Monday, November 25, 2024
Homeនយោបាយ៧០០លានដុល្លារបាត់ បើរដ្ឋាភិបាល រកឃើញ អាចជួយកម្មករ១លាននាក់

៧០០លានដុល្លារបាត់ បើរដ្ឋាភិបាល រកឃើញ អាចជួយកម្មករ១លាននាក់

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានលើកឡើងថា បើរាជរដ្ឋាភិបាល រកឃើញលុយ៧០០លានដុល្លារដែលបាត់ដោយសារអំពើពុករលួយពីការលក់ខ្សាច់ទៅឱ្យប្រទេសសិង្ហបុរី នោះ នឹងអាចយកមកជួយកម្មករបាន១លាននាក់។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គថា “កូវីដ-១៩ (Covid-19) ប្រសិនបើរកលុយ៧០០លានដុល្លារ ដែលបាត់នៅពេលលក់ខ្សាច់ឱ្យសិង្ហបុរី រដ្ឋាភិបាល អាចនឹងជួយកម្មករ១លាននាក់ ក្នុង១នាក់ ៧០ដុល្លារ ក្នុងរយៈពេល១០ ខែ។ អរគុណ! សន្តិភាព”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា “គ្រាន់តែខ្ញុំចង់និយាយថា អំពើពុករលួយហ្នឹង វាមានវិបត្តិយ៉ាងធ្ងន់ទៅលើសេដ្ឋកិច្ចជាតិ ការរីកចម្រើនអី យើងអត់សូវឃើញប៉ុន្មានទេ ដល់ពេលជួបវិបត្តិសេដ្ឋកិច្ចដូចបច្ចុប្បន្នកាល បានយើងដឹងខ្លួនថា អំពើពុករលួយហ្នឹង វាជះផលវិបត្តិអាក្រក់យ៉ាងម៉េច ចំពោះសេដ្ឋកិច្ចជាតិ ចំពោះសង្គម?

ខ្ញុំនិយាយអំពីខ្សាច់ ក៏ប៉ុន្តែអាចនិយាយអំពីធនធានដទៃទៀតបានដែរតើ! ដូចជាធនធានព្រៃឈើ ខ្ញុំលើកឧទាហរណ៍ មានការកាប់បំផ្លាញព្រៃឈើទូទាំងប្រទេស ក៏ប៉ុន្តែអត់ដឹងថា ព្រៃឈើចេញទៅ ក្រៅហ្នឹង វាចូលថវិកាជាតិប៉ុន្មានអីប៉ុន្មាន? ហើយបើយើងគិតលុយក្នុងរយៈពេលប៉ុន្មានជាងដប់ឆ្នាំនេះ តាមការស្មានហ្នឹង មិនមែនរាប់រយលានដុល្លារទេ គឺត្រូវតែគិតថា រាប់ពាន់លានដុល្លារ។

ដូច្នេះបើសិនជាយើងគិតអំពីអំពើពុករលួយ ហើយនិងបើសិនជាយើងមានថវិកាដែលមានអំពើពុករលួយហ្នឹង យើងអាចនឹងជួយសង្គមជាតិបាន យើងអាចនឹងជួយជីវភាពរស់នៅរបស់ប្រជាកសិករ កម្មករខ្មែរយ៉ាងម៉េចដែរ។ អាហ្នឹងហើយដែលខ្ញុំចង់ឱ្យខ្មែរយើង ដឹងខ្លួនទាំងអស់គ្នា ហើយនិងសូមឱ្យរដ្ឋាភិបាលទទួលខុសត្រូវ”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បន្តថា “រឿងលុយ៧០០លានដុល្លារនោះ អាហ្នឹងកាលនោះ ដូចជាមានរបាយការណ៍ចេញពីអង្គការតម្លាភាពអន្តរជាតិ ដែលគេប្រៀបធៀបគណនីកម្ពុជា និងគណនីកម្ពុជា និងគណនីសិង្ហបុរី។ នៅក្នុងគណនីខ្មែរ ថាមាន៥០លានដុល្លារហើយ និងគណនីសាំងហ្គាពួរ ជាង៧០០លានដុល្លារ ដូច្នេះបានន័យថា ខ្សាច់ហ្នឹងបាត់កណ្តាលសមុទ្រ ឬមួយយ៉ាងម៉េច?

ដូច្នេះរឿងទាំងអស់ហ្នឹងហើយ ដែលឆ្លុះបញ្ចាំងថា ខ១ មានអំពើពុករលួយ ខ២ អំពើពុករលួយហ្នឹងវាជះផលវិបត្តិយ៉ាងម៉េចចំពោះសង្គម ចំពោះសេដ្ឋកិច្ចខ្មែរ? ខ្ញុំលើកឧទាហរណ៍មួយទៀត ដូចជាឆ្នាំ២០០៩ ២០១០អីហ្នឹង ខ្ញុំចាំពេលហ្នឹង ខ្ញុំនៅជាលេខារបស់ព្រះកូណា ហើយកាលហ្នឹងអង្គការសុខាភិបាលអន្តរជាតិ បានធ្វើការស៊ើបអង្កេតអំពីប្រាក់ដែលអង្គការហ្នឹងបានផ្តល់ឱ្យខ្មែរយើង នៅក្នុងការប្រឆាំងជាមួយជំងឺគ្រុនចាញ់ ឬមួយជំងឺណាផ្សេង ខ្ញុំភ្លេចហើយ។ ពេលហ្នឹង អង្គការសុខាភិបាលអន្តរជាតិហ្នឹង គេបានរកឃើញថា បាត់លុយរបស់គេប្រមាណដប់ម្ភៃលានដុល្លារ ហើយនិងគេបានធ្វើការអង្កេត ហើយនិងបានចង្អុលអ្នកដែលមើលការខុសត្រូវ ហើយកាលហ្នឹងគេផ្តាច់ជំនួយហ្នឹងទៀត ហើយរហូតទៅដល់ពេលដែលសូមឱ្យរាជរដ្ឋាភិបាល ចាត់ការអំពីរឿងថា បាត់លុយហ្នឹង។

ប៉ុន្មានសប្តាហ៍ក្រោយ ក៏រដ្ឋាភិបាល បានបិទការស៊ើបអង្កេត ដោយលើកហេតុផលថា អ្នកដែលយក លុយខុសទាំងអស់ហ្នឹង បានសងលុយទៅឱ្យរាជការទៅវិញទៅហើយ ដូច្នេះគេបានបិទការស៊ើបអង្កេត ហើយនិងការប្រឌិត។ អាហ្នឹងវាមិនត្រូវ ពីព្រោះមនុស្សម្នាក់ៗនៅពេលហ្នឹងអត់មានទទួលការខុសត្រូវទេ លួចលុយជាតិរួច ទៅសងលុយហ្នឹងទៅវិញអី ដូច្នេះបានរួចខ្លួន អាហ្នឹងវាមិនសម តែលួចៗហើយ។ រឿងអំពើពុករលួយទាំងអស់ហ្នឹងហើយ ធ្វើឱ្យមានបញ្ហាអាក្រក់រហូតមកដល់សង្គម ហើយនិងវាជះផលអាក្រក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បន្តទៀតថា “បើរកឃើញលុយ៧០០លានដុល្លារ ពិតជាអាចជួយកម្មករ១លាននាក់បានត្រូវហើយ ដូចខ្ញុំបានសរសេរអ៊ីចឹង ប៉ុន្តែឥឡូវបើសិនជាយើងគិតទៅតាមការប្រកាសរបស់លោកដែលអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរខ្មែរ ដូចជា សប្តាហ៍មុន ចុះក្នុងកាសែត គាត់ថា រោងចក្រអាចនឹងបិទ ហើយនិងអាចមានកម្មករកន្លះលាននាក់ អស់ការងារធ្វើ។ ដូច្នេះបើយើងយកលុយ៧០០លានហ្នឹង មកចែកកន្លះលាននាក់ មិនមែនបាន១០ខែទេ បាន២០ខែ គឺជិត២ឆ្នាំ។

អាហ្នឹងហើយដែលខ្ញុំសុំឱ្យរាជរដ្ឋាភិបាលទទួល ខុសត្រូវ ហើយនិងធ្វើយ៉ាងម៉េចអំពើពុករលួយទាំងប៉ុន្មាន ដែលប្រមូលលុយប្រមូលកាក់ នឹងផ្តល់ទៅឱ្យជាតិទៅវិញ ដើម្បីការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ យើងមានអង្គភាពប្រឆាំងអំពើពុករលួយហើយ គួរស្តាប់ឱម យ៉ិនទៀង ទៅ គាត់ចាត់វិធានការយ៉ាងម៉េច? ដើម្បី ខ១ ប្រឆាំង ហើយនិង ខ២ ដើម្បីរកលុយហ្នឹង មកដាក់ក្នុងទិន្នន័យជាតិសាជាថ្មី។ ដូច្នេះខ្ញុំចង់ឱ្យរាជរដ្ឋាភិបាល ទទួលខុសត្រូវអំពីអំពើពុករលួយ ហើយនិងប្រមូលថវិកាដែលជាថវិការបស់ជាតិ ដែលចូលទៅក្នុងហោប៉ៅរបស់ឯកជន”។

ចំពោះខ្ញុំប្រើពាក្យអរគុណសន្តិភាព មានន័យថា គេបានលើកឡើងអរគុណសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ សន្តិភាពហ្នឹងវាបានជះផលអាក្រក់ទៅលើប្រជាពលរដ្ឋក្រីក្រ។ អ្នកក្រីក្រ អ្នកទន់ខ្សោយ រងគ្រោះយ៉ាងធ្ងន់ ហើយនិងសន្តិភាពហ្នឹង បានចំណេញដល់ពួកពុករលួយតើ! ដូច្នេះអ្វីដែលខ្ញុំស្នើហ្នឹង ខ្ញុំស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការអំពើពុករលួយ ហើយនិងធ្វើយ៉ាងម៉េចខិតខំប្រមូលថវិកាដែលចូលទៅក្នុងហោប៉ៅឯកជន មកចូលក្នុងជាតិ អាហ្នឹងបានត្រូវ”។

គួររំលឹកថា តាមទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល៨ឆ្នាំ ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ កម្ពុជា នាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត៣លានតោន (២៧៧៤៦១៣) គិតជាទឹកប្រាក់ជាង៥លានដុល្លារអាមេរិក (៥៥៥៧៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតដល់ទៅជាង៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២៧៦១៩៧៨)។

កាលពីខែមករា ឆ្នាំ២០១៦ លោកសុន ឆ័យ ប្រធានក្រុមសមាជិកសភាអតីតគណបក្សសង្គ្រោះជាតិ តាមរយៈសម្តេចហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម ដើម្បីស្នើសុំបង្ហាញឯកសារផ្លូវការទាក់ទងនឹងចំណូលសរុប ដែលរដ្ឋទទួលបានពីអាជីវកម្មបូមខ្សាច់។

ប៉ុន្តែពេលនោះ លោកស៊ុយ សែម បានផ្ញើលិខិតមួយច្បាប់មករដ្ឋសភាវិញ ដោយបញ្ជាក់ថា ឯកសារ និងទិន្នន័យពាក់ព័ន្ធនឹងការប្រមូលចំណូលពីអាជីវកម្មបូមខ្សាច់ ត្រូវបានតម្កល់ទុកនៅអង្គភាព និងស្ថាប័នជំនាញ ដោយធានាបាននូវប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការប្រមូលនិងគ្រប់គ្រងចំណូល។

បន្ថែមលើនោះ នៅពេលនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោកទិត ទីណា បានបញ្ជាក់ថា បរិមាណខ្សាច់ដែលកម្ពុជា នាំចេញទៅក្រៅប្រទេស ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ មានចំនួនជាង១០លានម៉ែត្រគូប (១០៦៦៩២១២៩៤) ឬស្មើនឹងជាង១៧លានតោន (១៧ ០៧០ ៧៤១)។

ដូច្នេះតួលេខនាំខ្សាច់ចេញទៅក្រៅប្រទេសរយៈពេល៨ឆ្នាំនោះ មិនបានស្មើនឹងខ្សាច់ដែលត្រូវប្រើប្រាស់ក្នុងស្រុក សម្រាប់ឆ្នាំ២០១៥ផង ដោយពេញមួយឆ្នាំ២០១៥ កម្ពុជា ផ្គត់ផ្គង់ខ្សាច់សម្រាប់តម្រូវការក្នុងស្រុក បានប្រមាណជាង១៧លានម៉ែត្រគូប (១៧៥០៩៤៩៦) ឬស្មើនឹងជាង២៨លានតោន (២៨០១៥១៩៤)។

នៅឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលពីសួយសារ និងអត្ថប្រយោជន៍បន្ថែម បានជិត ៧លានដុល្លារ (៦៧២៥៥៣៣)…៕

កុលបុត្រ

RELATED ARTICLES