ដូចការសន្យា នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តារាសសម្ដែងជើងចាស់ អ៊ឹម ផល្លា អាយុ៥៦ឆ្នាំ បានទទួលទឹកប្រាក់ចំនួន៥០០ដុល្លាត អង្ករ២បេ , ត្រីខ២កេស និងទឹកផ្លែឈើ២កេសហើយ ពីអតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ។
អ្នកស្រីអ៊ឹម ផល្លា បានទៅទទួលអំណោយពីកញ្ញាម៉ូលីកា នៅហាងរក្សារសម្រស់របស់នាងផ្ទាល់តែម្ដងឈ្មោះ ”អិនខេ ម៉ូលិកា ប៊ីយូធី ត្រេឌីង ឯ.ក” នៅទល់មុខសាលាចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កញ្ញាម៉ូលីកា បានថ្លែងសារថា ”ក្នុងនាមខ្ញុំជាអតីតសិល្បករមួយរូប សូមជួយអ្នកមីង500$ ដើម្បីជួយសម្រួលភាពលំបាកបន្ដិចបន្ដួច ដោយក្ដីគោរព”។
អ្នកស្រីអ៊ឹម ផល្លា បានបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំង រហូតរលេងរលោងទឹកភ្នែក ក្រោយទទួលជំនួយពីកញ្ញាម៉ូលីកា ព្រោះទឹកប្រាក់នោះអាចសម្រួលដល់ការលំបាករបស់លោកស្រីបានមួយផ្នែក ដែលអាចយកទៅបង់ថ្លៃបន្ទប់ជួល នឹងបានរស់នៅជាបន្ដទៅទៀត។

តារាសម្ដែងជើងចាស់រូបនេះ ក៏បានជូនពរកញ្ញាម៉ូលីកា ឲ្យមានសម្រស់កាន់តែស្រស់ស្អាត ហើយហាងរបស់នាងកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើនថែមទៀតផងដែរ។
ចំណែកកញ្ញាម៉ូលីកា វិញ ក្រោយប្រគល់លុយជូនអ្នកស្រីអ៊ឹម ផល្លា ហើយបានថ្លែងបន្ថែមសារថា ”ជូនបុណ្យទាំងអស់គ្នាផង ព្រោះគាត់ឲ្យពរច្រើនណាស់”។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអតីតតារាចម្រៀង Rock កញ្ញាម៉ូលីកា តែងបង្ហាញនូវទឹកចិត្តសប្បុរសធម៌ចំពោះតារាមានជីវភាពលំបាកនិងទាល់ខ្លាំងដូចជាមុននេះម៉ូលីកា ក៏បានផ្ដល់ថវិការចំនួន៥០០ដុល្លារ និងសម្ភារៈមួយចំនួនដល់អតីតបេក្ខភាព X Factor Cambodia លៀង ចាន់ឡា ផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ ដែលបានបើកម៉ូតូដឹកលៀសហាលបុកខ្ទេចទ្វាររថយន្ដទំនើបរបស់នាង ម៉ាក Range Rover ហើយត្រូវចំណាយលុយជួសជុលខ្ទង់៧ពាន់ដុល្លារនោះ ក៏នាងមិនទាមទារសំណងពីក្មេងប្រុស និងក្រុមគ្រួសារគេដែរ ដោយគ្រាន់តែឲ្យក្មេងនោះសុំទោស និងទទួលកំហុសប៉ុណ្ណោះ។
ការផ្ដល់ថវិការជូនតារាជើងចាស់ អ៊ឹម ផល្លា នៅពេលនេះ ដោយសារតែម៉ូលីកា មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលឃើញអ្នកស្រីយំបង្ហូរទឹកភ្នែក ព្រោះតែបន្ទប់ជួលត្រូវបានម្ចាស់ផ្ទះចាក់សោជាប់មិនឲ្យចូល ព្រោះតែគាត់គ្មានលុយបង់បន្ទប់នោះ។

ម៉ូលីកា ថា នេះជាទឹកលុយតិចតួចដែលនាងអាចជួយសម្រាលការលំបាកដល់អ្នកស្រីអ៊ឹម ផល្លា ទៅតាមលទ្ធភាពដែលនាងមាន ហើយនាងនឹងបន្ដរសកម្មភាពសបប្បុរសធម៌នេះតទៅទៀត ៕