ភ្នំពេញ ៖ ចម្លាក់តោថ្មបុរាណដ៏ធំមួយត្រូវបានគេប្រទះឃើញកប់នៅក្នុងដីកណ្តាលរាជធានីភ្នំពេញ បន្ទាប់ពីក្រុមមន្ត្រីជំនាញស៊ីម៉ាក់ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដីដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ស្រាប់តែបានប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយនេះ កប់ក្នុងដីនៅជាប់មាត់ច្រាំងទន្លេ។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ថា ការប្រទះឃើញរូបសំណាកតោដ៏ធំនេះ ស្ថិតនៅទីតាំងកំពុងបោសសម្អាតគ្រាប់ ដើម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹកទី៦ របស់រាជធានីភ្នំពេញ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប់មាត់ទន្លេ។
លោកហេង រតនា បានបន្តថា កម្លាំងស៊ីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ ដែលមានកម្ពស់ជាង២,៥ម៉ែត្រ ទំហំដងខ្លួនជាង១ម៉ែត្រ និងបានប្រគល់តោថ្មនេះ ជូនទៅរដ្ឋបាលរាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនឹងមន្ត្រីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ចុះមកមើលយ៉ាងយកចិត្តទុកដាក់ផងដែរ។ ការប្រទះឃើញនេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល នៅចំណុចការដ្ឋានស្តុបទឹកស្អាត គម្រោងរបស់ប្រទេសជប៉ុន មាត់ទន្លេ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលប្រទះឃើញ រូបគាត់បានប្រើគ្រឿងចក្រមួយគ្រឿងរបស់ស៊ីម៉ាក់ កាយដីធ្វើអាងស្តុកទឹកស្អាតនៅក្នុងការដ្ឋាន។ លុះពេលកាយដីបានជម្រៅប្រមាណជាង២ម៉ែត្រក៏ប៉ះចំដុំថ្មធំមួយដុំ ដោយមិនបានដឹងថាជាដុំថ្មអ្វីឡើយ ហើយក៏បានកាយដីរកមើល ក៏ស្រាប់តែបានប្រទះឃើញរូបសំណាកតោថ្មធំមួយ ដែលសង្ស័យជាវត្ថុបុរាណ ក៏ត្រូវបានខាងការដ្ឋាន នាំគ្នារាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានឱ្យចុះមកមើលតែម្តង។

ក្រោយពីទទួលបានដំណឹងនេះរួចហើយ ក្រោមការដឹកនាំរបស់លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចុះមកដល់ សហការជាមួយខាងការដ្ឋានស្ទូចយកមកដាក់ខាងលើ ដើម្បីធ្វើការលាងសម្អាត និងត្រួតពិនិត្យ។
យ៉ាងណាក្តី ពាក់ព័ន្ធទៅនឹងរូបសំណាកតោថ្មនេះដែរ គេនៅមិនទាន់បានដឹងថា កសាងឡើងនៅឆ្នាំណា និងកសាងពីប្រភេទថ្មអ្វីឡើយ ដោយរង់ចាំបញ្ជូនបន្តទៅខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការពិនិត្យបន្តទៀត៕