ភ្នំពេញ ៖ បន្ទាប់ពីបានចុះហត្ថលេខាជាផ្លូវការជាមួយចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួចហើយនោះ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងនេះជាមួយកូរ៉េខាងត្បូងមួយទៀត ដោយបានបញ្ចប់ការចរចាដំណាក់កាលទី៣ ហើយគ្រោងបញ្ចប់ការចរចាទាំងស្រុង នៅចុងឆ្នាំ២០២០ នេះ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ទោះបីមិនទាន់ច្បាស់លាស់ តែបើតាមលោកដឹង គឺក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិភាក្សាឈានដល់ជុំទី៣ ហើយ ជាមួយភាគីកូរ៉េខាងត្បូង ហើយសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូងទៀតមិនខាន។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “បាទ! មិនទាន់ច្បាស់លាស់ទេ តែខ្ញុំស្ដាប់ព័ត៌មានមក ឃើញថាក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែពិភាក្សា ហើយដល់ពេលនេះ គឺជុំទី៣ហើយ ជាមួយភាគីកូរ៉េខាងត្បូង។ អ៊ីចឹងទេ យើងសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ តែមិនទាន់ជាក់លាក់នៅពេលវេលាទេ។ ប៉ុន្តែអានេះជាចំណុចសម្រាប់កម្ពុជា ដែលកំពុងតែស្វេះស្វែងទីផ្សារផលិតកម្ពុជា ឲ្យបានច្រើន ដោយមិនពឹងផ្អែកទៅលើតំបន់ណាមួយផ្ដាច់មុខទេ។
អ៊ីចឹងទេ គឺថានេះហើយជាការឈ្លាសវៃរបស់រាជរដ្ឋាភិបាល នៅក្នុងការរកទីផ្សារផលិតរបស់កម្ពុជា ឥឡូវនេះយើងកំពុងតែខិតខំពង្រីកទីផ្សារកសិកម្មរបស់យើង ឥឡូវនេះគ្រាន់តែចិន ហ្នឹងទទួលមុខទំនិញកសិកម្មពីកម្ពុជា ទៅហ្នឹងច្រើនមុខហើយ។ អ៊ីចឹងទេ យើងមិនមានការព្រួយបារម្ភទេ បើសិនណាជាកូរ៉េខាងត្បូងមានទីផ្សារទៀត ហើយបន្ទាប់ហ្នឹង មានជប៉ុន ទៀត ហើយនិងបណ្ដាប្រទេសមួយចំនួននៅក្នុងអាស៊ាន នេះទៀត យើងសង្ឃឹមថា ទីផ្សារផលិតផលទាំងឧស្សាហកម្ម ទាំងកសិកម្មរបស់យើងកាន់តែមានលក្ខណៈទូលំទូលាយជាងមុន ហើយវាអត់មានបញ្ហាធ្វើឲ្យយើងមានការព្រួយបារម្ភក្នុងការបញ្ចេញផលិតរបស់យើងទៅលក់នៅបរទេសទេ”។
លោកសុខ ឥសាន បន្តថា “បើនិយាយទៅ កូរ៉េខាងត្បូង ក៏មានទីផ្សារមិនចាញ់ប្រទេសចិន ដែរព្រោះកូរ៉េខាងត្បូង មានប្រជាជនជិត៥០លាននាក់ឯណោះ មានតិចឯណា ទោះបីថាតូចជាងដីខ្មែរ ក៏ដោយ ក៏ប៉ុន្តែប្រជាជនគេច្រើនជាង អ៊ីចឹងសំណូមពរត្រូវការ ហើយកន្លងទៅ ខ្ញុំឃើញថា នៅខាងកូរ៉េ ហ្នឹងដីតូចៗណាស់ កន្លែងគាត់ឆ្លៀតដាំហ្នឹង។
អ៊ីចឹងបានក្មួយៗដែលជាពលករកម្ពុជា ទៅកូរ៉េខាងត្បូងហ្នឹង គឺថាទៅធ្វើតែរបស់របរកសិកម្មហ្នឹងភាគច្រើន គឺថាដីមួយអំពក ប៉ុនមួយអំពកហ្នឹង គេដាំមូយឆ្នាំ ទល់មួយឆ្នាំ អត់មានសម្រាកកន្លែងណាទេ កន្លែងណាក៏មានទឹកទៅដល់ ហើយនិងជាប់រហូត និយាយពីខៀវជាប់រហូត ។ អ៊ីចឹងទេ អានេះបានសេចក្ដីថា គាត់មនុស្សច្រើន ដីតិច អ៊ីចឹងទេ គាត់ខិតខំធ្វើប្រពលវប្បកម្មឲ្យបានខ្លាំងក្លា ហើយយើងដីធំ ប៉ុន្តែប្រជាជនតិច ក៏កំពុងចាប់ផ្ដើមដើម្បីជំរុញការធ្វើប្រពលវប្បកម្មនេះ ដើម្បីឲ្យបានផលិតផលកសិកម្មហ្នឹង នាំចេញទៅបរទេស ឲ្យបានច្រើន។ បើសិនណាជាយើងធ្វើមានលក្ខណៈប្រពលវប្បកម្ម ដូចកូរ៉េខាងត្បូង យើងយល់ថា ទំនិញកសិកម្មរបស់យើង នាំចេញទៅបរទេសហ្នឹង កាន់តែបរិមាណខ្លាំងណាស់“ ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូងនេះ នឹងជួយឲ្យកម្ពុជា មានឱកាសកាន់តែប្រសើរជាងមុន ក្នុងការនាំចេញផលិតផលសក្ដានុពលរបស់ខ្លួនទៅកាន់ទីផ្សារកូរ៉េ ។ ក្រសួងសេដ្ឋកិច្ចបន្ថែមថា ក្រៅពីរបាំងពន្ធគយ ត្រូវបានកាត់បន្ថយហើយនោះ វិធានការមិនមែនពន្ធ និងវិធានការដើមកំណើតទំនិញ ក៏ដូចជាបែបបទ និងនីតិវិធីពាក់ព័ន្ធនឹងពាណិជ្ជកម្ម ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង និងមានលក្ខណៈសាមញ្ញជាងមុន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់កូរ៉េខាងត្បូង លោកយ៉ូ ម្យុងហីុ (Yoo Myung-hee) ធ្លាប់បានលើកឡើងនៅក្នុងសារព័ត៌មានក្នុងស្រុកនៃប្រទេសកូរ៉េខាងត្បូង ថា ប្រទេសកូរ៉េខាងត្បូង មានក្ដីសោមនស្សយ៉ាងខ្លាំង ក្នុងការបើកឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងកម្ពុជា ដែលជាប្រទេសមានកំណើនប្រកបដោយសក្ដានុពល និងជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មថ្មី នៅក្នុងតំបន់អាស៊ាន។
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា លោក Park Heung-kyeong ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះដែរថា បើនិយាយពីការវិនិយោគនៅកម្ពុជា ប្រទេសកូរ៉េ គឺជាប់ចំណាត់ថ្នាក់ទី២ ដែលមានវិនិយោគនៅកម្ពុជា ច្រើនជាងគេ ដោយក្នុងនោះ មានក្រុមហ៊ុនកូរ៉េ ប្រមាណជាង ២០០ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មយ៉ាងសកម្មនៅក្នុងឧស្សាហកម្មឈានមុខរបស់កម្ពុជា ដូចជា រោងចក្រកាត់ដេរ វិស័យកសិកម្ម និងហិរញ្ញវត្ថុ ជាដើម។
តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឲ្យដឹងថា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងកូរ៉េ សម្រេចបានដល់ ១ពាន់លានដុល្លារ កើនឡើង ៦% ធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះ កូរ៉េ បាននាំចូលមកកាន់កម្ពុជា មានប្រមាណ ៧០០លានដុល្លារ កើន៥,៥% ៕ កុលបុត្រ