សម្រាប់រដូវកាលដោះដូររដូវក្តៅខាងមុខ ក្លឹប Man UTD នឹងលក់កីឡាករខ្សែបម្រើ Andreas Pereira ដើម្បីយកលុយទិញខ្សែបម្រើ Donny van de Beek ពីក្លឹបបាល់ទាត់ហូឡង់ Ajax ។ នេះបើយោងតាមប្រភពព័ត៌មាន Daily Star ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានក្លឹបបាល់ទាត់ធំៗជាច្រើននៅតំបន់អឺរ៉ុប ចាប់អារម្មណ៍ចង់បាន ដែលក្នុងនោះក៏មាន Real Madrid ផងដែរ។
ប្រភពព័ត៌មានខាងលើ បានឱ្យដឹងថា កីឡាករវ័យ២៣ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រហែល៥៤លានដុល្លារ។ រដូវកាលដោះដូរនឹងបើកនៅខែក្រោយ បើទោះរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ។
កាលពីមុន លោក Ole Gunnar Solskjaer ធ្លាប់បាននិយាយថា ក្លឹបមានលុយគ្រប់គ្រាន់សម្រាប់ទិញដូរកីឡាករ ប៉ុន្តែក្រោយផ្ទុះជំងឺកូវីដ-១៩ ធ្វើឱ្យក្លឹបមានផលប៉ះពាល់បញ្ហាហិរញ្ញវត្ថុ។
តាមពិតទៅ ពីមុនមក ក្លឹប Man UTD ចង់បានកីឡាករខ្សែបម្រើប្រយុទ្ធ Kai Havertz របស់ក្លឹប Leverkusen ប៉ុន្តែកីឡាកររូបនេះមានតម្លៃខ្លួនខ្ពស់ពេក គឺរហូតដល់៩៣លានដុល្លារ ទើបធ្វើឱ្យគេងាកមកចាប់អារម្មណ៍ Donny van de Beek ។
កីឡាករ Andreas Periera ត្រូវបាននៅក្នុងក្របខណ្ឌ English Premier League ចំនួន៣ចាប់អារម្មណ៍ ដែលក្នុងនោះ រួមមាន Everton, West Ham និង Newcastle។
គួររំឭកថា Donny van de Beek បានមករួមរស់ជាមួយក្លឹប Ajax តាំងពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹបយុវជន Ajax ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២៨គ្រាប់ ក្នុងការបង្ហាញវត្តមាន១១៨ប្រកួត៕
ប្រភពពី ៖ Daily Star
ប្រែសម្រួលដោយ ៖ ដេត