Xavi Hernandez ដែលបច្ចុបប្បន្នកំពុងដឹកនាំក្លឹបបាល់ទាត់កាតា Al-Sadd បាននិយាយថា គោលបំណងរបស់ខ្ញុំនៅតែចង់ដឹកនាំក្លឹប Barcelona ដែលទីនោះ ខ្ញុំធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំផ្តោតអារម្មណ៍ជាមួយការងារបច្ចុប្បន្នរបស់ខ្ញុំ។
Xavi បាននិយាយប្រាប់អ្នកសារព័ត៌មានថា សុខភាពរបស់ខ្ញុំគឺល្អធម្មតា បើទោះជាធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក៏ដោយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ Marca លោក Xavi Hernandez បាននិយាយថា ខ្ញុំមិនលាក់បាំងនោះទេ មហិច្ឆតារបស់ខ្ញុំ គឺចង់ដឹកនាំក្លឹប Barcelona។ ក្លឹបនេះវាដូចជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំចង់ឱ្យសុបិនរបស់ខ្ញុំក្លាយជាការពិត ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ ខ្ញុំកំពុងផ្តោតអារម្មណ៍ដឹកនាំក្លឹប Al-Sadd ។ នៅពេលណាដែលខ្ញុំមានឱកាសដឹកនាំក្លឹប Barcelona ទោះបីក្នុងរយៈពេលខ្លីឬវែង ខ្ញុំនឹងទៅទីនោះភ្លាម។
តាមពិត ឈ្មោះរបស់ Xavi Hernandez ត្រូវបានគេត្រៀមរួចរាល់ហើយសម្រាប់តំណែងក្លឹប Barcelona ប៉ុន្តែលោក Josep Maria Bartomeu ប្រធានក្លឹប Barcelona បាននិយាយថា ចង់ឱ្យ Xavi ដកស្រង់បទ ពិសោធន៍ឱ្យបានច្រើននៅទឹកដីកាតា។
ថ្លែងប្រាប់សារព័ត៌មាន Mundo ប្រធានក្លឹប Barcelona បាននិយាយថា ខ្ញុំមានទំនាក់ទំនងដ៏ល្អជាមួយ Xavi ហើយបានជជែកគ្នាច្រើន ស្តីអំពីបញ្ហាស្នងតំណែងគ្រូបង្វឹកបច្ចុប្បន្ន លោក Quique Setien ដែលនៅសល់កុងត្រារយៈពេល១ឆ្នាំទៀត។
ជាមួយគ្នានេះដែរ Xavi Hernandez បានលើកសរសើរប្រទេសកាតា ដែលបានរៀបចំធ្វើម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក២០២២៕
ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត