ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាកម្មការិនីម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការងារថែមម៉ោងដល់យប់ជ្រៅវិញ ក៏ចូលទៅសម្រាកដោយស្លៀករ៉ូប តែមិនបានស្លៀកលីអូនោះទេ លុះដល់ពាក់កណ្តាលអធ្រាត្រ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ក្លិនដូចគំរង់ ស្លៀកតែខោលីអូ អត់មានពាក់អាវ បានកាន់កាំបិតលបឡើងមកលើផ្ទះ រួចភ្ជង់កនារីរងគ្រោះជាប់ បន្ទាប់មកក៏សើយរ៉ូបចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេច លុះនារីរងគ្រោះស្រែកឆោឡោឡើង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះនារីរងគ្រោះ។
នារីរងគ្រោះឈ្មោះ ង.ច អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស៊ីគ្លូ សព្វថ្ងៃស្នាក់នៅជាមួយបងស្រីនៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការរោងចក្រ យីហោស៊ីគ្លូ វិញ ជាមួយបងស្រី។ លុះមកដល់ផ្ទះ នៅវេលាម៉ោង៨និង៤០នាទីយប់ បងស្រីរបស់ខ្លួនបានឡើងទៅចាក់សោផ្ទះខាងលើ រួចក៏បាននាំគ្នាមកធ្វើម្ហូបនៅក្នុងរោងបាយ រហូតដល់ម៉ោង១១យប់ ទើបនាំគ្នាឡើងទៅលើផ្ទះ ហើយជនរងគ្រោះបាននៅលេងទូរស័ព្ទ ចំណែកបងស្រីរបស់ខ្លួនបានចូលទៅដេកនៅក្នុងបន្ទប់មុន។
ប្រភពដដែលបន្តថា លុះដល់ម៉ោង១២រំលងអធ្រាត្រ ជនរងគ្រោះក៏បានចូលមកដេកយកក្បាលមកទិសខាងត្បូង ក្បែរជញ្ជាំងខាងកើត ដោយស្លៀកសម្លៀកបំពាក់រ៉ូប ពណ៌ផ្កាឈូក និងគ្មានស្លៀកលីអូទេ។ ស្រាប់តែមកដល់វេលាម៉ោង១រំលងអធ្រាត្រ ក៏ត្រូវជនសង្ស័យលបឡើងទៅលើផ្ទះ យកជង្គង់ខាងឆ្វេងសង្កត់លើ ទ្រូងនារីរងគ្រោះ រីឯដៃឆ្វេងកាន់កាំបិតភ្ជង់កនារីរងគ្រោះ កុំឱ្យស្រែក ដោយគំរាមថា បើស្រែក គេនឹងសម្លាប់ចោល លុះឮដូច្នេះ នារីរងគ្រោះមិនហ៊ានស្រែកឡើយ បណ្តោយឱ្យជនសង្ស័យចាប់រំលោភ រហូតទាល់តែបានសម្រេច។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា នាងបានចំណាំមុខជនសង្ស័យច្បាស់ណាស់ នៅលើផ្ទៃមុខជនសង្ស័យមានស្នាមនៅចុងកន្ទុយភ្នែកពីខាងឆ្វេង សក់រួញ ពិសេសមានក្លិនខ្លួនអាក្រក់ស្អុយដូចគំរង់ ស្ទើរតែទ្រាំពុំបានស្លៀកខោលីអូ គ្មានពាក់អាវទេ។ ក្រោយពីធ្វើសកម្មភាពរួច នាងបានលួងឱ្យជនសង្ស័យចុះទៅវិញ ពីព្រោះខ្លាចគេសម្លាប់នាងចោល។ លុះពេលជនសង្ស័យចុះពីលើផ្ទះ ដោយដៃកាន់កាំបិតជាប់ មកជាមួយផងនោះ គ្រាន់តែចុះផុតភ្លាម នារីរងគ្រោះបានស្រែកឱ្យបងជួយ ថាមានគេចាប់រំលោភ ទើបឆោឡោតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនយកមកសួរនាំ ហើយបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះ រហូតដល់បានសម្រេចមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕