ខេត្តសៀមរាប ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានហៅព្រឹត្តិការណ៍នៃការឆ្លងជំងឺកូវីដ-១៩ លើគ្រួសារលោកឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ថាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយសម្តេចហៅថា នេះជាករណីបាត់ដាន ព្រោះអត់ដឹងថា ក្រុមគ្រួសារលោកឆែម សាវុធ ឆ្លងពីអ្នកណាទេ នោះហើយជាចំណុចដែលលំបាក ចាត់ទុកថាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា ។
ដូច្នេះក្នុងរយៈពេល ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើង ទាំងរដ្ឋ និងប្រជាជន ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ថាគ្រប់គ្រងកូវីដ-១៩ បានឬមិនបាន ដែលសង្រ្គាមប្រឆាំងកូវីដ-១៩ នេះ ធំជាងសង្រ្គាមទល់ដែន ទៅទៀត ដែលចាំបាច់មានការចូលរួមទាំងរដ្ឋនិងប្រជាពលរដ្ឋ ទើបបានជោគជ័យ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា “ដោយសារតែមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការកើតឡើងថ្មី ខ្ញុំសុំយកឱកាសនេះ ថ្លែងពីទីនេះ ទៅកាន់ជនរួមជាតិរបស់យើង ទាក់តិនជាមួយនឹងខ្ញុំបានថ្លែងកាលពីយប់ម្សិល និងយប់មិញ ដែលវាពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ដែលខ្ញុំសុំហៅថា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ។
ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រើនូវពាក្យបែបនេះ? មុននេះ យើងប្រើក្នុងករណីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមានការចម្លងមកចូលក្នុងស្រុករបស់យើង ដើម្បីចៀសវាងផលប៉ះពាល់ទៅលើកេរ្តិ៍ឈ្មោះ និងអាចមានការជះឥទ្ធិពលអាក្រក់ទៅលើទំនាក់ទំនងរវាងកម្ពុជា-ហុងគ្រី ខ្ញុំក៏បានប្រសិទ្ធនាមព្រឹត្តិការណ៍នោះ ហៅថា «ព្រឹត្តិការណ៍ ០៣វិច្ឆិកា»។ ឥឡូវនេះ ដើម្បីចៀសវាងនូវបញ្ហាដែលនិយមប្រើប្រាស់ឈ្មោះឯកឧត្តមឆែម សាវុធ ឬអគ្គនាយកពន្ធនាគារ គឺយើងត្រូវប្រើប្រាស់ប្រសិទ្ធនាមព្រឹត្តិការណ៍នេះ ហៅថា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។
វាស្ថិតនៅត្រង់ថា វាជាលើកដំំបូងហើយដែលយើងបានចាប់ផ្តើមឆ្លងចូលទៅក្នុងសហគមន៍ ដែលជាព្រឹត្តិការណ៍ដែលរកមិនទាន់ឃើញក្បាលកន្ទុយថាតើវាចេញមកពីទីណា? ហើយវាកំពុងបង្កប់ខ្លួននៅទីណាទៀត? ចំណុចនេះគឺជាចំណុចដែលយើងមានការបារម្ភធំបំផុត ហើយខ្ញុំក៏សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍បែបនេះទាមទារឲ្យយើងត្រូវធ្វើប្រតិបត្តិការយ៉ាងលឿន ដែលបញ្ហានេះ យើងអាចឃើញហើយថា ប្រតិបត្តិការដែលយើងបានធ្វើនេះ គឺយើងធ្វើក្នុងល្បឿនលឿន ហើយក្នុងកម្រិតទ្រង់ទ្រាយធំ ប៉ុន្តែនៅកន្លែងខ្លះ មិនទាន់បានលឿនទេ»។
សម្តេចហ៊ុន សែន បន្តថា «ពិតមែនហើយ ខេត្តសៀមរាប ម្សិលមិញខ្ញុំថាមានតែ ៤០ករណីទេ ក៏ប៉ុន្តែនៅពេលយប់បន្តិច តួលេខបានកើនទៅដល់ ជាង១៩០ករណីដែលបានធ្វើតេស្តរួចមកហើយ។ ទូទាំងប្រទេស បានធ្វើតេស្ត យកសំណាក ចំនួន ៣៣៣២សំណាក មកពី ៧ខេត្ត ហើយដែលម៉ាស៊ីនទាំងអស់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណះ បានធ្វើទៅលើសំណាកចំនួន ២២៤៧សំណាក ហើយត្រូវបានរកឃើញថាវិជ្ជមាន ចំនួន ១៤ករណី ក្នុងករណីដែលទៅពីសៀមរាប បានរកឃើញ១ករណី ក៏ប៉ុន្តែមិនទាន់បានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ទេ។
ក្នុងករណីដែលបញ្ជូនពីសៀមរាប ត្រូវបានបញ្ជាក់ថាវិជ្ជមាន ការឆ្លងចូលក្នុងសហគមន៍ បានកើនឡើងរហូតទៅដល់ ១៥ករណី ក្នុងរយះពេលតែ២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺស្ថិតនៅក្នុងចង្កោមនៃអ្នកដែលធ្វើការនៅក្នុងក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់ឯកឧត្តមឆែម សាវុធ តែប៉ុណ្ណោះ ដូច្នេះហើយបានជាការស្រាវជ្រាវនេះ ត្រូវធ្វើមិនមែនគ្រាន់តែត្រឹមគ្រួសារឯកឧត្តមឆែម សាវុធ ទេ ក៏ប៉ុន្តែនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងបន្ថែមទៅដោយការពាក់ព័ន្ធនានា ទៅតាមខេត្តនានាផងដែរ។ ដូចជាករណីឯកឧត្តមឆែម សាវុធ បានមកកាន់ខេត្តសៀមរាប ភរិយារបស់ឯកឧត្តមឆែម សាវុធ ក៏បានមកខេត្តសៀមរាប ។
ឯកឧត្តមឆែម សាវុធ មកកាន់ខេត្តសៀមរាប ដើម្បីផ្ទេរអ្នកទោសត្រឡប់ទៅវិញ ដោយស្នងការខេត្តបន្ទាយមានជ័យ ក៏មកទទួល ដូច្នេះបន្ទាយមានជ័យ ក៏ត្រូវធ្វើនៅទីនោះ ។ កូនរបស់ឯកឧត្តមឆែម សាវុធ ដែលខ្ញុំនិយាយថា មួយករណី ឃើញវិជ្ជមានរបស់មន្ទីរពិសោធន៍ខេត្តសៀមរាប គឺជាកូនស្រីរបស់ឯកឧត្តមឆែម សាវុធ ហើយបានទៅសួរសុខទុក្ខឪពុកម្តាយ ត្រឡប់មកវិញ កើតមានករណីនេះ ប៉ុន្តែមិនទាន់បានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទេ ដូច្នេះយើងត្រូវរុករកឲ្យគ្រប់ យើងត្រូវធ្វើក្នុងល្បឿនមួយលឿន និងក្នុងទ្រង់ទ្រាយធំ ដែលពេលនេះជាងពេលណាៗទាំងអស់ ហើយពេលនេះ មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសគ្នាទេ ហើយក៏មិនមែនជាពេលវេលាដែលត្រូវទម្លាក់កំហុសឲ្យអ្នកនេះ ឲ្យអ្នកនោះទេ តែគឺជាពេលវេលាដែលយើងត្រូវសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នេះ» ។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា «នេះគឺជាសភាពការណ៍ដ៏គួរឲ្យសោកស្តាយដែលវាបានកើត ហើយបញ្ហានេះវាមិនមែនមានតែនៅកម្ពុជា ទេ តែកម្ពុជា រយ:ពេល ១១ខែ កម្ពុជា បានបញ្ចៀសនូវការឆ្លងចូលក្នុងសហគមន៍ យើងបានខិតខំធ្វើការប្រយុទ្ធនៅក្នុងសមរភូមិ ៣ ។ សមរភូមិទី១ គឺទប់ស្កាត់ការនាំចូលជំងឺពីក្រៅ សមរភូមិទី២ គឺទប់ស្កាត់កុំឲ្យឆ្លងចូលទៅក្នុងសហគមន៍ ឯសមរភូមិទី៣ គឺការព្យាបាលអ្នកដែលឆ្លងរួចមកហើយ ឲ្យជាសះស្បើយឡើងវិញ។
រយ:ពេល ១១ខែនេះ យើងជោគជ័យទៅលើសមរភូមិ២ សមរភូមិ១ គឺទប់ស្កាត់ការនាំចូល ១០០% មុននេះ គឺជំងឺបានកើតចេញពីការនាំចូល សមរភូមិទី៣ គឺការព្យាបាលអ្នកដែលឆ្លងរួចមកហើយ ឲ្យជាសះស្បើយ ឯសមរភូមិទី២ ឆ្លងចូលសហគមន៍ ទើបនឹងថ្ងៃទី២៨ វិច្ឆិកា នេះទេ ដែលយើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ ដែលមកដល់ពេលនេះវាមានចំនួន ១៤ករណី ហើយប្រសិនបើត្រូវបានអះអាងថា ទៅពីសៀមរាប ជាករណីឆ្លងមួយទៀត គឺនឹងមានចំនួន ១៥ករណី ប៉ុន្តែសំណាកទើបនឹងធ្វើតេស្តបាន ចំនួន ២២៤៧សំណាក ក្នុងចំណោម ៣៣៣២សំណាក ហើយថ្ងៃនេះអាចនឹងត្រូវយកសំណាក ប្រមាណជា ២០០០សំណាកបន្ថែមទៀត ដោយឡែកតែនៅក្នុងទីក្រុងភ្នំពេញ នៅអ៊ីអន១ ជាង១០០០ ធ្វើនៅក្រសួងមហាផ្ទៃ និងធ្វើនៅកន្លែងដែលកូនចៅរបស់ឯកឧត្តមឆែម សាវុធ បានទៅដល់ រាប់ទាំង នៅកោះពេជ្រ ជាដើម»។
សម្តេចហ៊ុន សែន មានប្រសាសន៍បន្តថា «អ៊ីចឹងទេ ក្នុងចំណុចនេះ ជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា របស់យើងដែលខ្ញុំសូមយកឱកាសនេះ ធ្វើការអំពាវនាវ ហើយក្នុងហ្នុង បានដាក់ចេញបទបញ្ជារួចហើយ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ចំណុចទី១ យើងត្រូវធ្វើក្នុងល្បឿនមួយលឿននិងក្នុងទ្រង់ទ្រាយធំ ដែលនេះយើងបានធ្វើរួចមកហើយ និងបន្តធ្វើថ្ងៃនេះនិងបន្តធ្វើតទៅទៀត។
ត្រូវយកនូវទ្រឹស្តីថា គិតថាការមាន ប្រសើរជាងថាវាមិនមាន ដូចអាពត វាថាសុខចិត្តសម្លាប់ខុស កុំឲ្យតែខ្មាំងរួចខ្លួន អាពត វាថាអ៊ីចឹង។ ឯចំពោះយើង សុខចិត្តយកសំណាក សុខចិត្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ ប្រសើរជាងគិតថា ប្រហែលជាខ្លួនឯងមិនមានការឆ្លងនោះទេ។ ការធ្វើបែបនេះ គឺវានឹងធានាសុវត្ថិភាពសម្រាប់ផ្ទាល់ខ្លួនផង ហើយធានាសុវត្ថិភាពចំពោះក្រុមគ្រួសារ និងអ្នកដទៃដែលមកប៉ះពាល់ជាមួយខ្លួនយើងផង។ ដូច្នេះខ្ញុំសូមអំពាវនាវដ៏ទទូច គឺត្រូវចាត់ទុកថា យើងអាចមាន ប្រសើរជាងចាត់ទុកថា ប្រហែលជាគ្មាន។ យើងសុខចិត្តដាក់ខ្លួនឲ្យនៅដោយឡែក ហើយសុខចិត្តហ៊ានទៅធ្វើតេស្ត សុំគ្រូពេទ្យធ្វើតេស្តតែម្តង ដើម្បីឲ្យច្បាស់ថា តើយើងមានឬអត់?
ហើយដាក់ខ្លួននៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ ប្រសើរជាងទុកឲ្យយើងមានជំងឺ ហើយចម្លងទៅដល់អ្នកដទៃ ព្រោះជំងឺនេះ មិនច្បាស់ទេ សូម្បីតែតំណាងរាស្ត្ររបស់យើងម្នាក់ដែលជាប់នឹងព្រឹត្តិការណ៍០៣វិច្ឆិកា ដែលព្យាបាលជានៅមន្ទីរពេទ្យ ឥឡូវនេះបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ចូលទៅមន្ទីរពេទ្យឡើងវិញ ។ ចំណុចនេះហើយជាចំណុចដែលយើងត្រូវតែមានការរប្រុងប្រយ័ត្ន នេះជាចំណុចទី១។
ចំណុចទី២ ខ្ញុំសូមអំពាវនាវ និងដាក់ចេញនូវបទបញ្ជាឲ្យត្រូវរៀបចំនូវមជ្ឈមណ្ឌលចត្តាឡីស័ក ដែលខ្ញុំបានឲ្យរៀបចំតាំងពីដើមឆ្នាំ នៅគ្រប់ខេត្តទាំងអស់ រៀបចំនៅទីនោះ ដើម្បីត្រៀមធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងចត្តាឡីស័កនោះ ក៏ជាកន្លែងដែលផ្តល់ឱកាសឲ្យគ្រូពេទ្យទៅយកសំណាក មកធ្វើតេស្ត ដែលមកដល់ពេលនេះយើងមានកន្លែងធ្វើតេស្ត នៅខេត្តសៀមរាប និងនៅភ្នំពេញ ២កន្លែង ហើយនិងកំពុងដំឡើងនៅខេត្តព្រះសីហនុ ១កន្លែង និងខេត្តបាត់ដំបង ១កន្លែង…»។
សម្តេចហ៊ុន សែន បន្តថា «… នេះគឺជាវិធានការដែលត្រូវប្រកាន់យកជាបន្ទាន់សម្រាប់ឆ្លើយតបករណីបាត់ដាន ។ នេះខ្ញុំហៅថា ករណីបាត់ដាន ឥឡូវយើងអត់ដឹងថា ក្រុមគ្រួសាររបស់ឯកឧត្តមឆែម សាវុធ ឆ្លងពីអ្នកណាទេ រកអត់ទាន់ឃើញក្បាលកន្ទុយនៅកន្លែងហ្នឹង នោះហើយជាចំណុចដែលលំបាក ដែលយើងចាត់ទុកថា វាជាមហន្តរាយមួយសម្រាប់ប្រទេសរបស់យើង បើយើងទប់ស្កាត់មិនទាន់ពេលវេលា ។
ឥឡូវនេះយើងអាចនិយាយបានថា យើងគ្រប់គ្រងបានឬមិនបាន ស្ថិតនៅក្នុងរយៈពេល ១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើង ទាំងរដ្ឋ និងប្រជាជន ។ អ៊ីចឹងខ្ញុំសុំអំពាវនាវ ១៥ថ្ងៃខាងមុខនេះ ពីនេះទៅ រយៈពេល ១៥ថ្ងៃ យ៉ាងតិច ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ឆ្លងរួចឬមិនរួច គឺនៅពេលហ្នឹងឯង ។
បើប្រឹងតែរដ្ឋ ប្រជាពលរដ្ឋមិនប្រឹងទេ មិនចូលរួមទេ មិនជោគជ័យទេ ប៉ុន្តែខ្ញុំមានជំនឿ ដោយសារពីម្សិលមិញនេះ អ្នកដែលធ្លាប់ចូលផ្សារអ៊ីអន មកតម្រង់ជួរតែម្ដង គេមកតម្រង់ជួរ មកដោយស្ម័គ្រចិត្ត ។ ឥឡូវខ្ញុំអំពាវនាវបន្ថែមគ្រប់ខេត្ត ប្រហែលជាខេត្តខ្លះខ្វះការយកចិត្តទុកដាក់ ដូចជាខ្ញុំពិនិត្យនៅក្នុងខេត្តដែលធ្វើបានតិច ដោយសារមានខេត្តខ្លះគឺប្រហែលជាមកពីខេត្តមិនបានរៀបចំទីកន្លែងសម្រាប់ការធ្វើនេះ…»។
សម្តេចហ៊ុន សែន មានប្រសាសន៍បន្តទៀតថា “នេះវាធំធេងជាងសង្រ្គាមទល់ដែន ។ សង្រ្គាមទល់ដែន វាមានម៉ោង មានពេលរបស់វា ក៏ប៉ុន្តែសង្រ្គាមប្រឆាំងកូវីដ អត់មានពេលវេលា ។ ដូច្នេះហើយ ខ្ញុំត្រូវតែមានទំនាក់ទំនងជាប់ ហើយដោយសារខ្ញុំជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងកូវីដ និងដើរតួជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវធ្វើកិច្ចការងារនេះ ដោយមានសេនាធិការ ដោយមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាអ្នកនាំមុខ និងមានផ្នែកពាក់ព័ន្ធដទៃទៀត ។
ប៉ុន្តែការប្រកាសដោយបញ្ជានាយករដ្ឋមន្រ្តិ គឺការមានសិទ្ធិអារកាត់ ដូចជាថ្ងៃនេះ ត្រូវបញ្ចេញថវិកាទៅឲ្យតាមខេត្ត ហើយខេត្តត្រូវកំណត់ជារបបអ្នកក្រីក្រដែលធ្វើចត្តាឡីស័កតាមផ្ទះ ឬមកតាមកន្លែងដែលយើងចាត់ទុកជាអ្នកក្រីក្រ ត្រូវប្រគល់ឲ្យមួយគ្រួសារ ពីរម៉ឺនរៀល…”។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ ផ្លូវទាំង ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ នេះ ។
តាមរយៈគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ ។
ក្រោយពីបញ្ចប់ការសាងសង់ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តាមគម្រោង កម្មវិធីបើកការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង ១ពាន់នាក់ តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួម មកត្រឹម១០០នាក់តែប៉ុណ្ណោះ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បី របស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។
សម្តេចបន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ច ៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ ប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាប ។ សម្តេច បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលនៅឆ្នាំក្រោយនេះ នឹងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាប នឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញ បន្ទាប់ពីបញ្ហាកូវីដ ត្រូវបានបញ្ចប់ ។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ដែលជាការចាប់ផ្តើមដំបូងនៃការឆ្លងចូលសហគមន៍ នៃជំងឺកូវីដ-១៩ នេះ ក្រសួងអប់រំ បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្ន រយ:ពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយត្រូវបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយនេះ ក្រសួងអប់រំ ក៏បានប្រកាសបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ សមរាប់គ្រឹះស្ថានសិក្សាសាធារណះផងដែរ។ ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏បានប្រកាសផ្អាកដំណើរការរោងភាពយន្ត រោងសម្តែងសិល្បះ និងសារមន្ទីរ ជាបណ្តោះអាសន្ន រយ:ពេល ២សប្តាហ៍ផងដែរ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕