Sunday, November 24, 2024
Homeនយោបាយភូតច្រើន ចាញ់អាត្មា... បក្សកាន់អំណាចថា សម រង្ស៊ី អស់ក្បាច់ភូតកុហក

ភូតច្រើន ចាញ់អាត្មា… បក្សកាន់អំណាចថា សម រង្ស៊ី អស់ក្បាច់ភូតកុហក

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) ដែលលើកបន្តុបខ្លួនឯង ប្លន់តំណែងពីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នោះ ពេលនេះអស់ក្បាច់ភូតកុហកហើយ សមដូចពាក្យថា “ភូតច្រើន ចាញ់អាត្មា”។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែធ្នួ ឆ្នាំ២០២០ ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៉ី) កំពុងធ្វើសកម្មភាពទាញអារម្មណ៍ទូទៅ  ដើម្បីឲ្យគេចាប់អារម្មណ៍ និងដើម្បីបានចូលកញ្ចប់នឹងគេ ខ្លាចនៅឯកោតែម្នាក់ឯង តែទោះជាខិតខំយ៉ាងណា ក៏ទណ្ឌិតរូបនេះ ឯកោរួចទៅហើយ ដោយសារអត់មានតួនាទីអ្វីនៅក្នុងក្រុមឧទ្ទាមឡើយ ។ ចំណែកតួនាទីជាប្រធានស្តីទីអតីតបក្សប្រឆាំងនោះ គឺជាតួនាទីប្លន់និងលើកបន្តុបដោយខ្លួនឯង ។

ទណ្ឌិតមេឧទ្ទាមនេះ លែងមានឥទ្ធិពលអីហើយ ដោយសារគេបាត់ជំនឿលើការភូតភរតត្រកូលផ្ទួនៗ ហើយមិនទទួលខុសត្រូវ បន្ទាប់ពីទណ្ឌិតមេឧទ្ទាម ប្រើភាសាបច្ចេកទេសខាងភូតកុហកជាបន្តបន្ទាប់ ឥឡូវអស់ក្បាច់លោតហើយ សមដូចពាក្យចាស់ថា «ភូតច្រើន ចាញ់អាត្មា”។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

លោកសុខ ឥសាន បានមានប្រសាសន៍  “អាហ្នឹងពាក្យចាស់ហ្នឹង យល់ទាំងអស់គ្នាហើយ មិនចាំបាច់ពន្យល់ទេ គឺថា អ្នកភូតច្រើន ចាញ់អាត្មាៗ ដោយសារគេឈប់ជឿ គេឈប់គាំទ្រ ហើយនិយាយតទៅទៀត ក៏គេឈប់ជឿដែរ ។ អាហ្នឹងមានតែរឿងប៉ុណ្ណឹងទេ អត់មានអត្ថបដិរូបអីទេ គឺថា ន័យត្រង់តែប៉ុណ្ណោះទេ អ្នកភូតច្រើន មិនដែលបានជោគជ័យ ហើយបើជោគជ័យ មានតែជោគជ័យក្នុងអារម្មណ៍ ដូចដែលទណ្ឌិតធ្លាប់ស្រែកកន្លងមកទេ ។ ដូច្នេះភូតច្រើនលើកហើយ ភូតថា មកថ្ងៃនេះ ភូតថា មកថ្ងៃនោះ អាហ្នឹងអាចថាវាជាល្បិចប្រមូលលុយទៀតហើយ ប្រហែលចាយលុយអស់ហើយដឹង បានជាលើកឡើងថា ថ្ងៃនេះមក ថ្ងៃនោះមក ដើម្បីគ្រាន់តែយកលេសដើម្បីប្រមូលលុយទៀត ។

និយាយរួម ការភូតហ្នឹង ភូតជាទូទៅ ភូតទៅសកម្មជនរបស់ពួកគេផង ភូតប្រជាពលរដ្ឋនៅក្នុងប្រទេសផង ភូតសកម្មជនដែលនៅសល់តិចតួចនៅក្នុងប្រទេសផង ដើម្បីឲ្យមានសង្ឃឹមថា គេនឹងមក ហើយគេនឹងទទួលជោគជ័យ ហើយមានអ្នកខ្លះទៀត ក៏ភូតរហូតទៅដល់រង់ចាំទទួលយកតួនាទីតំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីនឹងបានប្រាក់ខែរម្លឹកតទៅទៀត ។ អានេះជាបញ្ហាឆោតល្ងង់មួយ ដែលជឿលើបញ្ហាភូតកុហករបស់មេឧទ្ទាមក្រៅច្បាប់ហ្នឹងឯង ។

ប៉ុន្តែមកដល់ពេលនេះ ភូតអស់ក្បាច់ហើយ វាអស់ហើយ ព្រោះវាអត់ជឿ បើថាមានគេជឿ បានថាមិនទាន់អស់ក្បាច់ ឥឡូវភូតយ៉ាងម៉េចក៏ដោយ ក៏វាអស់ក្បាច់ដែរ ដោយសារថា វាអត់មានអ្នកណាជឿតាមទេ ។ អត់មានអ្នកជឿហ្នឹង គឺសំដៅទៅលើប្រជាជន កងទ័ព ដែលញុះញង់ឲ្យកងទ័ពបែរកាណុងមកប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រជាជនឲ្យងើបបះបោរ ហើយនិងកម្មករនិយោជិត ឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល វាអត់មាន យើងគិតមើលទៅ វាមានតែសកម្មជនកំប៉ិកកំប៉ុកតែប៉ុណ្ណោះ ដែលភ្លើតភ្លើននឹងតួនាទី បុណ្យស័ក្ដិ ដែលរង់ចាំក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីបានប្រាក់រម្លឹក ប្រាកខែប៉ុន្មានឆ្នាំមកហើយ និងប្រាក់ឧបត្ថម្ភប៉ុន្មានឆ្នាំមកហើយ គេក្រឡេកទៅឃើញប៉ុន្មានៗ អាហ្នឹងយើងគិតមើល ។

អ៊ីចឹងទេ ខ្ញុំថា គ្រាន់តែជាការធ្វើឲ្យសកម្មជនខ្លួនឯងនៅក្នុងស្រុកនេះ ជាប់ពិរុទ្ធភាពចំពោះមុខច្បាប់ តែប៉ុណ្ណោះ វាអត់មានចំណេញអីទេ ។ បានន័យថា ទៅអនាគត ទណ្ឌិតរូបនេះចាញ់ហ្នឹង ចាញ់គេអត់ជឿ ចាញ់ភូតគេលែងជឿ ចាញ់ហ្នឹង វាអត់បានជោគជ័យនៅក្នុងការងារដាក់ផែនការថា មកហ្នឹង ។ កុំនិយាយដល់ដឹកនាំប្រទេស គ្រាន់តែមកចូលស្រុកហ្នឹង មិនមកផង អ៊ីចឹងដឹកនាំប្រទេសពីក្រៅម៉េចកើត”។

លោកសុខ ឥសាន បន្តថា “ចំពោះថា ទណ្ឌិតរូបនេះ ប្លន់តំណែងលោកកឹម សុខា លើកបន្តុបខ្លួនឯងជាប្រធានស្ដីទី អាហ្នឹងជាការពិតហើយ ព្រោះយើងដឹងទាំងអស់គ្នាហើយថា ទណ្ឌិតហ្នឹងបានលាចេញពីសមាជិកបក្ស បានលាចេញពីប្រធានបក្ស រួចហើយ អ៊ីចឹងម្នាក់ហ្នឹងជាបុគ្គលធម្មតាទេ អ៊ីចឹងមានសិទ្ធិអីទៅដណ្ដើមតួនាទីជាប្រធានស្ដីទី? ឬជាប្រធានគណបក្សទៀត? វាអត់មានទេ ។

លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ

ទី១ បើនិយាយពីបក្ស វាអត់មានបក្សទេ ពីព្រោះបក្សហ្នឹងងាប់បាត់ហើយ ដោយសារការរំលាយចោលដោយតុលាការកំពូល ។ ទី២ ខ្លួនឯងដណ្ដើមតួនាទីខ្យល់ហ្នឹង ដណ្ដើមដោយខុសលក្ខខន្តិកៈរបស់បក្ស រំលោភទៅលើលក្ខន្តិកៈ ហើយបានសេចក្ដីថា រដ្ឋប្រហារលក្ខន្តិកៈបក្ស លើកបន្តុបខ្លួនឯង ដោយផ្ទុយអំពីគោលការណ៍ស្ដីពីគណបក្សនយោបាយ ក៏ដូចជាលក្ខន្តិកៈរបស់បក្ស ពីព្រោះអ្នកដែលធ្វើជាសមាជិកបក្សបាន អ្នកដែលមានសមាជិកភាពជាបក្ស អាហ្នឹងបានអាចប្រកួតប្រជែងយកតំណែងជាប្រធាន ជាអនុប្រធាន ឬមួយជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ក៏ប៉ុន្តែខ្លួនឯងលាចេញពីសមាជិកបក្ស លាចេញពីតួនាទីប្រធានហើយ អ៊ីចឹងងាកទៅយកវិញ អាហ្នឹងមិនមែនធ្វើតាមស្រេចចិត្តទេ អង្គការចាត់តាំងនីមួយៗ វាត្រូវមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង មានច្បាប់ទម្លាប់ត្រឹមត្រូវ អាហ្នឹងបានយើងថា វាស្របច្បាប់ ក៏ប៉ុន្តែខ្លួនឯងចង់ឡើងជាប្រធាន ខ្លួនឯងទៅប្រកាសខ្លួនឯងម៉េចកើត ។

អ៊ីចឹងពាក្យប្លន់តំណែង វាមិនធ្ងន់ទេ អាហ្នឹងនិយាយរួម វាពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ហើយគណបក្សហ្នឹង វាអត់មានបញ្ជាផ្ទៃក្នុងទៅទៀត ព្រោះបក្សហ្នឹង វារលាយរួចទៅហើយ ។ អ៊ីចឹងទេ វាអត់មានអីទាំងអស់ អ៊ីចឹងទេ តួនាទីជាប្រធានក៏ដោយ តួនាទីជាប្រធានស្ដីទី ក៏ដោយ វាគ្រាន់តែជាតូនាទីខ្យល់ ជាផ្សែង ។ ដូច្នេះអត់មានតួនាទី អត់មានអ្នកគាំទ្រ អត់មានអ្នកណាជឿ អាហ្នឹង ៣ចំណុចហ្នឹងហើយ ធ្វើឲ្យទណ្ឌិតឯកោ នៅតែម្នាក់ឯង អ៊ីចឹងមានទៅណាបាន ឥឡូវនេះ នៅតែដេកក្នុងបន្ទប់មួយ ខ្លាចកូវីដ ដេកនៅស្រុកបារាំង ។ អ៊ីចឹងទេ នេះវាអត់មានផលប្រយោជន៍អីដែលទទួលបានក្នុងការដាក់ផែនការមកចូលស្រុក ថ្ងៃ០៤ មករា ហ្នឹងទេ”៕ កុលបុត្រ

RELATED ARTICLES