ខេត្តស្វាយរៀង : សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៦នាក់ ពាក់ព័ន្ធករណីហិង្សា ដេញវាយនិងគប់គ្នាទៅវិញទៅមក។

សមត្ថកិច្ចនគរបាល បានឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ថាក្មេងតមនើងដែលត្រូវបានឃាត់ខ្លួន ទាំង៦នាក់ រួមមាន ៖
១-ឈ្មោះ សន សុដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកំពង់ស្ដី ខេត្តកំពង់ចាម ។
២-ឈ្មោះហ៊ន ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុក អង្គរបុរី ខេត្តតាកែវ (អ្នកកាន់ដុំថ្មគប់)។
៣-ឈ្មោះអ៊ុំ ប្រុសពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានស្រុកកំណើត ភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
៤-ឈ្មោះធី ណាង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ។
៥-ឈ្មោះដួង ស្រីវីន ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិដេីមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ទី៦-ឈ្មោះម៉ៅ សុខខា ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។
ក្រោយធ្វើតេស្ដរកសារធាតុញៀន ជនសង្ស័យទាំង៦នាក់ ខាងលើ លទ្ធផលវិជ្ជមាន (+) ទាំង៦នាក់។
នគរបាលបញ្ជាក់ថា ដោយអនុវត្តបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការនគរបាលក្រុង សមត្ថកិច្ចបង្ក្រាបបានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស (ក្មេងទំនើង ដេញវាយនិងគប់គ្នាទៅវិញទៅមក)។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ០១និង៥៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រោយពេលសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត មានករណី ក្មេងទំនើង ចំនួន០២ក្រុម មានគ្នាម្ខាងៗប្រហែល ៥ទៅ៦នាក់ ជិះម៉ូតូដេញវាយនិងគប់ដុំថ្មដាក់គ្នា យ៉ាងអនាធិបតេយ្យ នៅលើបណ្ដោយផ្លូវជាតិលេខ១ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកអធិការ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យ ចំនួន០៦នាក់ (ស្រី ចំនួន០២នាក់) រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ ព្រមទាំងដកហូតវត្ថុតាង សម្ភារៈ រួមមាន ៖ ម៉ូតូ ចំនួន៣គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខៀវ ផ្លាកលេខ ស្វាយរៀង 1Q-8948 ។ ម៉ាក SUZUKI SATRIA F150 ពណ៌ខ្មៅ គ្មានផ្លាកលេខ បំពង់សីម៉ាំងកែច្នៃ (មធ្យោបាយធ្វើសកម្មភាព) ម៉ាកSUZUKI SATRIA ពណ៌ផ្ទៃមាឃ លាយខ្មៅ គ្មានផ្លាកលេខ បំពង់សីម៉ាំងកែច្នៃ (មធ្យោបាយធ្វើសកម្មភាព) ដុំថ្ម ចំនួន៤ដុំ ព្រនង់ ចំនួន០១ដើម។

ជនសង្ស័យទាំង៦នាក់ ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធី និងត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគាររួចហើយ៕
