Saturday, January 31, 2026
Homeនយោបាយអ្នកវិភាគ គាំទ្រប្តូររាជធានី ទៅខេត្តសៀមរាប រក្សាភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម

អ្នកវិភាគ គាំទ្រប្តូររាជធានី ទៅខេត្តសៀមរាប រក្សាភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម

ភ្នំពេញ ៖ អ្នកវិភាគ បានគាំទ្រការប្ដូររាជធានី នៃព្រះរាជាណាចក្រកម្ពុជា ពីភ្នំពេញ ទៅខេត្តសៀមរាប ដែលជាអតីតរាជធានី នៅសម័យអង្គរ ដោយរក្សាទុកភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតរបស់ប្រទេស ។លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ-សង្គម បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា “ខ្ញុំគាំទ្រការប្តូររាជធានី ទៅខេត្តសៀមរាប និងរក្សាទីក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុត“ ។

  ជាមួយគ្នានេះដែរ លោក អ៊ូ វីរៈ ក៏បានលើកឡើងដែរថា បើទោះបីខេត្តសៀមរាប មិនត្រូវបានយកធ្វើរាជធានី ក៏ដោយ ក៏ទីក្រុងមួយនេះ គួរតែជាមជ្ឈមណ្ឌលសម្រាប់ចំណេះដឹង វប្បធម៌ និងសិល្បៈ និងទីក្រុងបៃតងបំផុត នៅអាស៊ីអាគ្នេយ៍ ។

  លោក អ៊ូ វីរៈ បានសរសេរបន្ថែម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា “សៀមរាប គួរតែជាទីក្រុងបៃតងបំផុត នៅអាស៊ីអាគ្នេយ៍ ហើយក៏គួរតែជាមជ្ឈមណ្ឌលសម្រាប់ចំណេះដឹង វប្បធម៌ និងសិល្បៈ ផងដែរ។ រដ្ឋ គួរជំរុញសាកលវិទ្យាល័យ និងសាលាសិល្បៈ ទៅជាបណ្ដុំនៅសៀមរាប“ ។

 គួរបញ្ជាក់ថា ខណៈប្រទេសនានា រួមទាំងប្រទេសក្នុងតំបន់អាស៊ាន បានប្ដូរទីតាំងរាជធានី-រដ្ឋធានី ដោយ សារកំណើនចំនួនប្រជាជននោះ មានមជ្ឈដ្ឋានមួយចំនួន ចង់ឲ្យព្រះរាជាណាចក្រកម្ពុជា ប្ដូររាជធានី ពីភ្នំពេញ ទៅខេត្តសៀមរាប អង្គរ ដែលជាអតីតរាជធានី នៅសម័យមហានគរ ដ៏រុងរឿងនោះវិញ ។

  ទោះបីយ៉ាងណា  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មួយខ្សែទៀត កាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា មិនមានផែនការប្ដូរទីតាំងរាជធានី ដូចប្រទេសដទៃនោះទេ ខណៈដែលក្នុងយុទ្ធសាស្ត្រពង្រីកផ្លូវ ឱ្យអស់លទ្ធភាព ពង្រីករាជធានី កសាងផ្លូវភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កសាងស្ពាន និងស្ពានអាកាសនៅរាជធានីភ្នំពេញ នៅថ្ងៃអនាគត កម្ពុជា ក៏មានគម្រោង នឹងធ្វើស្ពានខ្សែក្រវាត់ក្រុង ព្រមទាំងផ្លូវ និងចំណតក្រោមដីផងដែរ។

  សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បើសិនមិនមានប្រជាជនច្រើន បញ្ហាកកស្ទះចរាចរណ៍ច្រើន យើងមិនពង្រីកផ្លូវទេ។ ដ្បិតបើប្រជាជននៅតែម្ដុំៗ កន្លែងផ្សេងទៀត មិនមានប្រជាជនទៅនៅ នោះក៏មិនបាច់ធ្វើផ្លូវច្រើនខ្សែដែរ ដោយសារប្រជាពលរដ្ឋរីកច្រើនកន្លែង ទើបយើងត្រូវធ្វើផ្លូវតភ្ជាប់។

  សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍នៅពេលនោះថា “អ៊ីចឹងបញ្ជាក់ថា ពេលណាមានតម្រូវការកសាងផ្លូវថ្នល់ច្រើន បានន័យថា កន្លែងហ្នឹងហើយ មានប្រជាពលរដ្ឋរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ហើយនៅភ្នំពេញ តម្រូវការ ត្រូវធ្វើ (ហេដ្ឋារចនាសម្ព័ន្ធ) ច្រើន តែកម្ពុជា គ្មានផែនការលើករាជធានីភ្នំពេញ ទៅណាទេ ប្រទេសខ្លះ គេលើក ឥឡូវឥណ្ឌូនេស៊ី កំពុងរៀបចំដូររដ្ឋធានី ពីហ្សាការតា ទៅកោះប័រនេអូ…។ ភ្នំពេញ ខ្ញុំថា អត់ចាំបាច់រើទៅណាទេ! យើងរើច្រើនហើយ យើងរើតាំងពីអង្គរ មកឧដុង្គ មកអីច្រើនហើយ មកដល់ថ្មើរនេះ គឺត្រូវពង្រឹងនៅនឹងកន្លែង ពង្រីកនៅនឹងកន្លែង។ សុំបញ្ជាក់ ! រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធររាជធានី មិនមានផែនការមិនឱ្យប្រជាពលរដ្ឋរាជធានីភ្នំពេញ កើតកូនច្រើននោះទេ…” ។

  គួររម្លឹកថា នៅក្នុងឯកសារប្រវត្តិសាស្រ្ត រាប់ចាប់ពីរាជធានីអង្គរ ទី៣ ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះបាទជយវរ្ម័នទី៧ ប្រទេសកម្ពុជា បានប្ដូររាជធានី ជាបន្តបន្ទាប់ ដូចជា ទៅរាជធានីទួលបាសាន ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជា ពញាយ៉ាត, នៅរាជព្រះបាទស្រីសុគន្ធបទ បានប្តូរឈ្មោះទៅរាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជាស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន, រាជធានីចតុមុខ សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជា ពញាយ៉ាត, រាជធានីស្រឡប់ពិជ័យ ព្រៃនគរ ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋាធិរាជ រាមាធិបតី, រាជធានីលង្វែក ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១, រាជធានីស្លាកែត ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌, រាជធានីល្វាឯម ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌, រាជធានីឧដុង្គមានជ័យ ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមក នៅម្តុំវាំងចាស់ក្នុងខេត្តកំពង់ស្ពឺ សតវត្សទី១៧ រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម, រាជធានីភ្នំពេញ ក្នុងរជ្ជកាលព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ជាលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៨៦៥ ហើយឋិតថេរមកដល់សព្វថ្ងៃ ។

សម្រាប់ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ទីរួមខេត្តសៀមរាប គឺក្រុងសៀមរាប និងក្រុងរុនតាឯក (ទើបបង្កើតថ្មី)។ ខេត្តសៀមរាប ត្រូវបានដាក់ឈ្មោះបែបនេះ គឺដើម្បីរំលឹកដល់ជ័យជម្នះរបស់កងទ័ពខ្មែរ វាយឈ្នះលើកងទ័ពសៀម នៅសម័យលង្វែក នៅក្នុងសតវត្សរ៍ទី១៦។ សព្វថ្ងៃ ខេត្តសៀមរាប ត្រូវបានស្គាល់ទូទាំងពិភពលោកថា ជាទីតាំងនៃរមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ខេត្តនេះ គឺជាតំបន់ទេស ចរណ៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារមានប្រាសាទអង្គរវត្ត និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាប កំពុងប្រែក្លាយរូបរាងទៅជាក្រុងទំនើប តាមរយៈកំណើនសណ្ឋាគារ ភោជនីយ ដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឲ្យវិស័យទេសចរណ៍។ រមណីយដ្ឋាន និងប្រាសាទបុរាណជាច្រើន ដែលស្ថិតនៅក្នុងក្រុងនិងក្រៅក្រុង នៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ឲ្យភ្ញៀវទេសចរ មកពីគ្រប់ទិសទី ជុំវិញពិភពលោក ទស្សនានិងសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងសង្គមរបស់ខ្មែរ។

 ខេត្តសៀមរាប គឺជាខេត្តធំទី១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនប្រជាជននៅក្នុងខេត្តនេះ កើនឡើងដល់ខ្ទង់លាននាក់ ហើយជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។ មួយផ្នែកធំ នៃព្រំដែនភាគខាងត្បូងរបស់ខេត្តសៀមរាប គឺជាប់នឹងបឹងទន្លេសាប ។ ដូច្នេះហើយបានជាខេត្តសៀមរាប គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង០៩ ដែលបង្កើតបានជាតំបន់ទុនបម្រុងជីវមណ្ឌលទន្លេសាប។  ខេត្តសៀមរាប គឺជាអតីតខេត្តខ្មែរ មួយ ឈ្មោះ ខេត្តមហានគរ។ ការប្ដូរឈ្មោះជាខេត្តសៀមរាប នេះ គឺនៅក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ។ បើតាមព្រះរាជពង្សាវតារខ្មែរ មូលហេតុបានជាផ្លាស់ប្ដូរឈ្មោះខេត្តនេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ១៥៣០ នៃគ្រិស្តសករាជ ស្ដេចអយុធ្យា បានបញ្ជាឲ្យកងទ័ពខ្លួន វាយលុកប្រទេសកម្ពុជា នៅក្នុងខេត្តមហានគរ ដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា។ ទ័ពសៀម ដណ្ដើមខេត្តមហានគរ បានមួយរយៈ ។ បន្ទាប់មក ទ័ពស្ដេចសៀម នេះ បានជួបនឹងទ័ពស្ដេចខ្មែរ នៅតំបន់អង្គរ ហើយបានប្រយុទ្ធគ្នាធ្វើឲ្យកងទ័ពសៀម ទទួលបរាជ័យយ៉ាងធ្ងន់។ ក្រោយពីទទួលបានជ័យជម្នះមក ព្រះបាទច័ន្ទរាជា បានបញ្ញត្តឲ្យប្ដូរឈ្មោះខេត្តមហានគរ នេះ ទៅជាខេត្តសៀមរាប ដែលមានន័យថា “ទ័ពសៀម ត្រូវបង្ក្រាបឲ្យរាប នៅខេត្តនេះ” ។

 ចំណែកភ្នំពេញ ជារាជធានី របស់ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ប្រមាណជា ២.៣លាននាក់ នៅក្នុងឆ្នាំ២០២៣ ។ ភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម និងជាទីប្រជុំជនដែលមានការងារច្រើនជាងគេក្នុងប្រទេសកម្ពុជា បណ្តុំសំណង់អាគារធំៗជាច្រើនបានប្រមូលផ្ដុំគ្នាបង្កើតបានជាស្កាយឡាញ (Skyline) និងអគារខ្ពសកប់ពពក (Skyscraper) ដែលរួមបញ្ចូលការរស់នៅតាមបែបស្តង់ដារទំនើប ដូចជា ខុនដូ (Condo), ខុនដូថ្នាក់កណ្ដាល (Condominium) អផាតមិន (Apartment), ការរស់នៅបែបលំនៅឋានឯកជន (Residential) និងការរស់នៅបែបប្រណិតអភិជន (Luxury living) ។ ភ្នំពេញ ដែលរួមបញ្ជូលទាំងសេដ្ឋកិច្ចទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា មានសាលារៀន និងសាកលវិទ្យាល័យច្រើនជាងគេ សម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទេសចរណ៍ កំពង់ផែស្ងួតសម្រាប់វិស័យដឹក ជញ្ជូន មានសួនកម្សាន្តជាច្រើន និងមានកន្លែងសម្រាប់សម្រាកលម្ហែជាច្រើនទៀត ។ ថែមពីលើនេះទៅទៀត មាននៅសំណង់អគារបុរាណ សំណង់ស្ថាបត្យកម្មដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង មានសារមន្ទីរជាតិ ព្រះបរមរាជវាំង វត្តអារាមចំណាស់ៗ និងសំណង់បូជនីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនទៀតផងដែរ ដែលធ្វើឱ្យពោរពេញទៅដោយសម្បត្តិវប្បធម៌ ដែលត្រូវបានឱ្យរហស្សនាមថា “ទីក្រុងវប្បធម៌” ។ ភ្នំពេញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសារមានចំណែកធំនៃសេដ្ឋកិច្ចរបស់កម្ពុជា អត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលឆ្នាំចុងក្រោយនេះ បានបង្កឱ្យមានការរីកដុះដាលលើការវិនិយោគ ដូចជា អគារស្នាក់នៅ អគារលំនៅឋាន អគារការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន បារ និងក្លឹបកម្សាន្តជាច្រើនទៀត ដែលបានផុសឡើងជាបន្តបន្ទាប់ ។ រាជធានីនេះ ក៏ត្រៀមខ្លួនក្លាយជាទីក្រុងខ្លាសេដ្ឋកិច្ចថ្មី ដើម្បីប្រកួតប្រជែងសក្ដានុពលនៃទីក្រុងក្នុងតំបន់អាស៊ាន ដែលអាចក្លាយជាទីក្រុងគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅលើពិភព លោក ក្នុងពេលអនាគត…៕ កុលបុត្រ

RELATED ARTICLES