យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្លឹប Napoli សម្រេចផ្តល់កុងត្រារយៈពេល៣ឆ្នាំដល់លោក Gennaro Gattuso។ កុងត្រា៣ឆ្នាំនេះ នឹងធ្វើឱ្យលោក Gennaro Gattuso ដឹកនាំក្លឹប Napoli រហូតដល់ខែមិថុនា ឆ្នាំ២០២៣។
លោក Gennaro Gattuso បានចូលមកដឹកនាំ Napoli ជំនួសលោក Carlo Ancelotti ដែលត្រូវបានក្លឹបបណ្តេញចេញ កាលពីខែធ្នូ។
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ អតីតខ្សែបម្រើក្លឹប Milan បានជួបជាមួយលោក Aurelio De Laurentiis ប្រធានក្លឹប Napoli ហើយក៏បានឈានដល់កិច្ចព្រមបន្តកុងត្រាថ្មី។
នៅក្នុងកុងត្រាថ្មីលោក Gennaro Gattuso ទទួលបានប្រាក់ឈ្នួលជិត២លានដុល្លារ ក្នុង១រដូវកាល បន្ថែមជាមួយនឹងប្រាក់លើកទឹកចិត្ត។ សម្រាប់ការចូលមកដឹកនាំក្លឹប Napoli រដូវកាលដំបូង លោកបានជួយឱ្យក្លឹបលើកពានរង្វាន់អ៊ីតាលីខាប់ ក្រោយយកឈ្នះ Juventus។
ទោះជាយ៉ាងណាក្តី ក្លឹបរបស់លោកបរាជ័យមិនមានកៅអីប្រកួតពានរង្វាន់ Uefa Champion League រដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ៧ ក្នុងតារាង។ ម៉្យាងវិញទៀត ក្លឹប Napoli ក៏បានធ្លាក់ចេញពីការប្រកួត Uefa Champion League បន្ទាប់ពីចាញ់ Barcelona ៣-១។
ក្រៅពីបន្តកុងត្រាថ្មី ក្លឹប Napoli ក៏មានកញ្ចប់ថវិកាមួយចំនួនសម្រាប់លោក Gennaro Gattuso ដើម្បីទិញកីឡាករ៤រូប យកមកពង្រឹងក្លឹបផងដែរ៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត