Tuesday, April 30, 2024
Homeព័ត៌មានជាតិវាយច្របាច់កបងស្រី ប្អូនមកជួយ ទាញដាវដេញកាប់... ប៉ូលិសចាប់បាន មិនដឹងសួរចម្លើយយ៉ាងម៉េច

វាយច្របាច់កបងស្រី ប្អូនមកជួយ ទាញដាវដេញកាប់… ប៉ូលិសចាប់បាន មិនដឹងសួរចម្លើយយ៉ាងម៉េច

ខេត្តកណ្តាល ៖ បុរសគម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏បានដើរទៅវ៉ៃ និងចាប់ច្របាច់កនារីវ័យក្មេងម្នាក់ លុះប្អូនប្រុសនារីរងគ្រោះឃើញ ក៏ស្ទុះទៅជួយបងស្រី ដោយវ៉ៃបុរសគ២ដៃ ស្រាប់តែធ្វើឱ្យបុរសគផ្ទុះកំហឹង ក៏រត់ទៅយកដាវពីក្នុងផ្ទះ មកដេញកាប់យុវជននោះ តែកាប់មិនបាន បែរជាមកកាប់នារីរងគ្រោះ ស្រាយកំហឹងទៅវិញ បណ្តាលឱ្យរងរបួសស្រាល។ លុះនារីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួនបុរសគបាន នាំយកទៅសួរនាំ មិនដឹងថា ត្រូវសួរយ៉ាងម៉េច ព្រោះសមត្ថកិច្ចអត់ចេះភាសាគ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ។ រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យជាមនុស្សគបាន។

នារីរងគ្រោះដែលត្រូវបុរសគវ៉ៃ ចាប់ច្របាច់ក និងកាប់បណ្តាលឱ្យរងរបួស មានឈ្មោះ វ៉េង ថារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ  មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះសួន អ៊ឹម ហៅអាគ អាយុ៣៥ឆ្នាំ ជាមនុស្សគ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ចំណែកវត្ថុតាងចាប់យក រួមមាន ដាវដែក១ដើម ប្រវែង១ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនារីរងគ្រោះកំពុងនៅផ្ទះ អង្គុយជជែកគ្នាលេងជាមួយបងប្អូន ស្រាប់តែលេចមុខជនសង្ស័យបានដើរមកក្នុងសភាពស្រវឹងស្រា ហើយបានយកអាវមកវាយក្បាល និងបានច្របាច់កនារីរងគ្រោះ ភ្លាមនោះ  ប្អូនប្រុសរបស់នារីរងគ្រោះឈ្មោះវ៉េង វុធ ឃើញក៏ស្ទុះទៅវាយជនសង្ស័យចំនួន២ដៃ បន្ទាប់មក ជនសង្ស័យក៏បានរត់ទៅយកដាវពីក្នុងរោង កន្លែងដែលខ្លួនដេក យកមកដេញកាប់ប្អូននារីរងគ្រោះដល់កណ្តាលភូមិ ប៉ុន្តែកាប់មិនបាន ក៏ត្រឡប់មកវិញ រួចហើយបានយារកាប់នារីរងគ្រោះ តែត្រូវនារីរងគ្រោះឃើញទាន់ ក៏គេចរួចខ្លួន ហើយមានការប្រតាយប្រតប់គ្នា ធ្វើឱ្យដាវមុតចង្អុលដៃខាងឆ្វេង និងមុតចង្កេះខាងឆ្វេងនារីរងគ្រោះ  បណ្តាលឱ្យមានរបួស។

ប្រភពដដែលបន្តថា ក្រោយបង្កហេតុរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។  ចំណែកនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពញាឮ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ជនរង គ្រោះបានរាយការណ៍មកសមត្ថកិច្ចជំនាញថា ប្រទះឃើញជនសង្ស័យត្រឡប់មកកន្លែងស្នាក់នៅវិញហើយ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ពញាឮ  ចុះឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតបានវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

ក្រោយពីបញ្ជូនដល់អធិការដ្ឋាននគរបាលស្រុក ដោយសារតែសមត្ថកិច្ចសាកសួរពុំកើត  ពីព្រោះជនសង្ស័យជាមនុស្សគ ទើបបានត្រឹមរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES