Tuesday, September 23, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចឃើញស្តែងនឹងភ្នែកតែម្តង មិនអាចប្រកែកបានទេ

សមត្ថកិច្ចឃើញស្តែងនឹងភ្នែកតែម្តង មិនអាចប្រកែកបានទេ

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសម្រេច រួចជិះម៉ូតូគេច ទៅជួបនឹងកម្លាំងនគរបាលប៉ុស្តិ៍ល្បាតស្ទាក់ ក៏ក្របួចជាប់ទាំង២នាក់ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២០ នៅចំណុចម្តុំផែថ្ម ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១. ឈ្មោះលាង តៃទី មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង ភូមិវត្តទួល សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ ម៉េង ហុង មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HF-7566 ជារបស់ជនសង្ស័យឈ្មោះម៉េង ហុង។

ចំណែកជនរងគ្រោះ ឈ្មោះរឿន ធឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១ ផ្លូវបេតុង ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពសមត្ថកិច្ចបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះម៉េង ហុង បានបើកម៉ូតូម៉ាកហុងដាប៊ីត ដោយជនសង្ស័យឈ្មោះលាង តៃទី ជិះពីក្រោយ លុះមកដល់ចំណុចម្តុំផែថ្ម ផ្លូវព្រះស៊ីសុវត្ថិ ភូមិ-សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានធ្វើសកម្មភាពឆក់ខ្សែកអង្កាំពីជនរងគ្រោះនៅពេលកំពុងជិះម៉ូតូម្នាក់ឯង ពីទិសខាងជើងមកទិសខាងត្បូង។

ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ហើយជនសង្ស័យបានបន្ថែមល្បឿនម៉ូតូបើករត់ ក៏ត្រូវជនរងគ្រោះស្រែកចោរៗ ខណៈដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាតមកដល់ប្រទះឃើញ បានអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យទាំងពីរ រួមនឹងម៉ូតូ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ ដោយជនសង្ស័យទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះប្រាកដមែន។

យោងតាមចម្លើយសារភាព សមត្ថកិច្ចបានបញ្ជូនទៅឱ្យជំនាញនៃអធិការដ្ឋានខណ្ឌ បន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES