ខេត្តកណ្តាល ៖ កម្លាំងនគរបាកស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមចោរគាស់រោងចក្រ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៥នាក់ ខណៈបក្ខពួក ៤នាក់ទៀត រត់គេចខ្លួនបាត់។

ករណីចោរគាស់រោងចក្រនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចរោងចក្រសាន់ហ៊្វែរ ហ្គាមិន មានទីតាំងស្ថិតក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ (មានសារធាតុញៀន)។ ទី២-ឈ្មោះ សឺង ឌុន ភេទប្រុស អាយុ២៥ឆ្នាំ (មានសារធាតុញៀន)។ ទី៣-ឈ្មោះឃឹម ផល្លីន ភេទប្រុស អាយុ២៤ឆ្នាំ (មានសារធាតុញៀន)។ ទី៤-ឈ្មោះយឿន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ (មានសារធាតុញៀន) និងទី៥-ឈ្មោះតូ នឿន ភេទប្រុស អាយុ៣៨ឆ្នាំ (ទទួលផលចោរកម្ម)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង៣៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅពេលដែលកម្លាំងសមត្ថកិច្ចនិងប្រជាការពារកំពុងចេញល្បាតមកដល់ត្រង់ចំណុចខាងលើ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងឈរក្បែរម៉ូតូ។ ភ្លាមនោះ ជនសង្ស័យម្នាក់ទៀត បានបោះចោលខ្សែភ្លើង និងកន្ត្រៃ ហើយរត់ចូលក្នុងព្រៃបាត់។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយឿន គន្ធា នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកកិច្ច ជនសង្ស័យឈ្មោះយឿន គន្ធា បានឆ្លើយសារភាពថា ក្រុមពួកគេ មានគ្នាទាំងអស់ ៩នាក់ ពិតជាបានធ្វើសកម្មភាពលួចគាស់រោងចក្រខាងលើ ប្រាកដមែន ដោយធ្លាប់ធ្វើសកម្មភាព ចំនួន៤លើក រួចមកហើយ។
ជនសង្ស័យ បានសារភាពបន្តថា លើកទី១- នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ពួកគេបានគាស់រោងចក្រ សាន់ហ៊្វែរ ហ្គាមិន យកកាមេរ៉ាសុវត្ថិភាព ចំនួន៥៦គ្រឿង អាយផេត ៤០គ្រឿង កុំព្យូទ័រ ៦គ្រឿង និងស៊ីភីយូ ៦ដុំ ដែលមានតម្លៃសរុប ២២ ១៨៥ដុល្លារ។ លើកទី២- នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ពួកគេបានលួចដែកស្ពាន់ ២សន្លឹក។ លើកទី៣- នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ពួកគេបានលួចដែកស្ពាន់ ៤៧គីឡូក្រាម និងលើកទី៤- នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ពួកគេបម្រុងធ្វើសកម្មភាពលួចជាថ្មី ក៏ត្រូវបានប៉ូលិសបង្ក្រាបបានតែម្តង។
តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះយឿន គន្ធា សមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៤នាក់ទៀត (១-ឈ្មោះ សុខ សុភាព ២-ឈ្មោះសឺង ឌុន ៣-ឈ្មោះឃឹម ផល្លីន និង៤-ឈ្មោះតូ នឿន) ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន២គ្រឿង ទូរស័ព្ទ ចំនួន ២គ្រឿង និងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច មួយចំនួន។ ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។ រីឯបក្ខពួក៤នាក់ទៀត ដែលកំពុងរត់ គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕