ភ្នំពេញ ៖ ក្មេងប្រុសវ័យជំទង់ម្នាក់ត្រូវបានឪពុកប្រើឱ្យឡើងទៅចាប់មាន់នៅលើធ្នឹមសំយ៉ាបផ្ទះ បំណងយកមកធ្វើទុកសែនក្បាលទឹក ស្រាប់តែអកុសលកាន់ប៉ះចំខ្សែភ្លើងដាច់រលាត់ បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់យុវជនរងគ្រោះ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្មេងប្រុសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះអួន វណ្ណដារ៉ា អាយុ១៧ឆ្នាំ មុខរបរសិស្សអនុវិទ្យាល័យ ព្រែកព្នៅ ថ្នាក់ទី8A មានឪពុកឈ្មោះអួន រី មុខរបរកសិករ ម្តាយឈ្មោះនន់ សារុម និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសជាឪពុកយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានប្រើឱ្យកូនរបស់គាត់ទៅចាប់មាន់ ដើម្បីយកមកទុកធ្វើម្ហូបសែនក្បាលទឹកនៅថ្ងៃស្អែក (ថ្ងៃទី០២ កញ្ញា) លុះក្រោយមកទំនងកូនប្រុសគាត់ ពេលដែលឡើងទៅកាន់ប៉ះចំខ្សែភ្លើងដែលដាច់រលាត់ ទើបបណ្តាលឱ្យឆក់ទាល់តែអស់ឈាមបានធ្លាក់មកដីស្លាប់តែម្តង។

បុរសជាឪពុកបានបញ្ជាក់ថា កូនប្រុសរបស់គាត់ទំនងឡើងទៅកាន់ប៉ះចំខ្សែភ្លើង ដែលគាត់តដាក់អំពូលបំភ្លឺនៅសំយាបមុខផ្ទះ ទើបបណ្តាលឱ្យឆក់បែបនេះ។
ក្រោយកើតហេតុ ក្រុមគ្រួសារយុវជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងកោសល្យវិច័យសព រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាឆក់ខ្សែភ្លើងស្លាប់ប្រាកដមែន។

សាកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕