បច្ឆាមរណនាម

ដោយ អាចារ្យថាំ

ទំនៀមទម្លាប់ជនជាតិខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក៏ដូចលទ្ធិព្រលឹង តែងដាក់ឈ្មោះ មនុស្ស៣ គឺឈ្មោះក្នុងសំបុត្រកំណើតជាផ្លូវការ ឈ្មោះហៅក្រៅ និងឈ្មោះពេលស្លាប់។ នៅពេលបុគ្គលល្បីល្បាញ ទោះជា ប្រព្រឹត្តអំពើអាក្រក់ ស្លាប់ទៅ ជនជាតិខ្មែរដែលដើរតាមមាគ៌ាពុទ្ធនិយម ព្យាយាមបំភ្លេច “ឈប់ចងពៀរនឹងខ្មោច” ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “បច្ចាមរណនាម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បច្ចាមរណនាម” (បច្ឆា + មរណៈ + នាម = ឈ្មោះចុងក្រោយ នៅពេលស្លាប់ ដែលខ្មែរយើងគ្រប់វណ្ណៈ ឬជាន់ថ្នាក់ តាំងពីព្រះមហាក្សត្រ នាហ្មឺន មន្ត្រី រហូតដល់រាស្ត្រសាមញ្ញ ត្រូវដាក់។ ឧទាហរណ៍ ម៉ែឪដាក់ឈ្មោះកូនថា “សុខា” គឺជា ឈ្មោះផ្លូវការ ប៉ុន្តែឈ្មោះក្រៅហៅ “អាសុខ” លុះឈ្មោះសុខា ឬសុខនោះ ស្លាប់ក្នុងវ័យជាង៤០ឆ្នាំ ដោយសារគាត់ស្លាប់ ដោយផឹកស្រាមិនហូបបាយ អ្នកស្រុក ក៏ដាក់ឈ្មោះឱ្យសពថា “សុខប្រមឹក”។

ទោះយ៉ាងណា ឈ្មោះអាក្រក់បែបនេះមិនសូវមានទេ ព្រោះខ្មែរកាន់សាសនាព្រះពុទ្ធ កាលបើបុគ្គលចែកឋានទៅ ទោះបីជាប្រព្រឹត្តអំពើអាក្រក់ អបាយមុខយ៉ាងណា ក៏គេប្តូរជាល្អវិញ ដែលហៅថា “បច្ចាមរណនាម”។

ឧទាហរណ៍ នៅខេត្តកំពត មានស្ត្រីចំណាស់ម្នាក់ ផ្ទះនៅក្បែរវត្ត ក៏ពិតមែន តែគាត់មិនដែលទៅវត្តសមាទានសីលដូច យាយៗឯទៀតទេ។ គាត់ញៀនល្បែងស៊ីសងយ៉ាងជោកជាំ និងផឹកស្រា-សស្រវឹងរាល់ថ្ងៃ រហូតដល់ហ៊ានវាយក្បាលប្តីនឹង វែកសម្ល។ ប្តីគាត់ស្លាប់មុន ទុកឱ្យគាត់មេម៉ាយ១០ឆ្នាំ នៅតែផឹក និងលេងល្បែងដដែល កូនចៅណែនាំក៏គាត់មិនស្តាប់ សុខចិត្តរស់ម្នាក់ឯង បើកូនចៅមិនឱ្យលុយគាត់ផឹកឬលេងបៀ។

ទីបំផុតយាយនោះទទួលមរណភាពក្នុងវ័យជាង៦០ឆ្នាំ កូនចៅរៀបចំធ្វើបុណ្យត្រឹមត្រូវតាមប្រពៃណី។ តាអាចារ្យ ក៏ ចាត់ឱ្យអ្នកសរសេរប្រវត្តិរូប និងវិយោគកថា ដាក់ឈ្មោះចុងក្រោយថា “ឧបាសិកា” និងសរសេរទង់ព្រលឹងជាភាសាបាលី ថា “ឥមំ ធជ បដាកំ តាវតិង្ស ឧយោ ចេមិ” ដែលចាត់ទុកជាសំបុត្របើកផ្លូវ “ចេញពីវត្ត” ឱ្យយាយឧបាសិកាប្រមឹកនោះ កាន់ដើរទៅសុគតិភព ឬទៅកើតនៅឋានត្រៃត្រិង្ស។

កាលនោះ ក្មេងៗដែលស្អប់យាយប្រមឹក ទៅតវ៉ានឹងតាអាចារ្យថា យាយហ្នឹងមិនដែលចូលវត្តរក្សាសីល៥ ចាំសីល ៨ផង ហេតុអ្វីដាក់ឈ្មោះគាត់ថា “ឧបាសិកា” តាអាចារ្យក៏ពន្យល់ថា នេះជា “បច្ចាមរណនាម” ឬឈ្មោះនៅពេលស្លាប់ អត់ មាននិយាយពី “គុណវិបត្តិ” ទៀតទេ តែត្រូវលើកតែពី “គុណសម្បត្តិ”។ តាអាចារ្យពន្យល់ទៀតថា បើទោះបីជាយាយធ្លាក់ នរក ក៏ត្រូវតែចារទង់ព្រលឹង ឬសំបុត្រដើរផ្លូវ ដោយ “អុជទៀនកល្ប” លើគម្របមឈូស ឱ្យព្រលឹងយាយជ្រោងមើលចេញ ដំណើរទៅឋានត្រៃត្រិង្ស។ លុះតាអាចារ្យចេះពន្យល់សមហេតុសមផល ទើបក្មេងៗ បញ្ឈប់ការរិះគន់យាយប្រមឹកនោះទៅ។

តាំងពីសម័យនគរភ្នំ រហូតបច្ចុប្បន្ន ព្រះមហាក្សត្រគ្រប់ព្រះអង្គ នៅពេលសោយព្រះទិវង្គត តែងមាន “ព្រះបច្ចាមរណ- នាម” ឧទាហរណ៍ “ព្រះបរមវិស្ណុលោក” (ព្រះបាទសូរ្យវរ្ម័នទី២) “ព្រះសុវណ្ណកោដ្ឋ” (ព្រះបាទនរោត្តម) “ព្រះបរមរតនកោដ្ឋ” (ព្រះបាទសីហនុ)។

ដោយឡែក មេទ័ព មេកង មេចលនាតស៊ូ ដើម្បីជាតិមាតុភូមិនៅពេលស្លាប់ ក៏មានឈ្មោះថ្មីថា “វីរបុរស វីរនារី” ជួនកាលក្លាយទៅជា “អ្នកតា” នៅមើលការខុសត្រូវកូនចៅ ដូច “អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក អ្នកតាដំបងដែក” ជាដើម។

ព្រះអាចារ្យ ហែម ចៀវ ដែលចេញមុខដឹកនាំចលនាប្រឆាំងបារាំង ដើម្បីការពារអក្សរសាស្ត្រខ្មែរ ក៏ត្រូវដៃជើងបារាំង ចាប់ផ្សឹក បញ្ជូនទៅដាក់គុកកោះត្រឡាច។ ក្រោយមក លោកប្រធានាធិបតី លន់ នល់ បានចាត់លោកប៊ុណ្ណ ច័ន្ទម៉ុល ឱ្យឡើង ឧទ្ធម្ភាគចក្រទៅកោះត្រឡាច កាលនោះ នៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងព្រៃនគរ ឡើងយកអដ្ឋិធាតុលោក មកធ្វើបុណ្យបូជា ព្រោះលោកប៊ុណ្ណ ច័ន្ទម៉ុល ធ្លាប់ជាប់គុកធំនៅកណ្តាលសមុទ្រនោះដែរ ស្គាល់ផ្នូរលោកគ្រូ ហែម ចៀវ។ ប្រធានាធិបតី លន់ នល់ បានចេញក្រឹត្យលើកតម្កើងព្រះអាចារ្យ ហែម ចៀវ ជា “វីរបុរសខ្មែរ” ដោយរើសធាតុបញ្ចុះក្នុងចេតិយ នាវត្តឧណ្ណាលោម តាំងពីឆ្នាំ១៩៧០។

កញ្ញាដៀប វណ្ណដារ៉ា ជាកងកុម្មង់ដូនៃរបបលន់ នល់ ការពារវិទ្យាល័យមួយនៅក្រុងសៀមរាប ដែលស្លាប់លើសមរភូមិ ត្រូវបានរបបលន់ នល់ លើកតម្កើងជា “វីរនារី” បានទាំងយករូបថតរបស់នាងដាក់ក្នុងក្រដាសប្រាក់ ៥០០រៀលទៀតផង។

មានប្រជាពលរដ្ឋមួយចំនួន បានសួរមក “នគរធំ” ថា លោកហ៊ុន ណេង បងប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលនៅរស់ ហេតុអ្វីមិនបានគោរមងារជា “សម្តេច”? ចំណុចនេះ យើងសូមឆ្លើយថា ករណីលោកហ៊ុន ណេង បានគោរមងារ “សម្តេចឧត្តមទេពញាណ” ក៏ដូចលោកសុខ អាន បានគោរមងារជា “សម្តេចវិបុលបញ្ញា” គឺជា “បច្ចាមរណនាម” នេះឯង។ ឈ្មោះចុងក្រោយនេះ មិនចេះតែបានងាយៗនោះទេ ពោលគឺបាន “សម្តេច” មកពីឥស្សរជននោះ តស៊ូយូរអង្វែង លះបង់អ្វីៗទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ។

បើតាមជំនឿក្នុងព្រះពុទ្ធសាសនា បុគ្គលដែលស្លាប់នោះ បានទៅកើតភពថ្មីភ្លាម អត់យូរទេ ដូចរឿងមួយតំណាងពី ស្ត្រីម្នាក់ ស្លាប់ទៅកើតឋានត្រៃត្រិង្ស មានវិមានទិព្វគង់នៅ។ ទេពធីតានោះ បើកទិព្វចក្ខុក្រឡេកទៅឋានមនុស្សលោក ឃើញគេសែងសពព្រះនាង កាលនៅជាស្ត្រីទុរគត យកទៅកប់ក្នុងព្រៃ។ លុះតាអាចារ្យដាក់ឈ្មោះនាងនោះថា “ឧបាសិកា” និងចារទង់ព្រលឹង ឬសំបុត្រដើរផ្លូវឱ្យខ្មោចនាងផងនោះ នាងបានទៅកើតឋានត្រៃត្រិង្ស ដូចប្រាថ្នា។

ដូច្នេះយើងឃើញថា “បច្ចាមរណនាម” ជាឈ្មោះចុងក្រោយសម្រាប់ដាក់ឱ្យបុគ្គលចែកឋាន តាមលំដាប់វណ្ណៈ តាំងពី ព្រះមហាក្សត្រ នាហ្មឺនសព្វមុខមន្ត្រី មេទ័ព មេកង យុទ្ធជន យុទ្ធនារី រហូតដល់ប្រជាពលរដ្ឋសាមញ្ញ។

ទោះបុគ្គលស្លាប់នោះ “ធ្វើឱ្យគេស្អប់” យ៉ាងណាក៏ដោយចុះ អ្នកនៅរស់ត្រូវជម្រុះការចងពៀរគ្នា ឈប់រំព្ញកពីគុណវិបត្តិ នៃសពនោះ។ ដូច “នគរធំ” លើកឧទាហរណ៍ ពីយាយប្រមឹក វាយក្បាលប្តីនឹងវែកសម្ល ផ្ទះក្បែរវត្ត មិនចូលវត្ត ពេលគាត់ ចែកឋាន ក៏ឡើងឈ្មោះថ្មីថា “ឧបាសិកា” បើអ្នកមិនចេះពិចារណា ក៏ចោទប្រកាន់ចាស់ព្រឹទ្ធាចារ្យថា “ល្ងង់ខ្លៅ” ដាក់ឈ្មោះ យាយប្រមឹក ជាឧបាសិកា បែបនេះ អត់សមទេ។

ពួកប្រឆាំងទំនងជាមិនសូវយល់ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ បានវ៉ៃប្រហារសម្តេចសុខ អាន សម្តេចហ៊ុន ណេង ថាមិនសមបានងារសម្តេច ដែលការចោទបែបនេះ មកពីខ្វះការស្រាវជ្រាវ ឬយកពៀរវេរា ដាក់មុខតែម្តង។

សរុបទៅ “បច្ចាមរណនាម” គឺជាឈ្មោះចុងក្រោយ សម្រាប់ដាក់ឱ្យមនុស្សល្បី (យាយប្រមឹកក៏ល្បីខាងផឹកដែរ)។ ព្រះមហាក្សត្រ សុទ្ធតែពាក្យ “កោដ្ឋ” ពីក្រោយ រីឯវីរបុរស ឬមេទ័ព ជួនកាលឡើងជា “អ្នកតា អ្នកដូន” ដែលជាបរិបទ សម្រាប់អ្នកមិនបានស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ពិចារណាតាមការគួរ…’