Friday, October 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកជ្រូក បុករថភ្លើង របួស៤ ងាប់២

ឡានដឹកជ្រូក បុករថភ្លើង របួស៤ ងាប់២

ខេត្តបាត់ដំបង ៖ រថយន្តដឹកជ្រូក ១គ្រឿង បើកបរក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងងុយដេក ងោក១ភាំង ទើបបំពានបារ៉ាស ធ្វើឱ្យជ្រុលទៅបុកថភ្លើង ១ខ្សែ ដែលកំពុងបើកឆ្លងកាត់ផ្លូវជាតិ ទាំងកំរោល បណ្តាលឱ្យអ្នក ជិះក្នុងរថយន្តដឹកជ្រូក ចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល  និងជ្រូក ២ក្បាើ ងាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកជ្រូក បុករថភ្លើងនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តធុនធំខាងលើ មានដឹកជ្រូកពេញ ហើយបានបើកទៅបុករថភ្លើង ទាំងកំរោល នៅពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវហាយវេ ខណៈដែលបារ៉ាស់រាំងផ្លូវរថភ្លើង ត្រូវបានឆ្មាំទាញបិទ។ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-3307 បើកបរដោយឈ្មោះសីហា ខេត្ត ភេទប្រុស អាយុ២៧ឆ្នាំ។

យោងតាមរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព ឃើញរថភ្លើងបានបើកជិតផុតទៅហើយ ស្រាប់តែរថយន្តដឹកជ្រូក បើកក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថភ្លើងទាំងកំរោល ពេញទំហឹងតែម្តង។ នៅកន្លែងកើតហេតុ ឃើញក្បាលរថយន្តក្រពឹតរួញ រីឯកាប៊ីនរថយន្ត ដាច់របើកធ្លាក់ចេញពីតួរថយន្ត ខ្ទាតទៅលើចិញ្ចើមថ្នល់ ខណៈមនុ ស្សចំនួន៤នាក់ រួមមានតៃកុង និងអ្នករួមដំណើរ បានរងរបួសធ្ងន់-ស្រាល។ ចំណែកជ្រុក២ក្បាលបានធ្លាក់ពីទ្រុងឡាន ងាប់ផងដែរ។

ក្រោយចុះពិនិត្យនិងធ្វើការវាស់វែងតាមជំនាញរួច មន្ត្រីនគរបាលចរាចរណ៍ បាននិយាយថា ឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថភ្លើងនេះ ជាកំហុសភាគីរថយន្ត ដែលបើកបរខ្វះការប្រុងប្រយ័ត្ន ទំនងអ្នកបើកបររថយន្តងងុយដេក។ មុនពេលរថភ្លើងមកដល់ ឆ្មាំរថភ្លើងបានទាញបារ៉ាស់បិទផ្លូវរួចទៅហើយ លុះរថភ្លើងមកដល់ ឆ្លងផ្លូវជិតផុតទូរថភ្លើងអស់ទៅហើយ ស្រាប់តែរថយន្តដឹកជ្រូកខាងលើ បានបើកមកបុកទាំង កំរោលតែម្តង។

រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ខណៈភាគីរថភ្លើង បានបន្តដំណើរទៅមុខ ដោយទុកតំណាងដោះស្រាយ៕

RELATED ARTICLES