ភ្នំពេញ៖ បងប្អូនប្រុសស្រី២នាក់ ទើបនឹងបើកម៉ូតូដឹកគ្នាត្រឡប់មកពីញ៉ាំអី មកដល់ មុខផ្ទះ ស្រាប់តែត្រូវជនសង្ស័យ២នាក់បើកម៉ូតូ ដេញតាម ដកកាំភ្លើងភ្ជង់ រួចប្លន់យកម៉ូតូទៅ បាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះ ជនរងគ្រោះ តាមបណ្តោយផ្លូវបេតុង ក្រុម២ ស្ថិតក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ២នាក់បងប្អូនដែលត្រូវចោរ ប្លន់ម៉ូតូបាត់នោះ រួមមាន យុវជនជាបងប្រុស មានឈ្មោះអ៊ូ សេង អាយុ ២១ឆ្នាំ មុខរបរលក់ គ្រឿងដែក។ ចំណែកយុវតីជាប្អូនស្រី មាន ឈ្មោះអ៊ូ មី អាយុ១៦ឆ្នាំ មុខរបរសិស្សសាលា សុវណ្ណភូមិ ។ ជនរងគ្រោះទាំង២នាក់បងប្អូនមាន ស្រុកកំណើតនៅភូមិដើមចាន់សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុ ខាងលើ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យក ទៅនោះ ម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GA-៨៧៦៧ ។ ដោយឡែកក្រុមជនសង្ស័យជាចោរប្លន់ មានគ្នា២នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកDuck ពណ៌ទឹកក្រូច មិនចាំស្លាកលេខ ។
តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានបើកម៉ូតូ ដឹកប្អូនស្រីទៅហូបអាហារនៅផ្សារស្ទឹងមានជ័យ លុះរួចរាល់ក៏នាំគ្នាបើកម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែពេលបើកម៉ូតូមកដល់មុខផ្ទះ បម្រុងនឹងចូលផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បើកម៉ូតូធុនធំមួយគ្រឿង បាន មកឈប់ក្បែរ ហើយភ្លាមនោះ ជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ដើរសំដៅមករកពួកខ្លួន រួចក៏ ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម ភ្ជង់គំរាម បាញ់សម្លាប់ពួកខ្លួន២នាក់បងប្អូន ធ្វើឱ្យពួកខ្លួន ភ័យ ក៏ចុះពីលើម៉ូតូ រត់គេចខ្លួន ទើបជនសង្ស័យ មានឱកាសឡើងបើកម៉ូតូគេចខ្លួនបាត់ដោយ សុវត្ថិភាពតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលចោមចៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ ជាចោរប្លន់ យកមកចាត់ការតាមច្បាប់ ៕
ដោយ៖ នូ ផាន់ណា