ដោយសារមើលកំណើននៃចំនួនអ្នកប៉ះពាល់ដោយផ្ទាល់ និងអ្នកប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា នោះ លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា នឹងមានគម្រោងពិភាក្សាជាថ្មី ហាមឃាត់មិនឲ្យរៀបចំពិធីរៀបមង្គលការ ឬពិធីជប់លៀងផ្សេងៗ។

លោកជំទាវឱ វណ្ណឌីន បានមានប្រសាសន៍ប្រាប់ថា “ក្រសួងសុខាភិបាលនឹងចេញសេចក្តីប្រកាសជាថ្មីម្តងទៀត មិនអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្តុំគ្នាច្រើននោះទេ។ ហើយកន្លងមក ក្រសួង ក៏មិនដែលប្រកាសឲ្យមានការរៀបចំអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងផ្សេងៗនោះដែរ”។

លោកជំទាវបានបន្តថា ក្រសួងតែងតែងអំពាវនាវឲ្យបងប្អូនកាត់បន្ថយការជួបជុំលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នា ត្រូវអនុវត្តរក្សាគម្លាតបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការសុខាភិបាល ដូចជា បាញ់អាល់កុល ជែល ស្ទង់កំដៅ និងពាក់ម៉ាស់ក៍។

លោកជំទាវបានបញ្ជាក់ថា កន្លងមក ក្រសួងសុខាភិបាល មិនដែលប្រកាស ឬអនុញ្ញាតឲ្យបើករៀបចំកម្មវិធីរៀបអាពាហ៍ពិពាហ៍ ជប់លៀង ឬពិធីផ្សេងៗនោះទេ ។
គួរបញ្ជាក់ថា គម្រោងជួបពិភាក្សាមិនឲ្យមានការរៀបចំធ្វើពិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬកម្មវិធីផ្សេងៗនេះ បន្ទាប់គេសង្កេតឃើញថា ម្ចាស់កម្មវិធីមួយចំនួនបានរៀបចំទៅដោយមិនបានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល៕