្អូនយុវជន-យុវនារីជំនាន់ ក្រោយរបស់យើង នេះជាកិច្ចការងារមួយដែល ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលលោកចង់បានបើកឱ្យ ដំណើរការឡើងវិញ នូវអ្វីដែលមានពីមុនមក មុនដែលកូវីដ-១៩ វ៉ៃលុក ហើយឥឡូវនេះ កូវីដ-១៩ វ៉ៃលុកជំហានទី១ ដែលលោកបាន បញ្ជាឱ្យរាជធានី-ខេត្តទាំងអស់ ក្រសួងពាក់ព័ន្ធ ក្រុមគ្រូពេទ្យ ជួយដល់ប្រជាពលរដ្ឋក្នុងការ ទប់ស្កាត់មិនឱ្យបាត់បង់ជីវិត ហើយយើងឃើញ ជាក់ស្តែងហើយថា មិនមែនខ្ញុំនិយាយតែឯង ទេ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ បានឃើញហើយថា ក្នុងរាជធានីភ្នំពេញទទួល បានសុវត្ថិភាព ឥឡូវនេះឆ្លងមានក៏ពិតមែន ប៉ុន្តែស្រុកធ្លាក់ចុះយ៉ាងខ្លាំង ហើយក្នុងនោះ ការស្លាប់ ក៏កាត់បន្ថយបានរហូតដល់ឥឡូវនេះ យើងឃើញថា ពី៣០ជាងនាក់ មកនៅ៥នាក់ ប៉ុន្តែនិយាយរបៀបនេះ មិនមែនលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ខ្វះការប្រុងប្រយ័ត្ន បាត់ការ ប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ទេ ហើយក៏សូម ផ្តាំផ្ញើទៅអាជ្ញាធរខណ្ឌទាំង១៤ ថា ការហូប ចុកនៅតាមភោជនីយដ្ឋាន ដែលបម្រាមរដ្ឋបាល រាជធានីភ្នំពេញ មិនឱ្យហូបចុកនេះ វាមិនចាំ បាច់ មានការលើកឡើងទៀតថា ការហូបចុក ហ្នឹង គេទៅគ្រួសារគេតើ គេជុំនៅហ្នុង ញ៉ាំនៅ ហ្នឹងតែគ្រួសារឯងតើ តែគាត់អត់គិតថា ទៅ ញ៉ាំនៅហ្នឹង គ្រួសារគាត់មែន តែគាត់មាន បានគិតទេថា គេក៏ទៅគ្រួសារគេ ចុះបើគ្រួសារ ណាមួយនោះឆ្លង ហើយដើរចុះឡើងកាត់គ្រួសារ នេះ ហើយដែលឥឡូវនេះ ដែលតា កំពុងតែ វ៉ៃលុកនៅសហគមន៍ ក្នុងរដ្ឋបាលរាជធានី-ភ្នំពេញ តើការឆ្លងនេះ អាចមានហានិភ័យ ដល់គាត់ទេ នេះជាបញ្ហា សួរថាចុះបើគាត់ទិញ មកផ្ទះ គាត់ហូបនៅផ្ទះ តើគាត់ហូបបានទេ? គ្រាន់តែវាមិនឆ្ងាញ់ មិនក្តៅអីដូចក្នុងហាង តិចតួចអ៊ីចឹងមែន ប៉ុន្តែវាបំពេញនូវបំណង របស់គាត់បាន។ ប៉ុន្តែវាខុសប្លែកអំពីការបើក សាលារៀន យុវជន-យុវនារី របស់យើង បើ សិនជាពី១ឆ្នាំ ទៅ១ឆ្នាំ យើងមិនបើក យើង ដើរទៅក្រោយគេ វាជាបញ្ហាដែលសម្តេចបាន គិតគូររឿងយើងដើរក្រោយគេ។ យើងមាន ពិសោធន៍ហើយ ខ្ញុំនេះផ្ទាល់ ចេញពីអាពត មកខានរៀន ៤-៥ឆ្នាំ អ៊ីចឹងទេ បានសម្តេច ខិតខំប្រឹងប្រែងណាស់ ក្នុងការបើកសាលាឡើង វិញនេះ ដើម្បីឱ្យធនធានមនុស្សយើងដើរឱ្យ ទាន់អរិយប្រទេស ដែលគេកំពុងតែបើក ហើយ ចំណុចសំខាន់នៃកន្លែងហ្នឹង ហើយការហូបចុក ជាការទ្រទ្រង់ជីវិត មានសារសំខាន់ណាស់ ប៉ុន្តែ វាមិនចាំបាច់ ទៅហូបនៅកន្លែងដែលរដ្ឋបាល រាជធានីភ្នំពេញ ហាមឃាត់ទេ អាចទៅហូប នៅផ្ទះ ខ្ចប់ទៅ”។

លោកអភិបាលរាជធានីភ្នំពេញ មាន ប្រសាសន៍បន្តទៀតថា “ពេលនេះ សាលាទាំង អស់ ទាំងរដ្ឋ និងឯកជន ប្រហែលជាកំពុង ដុតដៃដុតជើងធ្វើកិច្ចការងារនេះ ឱ្យបានទាន់ ពេលវេលា ព្រោះនេះជាការដង្ហោយហៅរបស់ មាតាបិតាសិស្ស ក៏ដូចជាសិស្សានុសិស្ស ដែល កំពុងតែស្រេកឃ្លាន ក្នុងការក្រេបជញ្ជក់យក ចំណេះដឹង ហើយអាចសួរថា ចុះកន្លងមក ក្រសួងអប់រំ ក៏ដូចរាជរដ្ឋាភិបាល បានខិតខំប្រឹង ប្រែងលើការបង្រៀនតាមអនឡាញ តើមិន មានប្រសិទ្ធភាពទេ ឬក៏ការបើកសាលា មាន ការចាំបាច់ជាង? ចំណុចនេះខ្ញុំសូមជម្រាបថា ពិតជា មានការចាំបាច់ ទាំងកូនខ្ញុំទាំងកូនគេ រៀនតាមអនឡាញ រៀននៅតែចេះ ប៉ុន្តែខ្វះ នូវគរុកោសល្យខ្លះៗ ដែលយើងត្រូវបំពេញ វាត្រូវបំពេញឱ្យ ខួរក្បាលរបស់គាត់ ដែលជា គរុកោសល្យបន្ថែមទៀត ហើយក្នុងការបើក នេះ ជាគោលការណ៍ (SOP) របស់ក្រសួង អប់រំ ក៏ដូចជារដ្ឋរាជធានីភ្នំពេញ ក៏ដូចការ ណែនាំរបស់សម្តេចតេជោ គឺ១ថ្នាក់ រៀនបាន ពាក់កណ្តាល យើងអត់ឱ្យរៀនលើស ១៥នាក់ ទេ តាមការណែនាំ ការជួបជុំគ្នា ធ្វើបុណ្យទាន នៅតាមទីសាធារណៈ ឬតាមផ្ទះតែ ១៥នាក់ ឬក្រោម១៥នាក់ អ៊ីចឹងរៀនក៏១៥នាក់ ហើយ ក្នុងនោះ លោកគ្រូអ្នកគ្រូ ដែលមានបញ្ហា សុខភាព ហើយមិនបានទទួលបានវ៉ាក់សាំង សូមឱ្យគាត់បង្រៀនតាមអនឡាញ លោកគ្រូ អ្នកគ្រូ ដែលទទួលបានដូសទី២ និងទទួលបាន ដូសជំរុញទៀត អ៊ីចឹងលើកទឹកចិត្តគាត់ឱ្យបង្រៀន នៅក្នុងថ្នាក់ជួបជុំ ដោយឡែកសិស្ស ក៏មានការ ចោទសួរដែរថា ចុះសិស្សដែលអត់បានចាក់ វ៉ាក់សាំង ដោយសារបញ្ហាសុខភាព បញ្ហា បេះដូង យើងត្រូវធ្វើម៉េច? វ៉ាក់សាំង មិនទាន់ ទៅជាវ៉ាក់សាំងកាតព្វកិច្ចទេ ប៉ុន្តែវ៉ាក់សាំង ត្រូវតែជារបស់សំខាន់ឈានមុខ សម្រាប់ទប់ ស្កាត់កូវីដ-១៩ អ៊ីចឹងកូនសិស្សដែលអត់ទាន់ បានចាក់ ក៏ឱ្យគាត់មករៀន ប៉ុន្តែឱ្យគាត់នៅ ឆ្ងាយពីគេ មិនប្រាកដថា គាត់ឆ្លងទៅគេទេ តែ វាអាចគេឆ្លងទៅគាត់ ព្រោះគាត់មិនទាន់មាន ប្រព័ន្ធការពារទេ អ៊ីចឹងត្រូវការពារគាត់ មិន មែនរើសអើងទេ អ៊ីចឹងនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ត្រូវការត្រួតពិនិត្យបញ្ហា នេះ…”៕ ដារិទ្ធ