Sunday, September 22, 2024
Homeព័ត៌មានជាតិរដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​​ឡាវ មក ទស្សន​កិច្ច​កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​​ឡាវ មក ទស្សន​កិច្ច​កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ការពារប្រទេសឡាវ មកបំពេញទស្សនកិច្ច ផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃ ប្រទេសទាំង២ កម្ពុជា-ឡាវ។

យោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងការពារជាតិ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ឱ្យដឹងថា “អនុវត្តតាម ការអញ្ជើញរបស់ឯកឧត្តមនាយឧត្តមសេនីយ៍  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈប្រតិភូ រដ្ឋមន្ត្រីយោធាជាន់ ខ្ពស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦។

ដំណើរទស្សនកិច្ចផ្លូវការ មានរយៈពេល ៣ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយ ចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការរវាង ក្រសួងការពារជាតិនៃប្រទេសជិតខាងទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំនិងល្អប្រសើរថែម ទៀត។ ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត នឹងអញ្ជើញ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥និង០០នាទី នៅ ទីស្តីការក្រសួងការពារជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារប្រទេស ឡាវ ក៏ត្រូវបានអនុញ្ញាតផងដែរ ឱ្យចូលជួបសម្តែង ការគួរសមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”៕

RELATED ARTICLES