អ្នកនាងអម្ពរ ទេវី បានដឹកដៃកូនប្រុសសូលី ភិរុណ ឡើងយន្តហោះទៅអាមេរិក វិញហើយ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ដោយមានការជូនដំណើរដោយអតីតស្វាមី លោកពេជ្រ ភិរុណ ផងដែរ។ តាមព័ត៌មានបានឱ្យដឹងថា អម្ពរ ទេវី ក៏បានធ្វើខួបកំណើតគម្រប់អាយុ១៨ឆ្នាំ ឱ្យកូនប្រុសសូលី ភារុណ ផងដែរ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នោះ ដោយអ្នកនាងថែមទាំងបានញ៉ាំអាហារជាមួយប្តីចាស់ លោកពេជ្រ ភិរុណ ផងដែរ។
ក្នុងជំនួបតាមទូរសព្ទ័ជាមួយលោកពេជ្រ ភិរុណ កាលពីថ្ងៃទី២៨ ខែសីហា អតីតស្វាមីអ្នកនាងអម្ពរ ទេវី រូបនេះ បានអះអាងថា រវាងលោកនិងអតីតប្រពន្ធ មិនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នាបានទេ ថ្វីត្បិតតែចំណងស្នេហ៍បានដើរដល់ទីបញ្ចប់ទៅហើយក្តី តែមនោសញ្ចោនាគឺនៅតែមិនអាចកាត់ផ្តាច់បានដដែល។
លោកភិរុណ រៀបរាប់ថា “ម៉ាក់វី (អម្ពរ ទេវី) និងខ្ញុំបានរៀបចំធ្វើខួបកំណើតឱ្យកូន កាលពីថ្ងៃទី២០ ខែសីហា ហ្នុងមែន នៅហាងស៊ុបស៊ូគីស៊ុប ហើយមានតែអ្នកជិតដិតទេដែលចូលរួម ហើយនិយាយឱ្យត្រង់ទៅ ខ្ញុំនិងម៉ាក់វី មិនអាចកាត់ផ្តាច់ពីទំនាក់ទំនងជាមួយគ្នាបានទេ ថ្វីត្បិតតែយើងអស់និស្ស័យជីវិតជាប្តីប្រពន្ធគ្នាក្តី។ ដូចឃើញហើយថា ម៉ាក់វី មកទៅវិញ គឺខ្ញុំទៅយកឡានជូនទៅអីចឹងទៅ ព្រោះយើងមានកូនជាសាច់ឈាមជាមួយគ្នា កាត់ឯណាបានទៅ? និយាយទៅ ដើម្បីតែអនាគតកូន ខ្ញុំនិងម៉ាក់វី លះបង់ច្រើនណាស់ ហើយចំពោះទំនាក់ទំនងនេះ គឺមានតទៅទៀតរហូតដល់ថ្ងៃស្លាប់តែម្តង”។
អ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩២ ហើយក៏ត្រូវអ្នកនាងអម្ពរ ទេវី ទៅអាមេរិក ចោលប្តី កាលពីឆ្នាំ២០០០ ទុកឱ្យលោកភិរុណ នៅស្រុកខ្មែរតែម្នាក់ឯង រហូតដល់ឆ្នាំ២០១៤ ក៏ធ្លាយអ្នកនាងអម្ពរ ទេវី រៀបការប្តីថ្មីចោលតែម្តង ធ្វើឱ្យលោកភិរុណ អស់សង្ឃឹមជាខ្លាំង។
ឆ្លើយតបសំណួរថា តើលោកពេជ្រ ភិរុណ ស្និទ្ធជាមួយអ្នកនាងអម្ពរ ទេវី ដូចនៅប្តីប្រពន្ធបែបនេះ មិនខ្លាចប្តីថ្មីអម្ពរ ទេវី ប្រចណ្ឌទេអី?
តារារូបនេះប្រាប់ថា “មានគេសួរខ្ញុំដែរថា តើម៉េចបានជាអម្ពរ ទេវី ទៅយកប្តីថ្មី ពេលប្តីចាស់នៅជ្រងោៗបែបនេះ? តើខ្ញុំគិតម៉េចវិញ លោតទឹកសម្លាប់ខ្លួន? ឥឡូវខ្ញុំចង់បញ្ជាក់ថា ខ្ញុំនិងម៉ាក់វី គឺរាប់អានគ្នាដូចជាបងប្អូនអុីចឹង ខ្ញុំមានអីត្រូវឈឺចាប់ បើយើងឥឡូវចាស់ៗអស់ទៅហើយហ្នឹង មានតែដើម្បីអនាគតកូន ត្រូវតែហ៊ានលះបង់ឱ្យគាត់មានគ្រួសារថ្មីចុះ តែខ្ញុំមិនចោលកូនទេ កូនត្រូវការអី ខែមុនចង់ទិញឡាន ខ្ញុំក៏ផ្ញើលុយឱ្យទិញទៅ”។ ចំណែកស្វាមីគាត់ថ្មី រឿងអីដែលត្រូវប្រចណ្ឌខ្ញុំជាមួយម៉ាក់វី នោះ ព្រោះពីមុនខ្ញុំតេទៅលេងកូននៅអាមេរិកនោះ ក៏បានជួបគាត់ (ប្តីថ្មីអម្ពរ ទេវី) តាមទូរសព្ទ័ដែរ ហើយយើងនិយាយគ្នា រាប់អានគ្នាធម្មតា ដូចអត់មានអ្នកណាប្រចណ្ឌអីផង”។
តាមប្រភពបានឱ្យដឹងថា អ្នកនាងអម្ពរ ទេវី ដែលមកស្រុកខ្មែរ លើកនេះ២សប្តាហ៍ ដើម្បីតែថតភាពយន្តឱ្យផលិតកម្មថោន រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលជាការនិពន្ធនិងដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា នោះ ក្រៅពីថ្លៃសំបុត្រយន្តហោះទៅមក ត្រូវផលិតកម្មថោន ជាអ្នករ៉ាប់រងទាំងអស់នោះ អម្ពរ ទេវី ក៏ទទួលបានថ្លៃខ្លួន១ម៉ឺនដុល្លារផ្សេងទៀតដែរ ក្នុងការចាប់ផ្តើមអាជីពចាស់សាជាថ្មីនេះ ក្រោយពីអ្នកនាងផ្អាកអស់១៦ឆ្នាំមក។ អតីតតារាសម្តែងដ៏ល្បីល្បាញកាលពីឆ្នាំ១៩៩០ រូបនេះ ថែមទាំងបានឆ្លៀតថតសម្តែងចម្រៀងកាយវិការខារ៉ាអូខេមួយបទ ឱ្យថោន ផងដែរ គឺបទ “ឧត្តមស្វាមី” ដែលច្រៀងដោយនាងមាស សុខសោភា។
លោកភិរុណ បន្ថែមថា “ចំពោះតម្លៃខ្លួនគាត់ពិតជាថ្លៃជាងតួធម្មតា៣-៤ដងមែន និយាយខ្ទង់១ម៉ឺនដុល្លារហ្នឹងឯង ហើយគាត់មិនពិបាកទេ ដោយសារតែសម្លៀកបំពាក់ជាជំទាវក្នុងរឿងនេះ៨កំផ្លេ ខ្ញុំជាអ្នករ៉ាប់រងឱ្យទាំងអស់ ហើយខ្ញុំអត់មានយកលុយអីទេ។ និយាយទៅ ខ្ញុំនៅតែជួយគាត់អ៊ីចឹង ព្រោះថតធ្វើជាតួជំទាវ ត្រូវតែមានការសម្រិតសម្រាំងខោអាវហ្នឹងឱ្យបានល្អ ឱ្យសមគាត់ តែមិនជាថ្លៃណាស់ណាទេ គឺ១ឈុត ខ្ទង់១៥០-១៦៥ដុល្លារហ្នឹង! ចំណែកអ្នកផាត់មុខគាត់ គឺគេមកពីបារាំង ជាអ្នកស្គាល់គ្នា”៕ ហុឹម វិចិត្រ