Tuesday, September 23, 2025
Homeព័ត៌មានជាតិឈើពេញ១ឡាន សល់តែ១០ដុំ... អ្នកណាស៊ីឈើទៅ?

ឈើពេញ១ឡាន សល់តែ១០ដុំ… អ្នកណាស៊ីឈើទៅ?

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ឆែកឆេរប័ណ្ណបើកបរ និងសុវត្ថិភាព តាមដងផ្លូវជាតិលេខ៦ ខណៈពេលនោះបានធ្វើការឃាត់រថយន្តពណ៌ត្រេអ៊ី១គ្រឿង គ្មានស្លាកលេខ ស្រាប់តែធ្លាយឃើញសុទ្ធតែឈើ១ឡានពេញ រួចនាំយកមករក្សាទុកនៅគោលដៅសួនច្បារពីរខាងលិចដងស្ទឹងសៀមរាប មុខព្រះអង្គចេកព្រះអង្គចម ដើម្បីទុកយកទៅប្រគល់ឱ្យមន្ត្រីជំនាញ ប៉ុន្តែដល់ម៉ោងប្រគល់ ស្រាប់តែឃើញឈើ១០ដុំប៉ុណ្ណោះ។

ហេតុការណ៍ឃាត់រថយន្តបទល្មើសព្រៃឈើខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីនគរបាលចរាចរាណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បានលួចខ្សឹបប្រាប់ថា រថយន្ត១គ្រឿងខាងលើ ម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ដឹកឈើពេញក្នុងរថយន្តបំរ៉ុងលោតឆ័ត្រចេញពីខេត្តសៀមរាប ទៅចែកចាយនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែគេចមិនផុតពីសមត្ថកិច្ច ខណៈពេលនោះអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

តាមប្រភពខាងលើបានបញ្ជាក់ថា ដោយឃើញសភាពការណ៍អ្នកបើកបររត់បាត់ បន្សល់ទុកតែរថយន្ត ពេលនោះកម្លាំងក៏បានចូលទៅត្រួតពិនិត្យបើកតង់កៅស៊ូដែលគ្របពីលើរថយន្ត ឃើញសុទ្ធតែឈើ ក៏សុំគោលការណ៍ថ្នាក់លើអូសយករថយន្តនោះមករក្សាទុកនៅគោលដៅចរាចរណ៍ មុខសួច្បារពីខាងកើតដងស្ទឹងសៀមរាប ដើម្បីធ្វើការប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើយកទៅចាត់ការបន្ត។

លុះដល់វេលាមោ់ង៤រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ពេលប្រគល់ឈើឱ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឃើញមានតែឈើចំនួន១០ដុំ និងរថយន្តមួយគ្រឿងប៉ុណ្ណោះ និងត្រូវបានខាងជំនាញនាំយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីច្បាប់ព្រៃឈើ៕

RELATED ARTICLES