Tuesday, September 23, 2025
Homeព័ត៌មានជាតិល្បិចថ្មី!!! តាំងខ្លួនជាអ្នកមានឲ្យពូកង់៣ ទុកចិត្ត តែតាមពិត...

ល្បិចថ្មី!!! តាំងខ្លួនជាអ្នកមានឲ្យពូកង់៣ ទុកចិត្ត តែតាមពិត…

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចថ្មីហៅម៉ូតូកង់បីជិះ រួចធ្វើជាខ្ចីទូរស័ព្ទម្ចាស់តេរកបងប្អូន ហើយរត់គេច តែត្រូវកម្លាំងនគរបាលអន្តរាគមន៍ចាប់បានយកមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យបៀលប្រាយ ផ្លូវព្រះសុធារស ក្រុម៨ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ អេង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៨៣ ផ្លូវបេតុង ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកម៉ូតូកង់បីឥណ្ឌា។ សម្ភារៈបាត់បង់មានទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO F9 ពណ៌ទឹកប៊ិក។

ចំណែកជនសង្ស័យឈ្មោះសេង សុទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ១៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមលោកសាល សណ្តុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះឈ្មោះអេង កុសល កំពុងតែអង្គុយរង់ចាំដឹកភ្ញៀវនៅម្តុំផ្សារប៉េសេ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះសេង សុទី បានហៅកង់បីរបស់គាត់ជិះទៅកាន់សាលាភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លុះពេលមកដល់ ជនសង្ស័យបានប្រើល្បិចខ្ចីទូរស័ព្ទដៃពីជនរងគ្រោះថាតេទៅរកមិត្តភក្តិ ដើម្បីយកឯកសារនៅក្នុងសាលា រួចក៏ដើរចូលទៅក្នុងបាត់ បន្តិចទើបត្រលប់មកវិញ រួចហុចទូរស័ព្ទទៅឱ្យជនរងគ្រោះវិញ ដើម្បីកុំឱ្យមានការសង្ស័យ និងមិនទុកចិត្តខ្លួន រួចប្រាប់ជនរងគ្រោះឱ្យដឹកខ្លួនបន្តទៅកាន់សាកលវិទ្យាល័យបៀលប្រាយទៀត។

លោកនាយប៉ុស្តិ៍ បន្តថា លុះពេលមកដល់ ជនសង្ស័យក៏បានប្រើល្បិចខ្ចីទូរស័ព្ទពីជនរងគ្រោះម្តងទៀតថា តេទៅរកមិត្តភក្តិ ហើយជនសង្ស័យបានហុចសោរថយន្តទៅឱ្យជនរងគ្រោះកាន់ ដើម្បីបញ្ជាក់ថា ខ្លួនមិនមែនអ្នកក្រនោះទេ បើមិនជឿទុកចិត្ត ទុកសោឡាននេះទៅ ហើយជនសង្ស័យក៏បានកាន់ទូរស័ព្ទរបស់ជនរងគ្រោះរត់គេចខ្លួន មកដល់ច្រកទ្វារខាងជើងសាកលវិទ្យាល័យបៀលប្រាយ ត្រូវជនរងគ្រោះបើកកង់បី ដេញតាមដោយស្រែកឆោឡោផ្អើលដល់កម្លាំងនគរបាលដេញតាមចាប់ជនសង្ស័យ រួមទាំងវត្ថុតាងបាន យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើសាកសួរ។

ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES