ខេត្តបាត់ដំបង៖ មានហេតុការណ៍ដ៏រន្ធត់បំផុត ខណៈរោងការបានសាងសង់រួចរាល់ដែលត្រៀមចូលរោងការបងស្រីនៅថ្ងៃស្អែក ស្រាប់តែអកុសលប្អូនស្រីត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈទៅដកឌុយសាកទូរស័ព្ទ ដែលកំពុងសាកថ្មនៅតូបលក់អីវ៉ាន់ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ កក្កដា ២០១៦ ស្ថិតនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ដែលធ្វើឲ្យពិធីមង្គលការបងស្រីត្រូវលប់ចោលទាំងស្រុង ដើម្បីយករោងការធ្វើជារោងសពប្អូនស្រីវិញ។
មន្ត្រី នគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិម ស្រីនឿន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។ មន្ត្រីដដែលបន្តថា ជនរងគ្រោះត្រូវខ្សែភ្លើងនៅក្នុងតូបលក់ដូរខាងមុខផ្ទះឆក់ ខណៈពេលនាងទៅដកឌុយភ្លើង។ ក្រោយពេលកើតហេតុក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល នាងបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ ស្របពេលនៅផ្ទះរបស់នាងបានសាងសង់រោងរួចរាល់ត្រៀមចូលរោងការបងស្រីរបស់នាងនៅព្រឹកថ្ងៃទី០៩ កក្កដា នេះផងដែរ តែពេលនេះត្រូវលប់ចោលនូវពិធីមង្គលការនេះហើយ ដើម្បីរៀបចំធ្វើបុណ្យសពប្អូនស្រីវិញសិន។
បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃកើតហេតុឈ្មោះ រិម ស្រីនឿន បានដើរទៅដកឌុយខ្សែភ្លើងនាងសាកថ្មទូរស័ព្ទទុកចោល នៅក្នុងតូបខាងមុខផ្ទះ តែមិនដឹងយ៉ាងម៉េច ស្រាប់តែត្រូវខ្សែភ្លើងឆក់អុកគូថតែម្ដង ។
ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕